កីឡាករបាញ់កាំភ្លើង Saurabh Chaudhary វ័យ 16ឆ្នាំរបស់ឥណ្ឌា បានបង្កើតកំណត់ត្រាថ្មីមួយក្នុងព្រឹត្តិការណ៍ Asian Games ខណៈដែលរូបគេបានឈ្នះពានរង្វាន់ធំជាលើកទី1 ក្នុងអាជីពរបស់គេ លើវិញ្ញាសាប្រកួតបាញ់កាំភ្លើងខ្លីខ្យល់ចម្ងាយ 10ម៉ែត្រ កាលពីថ្ងៃអង្គារ។
Chaudhary រកបានពិន្ទុសរុបចំនួន 240.7 ដើម្បីនាំមុខលើកីឡាករជប៉ុន Tomoyuki Matsuda ដែលរកបានពិន្ទុសរុប 239.7ពិន្ទុ និងមិត្តរួមជាតិឥណ្ឌារបស់គេគឺ Abhishek Verma ដែលរកបានពិន្ទុ 219.3ពិន្ទុ។ ក្នុងនាមជាកូនប្រុសរបស់កិសករម្នាក់ Chaudhary រកបានពិន្ទុ586 ដើម្បីឈរលេខ1ក្នុងការប្រកួតជម្រុះ និងបានរក្សាកម្រិតសមត្ថភាពដ៏ល្អរបស់គេក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Asian Games ជាលើកទី1 របស់គេ។ រូបគេបានឈ្នះមេដាយមាសលើវិញ្ញាសាបាញ់កាំភ្លើងជាលើកទី1 សម្រាប់ឥណ្ឌា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី នៅប្រទេសឥណ្ឌូនេស៊ីមួយនេះ ក្រោយពីកីឡាករ Deepak Kumar និងLakshayLakshay ត្រូវបញ្ចប់ដោយការឈ្នះមេដាយប្រាក់ក្នុងវិញ្ញាសាបាញ់កាំភ្លើងវែងចម្ងាយ10ម៉ែត្រ និងគោលដៅចម្រុះរៀងៗខ្លួន។
វាក៏ជាលើកទី1 ផងដែរ ដែលឥណ្ឌា បានឈ្នះមេដាយ2 ក្នុងវិញ្ញាសាបាញ់កាំភ្លើងតែមួយ ក្នុងព្រឹត្តិការណ៍របស់ Asian Games។ ស្របពេលជាមួយគ្នានេះ ម្ចាស់ជើងឯកអូឡាំពិក 4សម័យកាល Jin Jong-oh មិនអាចដណ្តើមបានមេដាយមាសឯកត្តជនក្នុងព្រឹត្តិការណ៍ Asian Games ឡើយ ក្រោយពីកីឡាករកូរ៉េខាងត្បូងរូបនេះ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ5៕
ប្រភពពី៖ Channel News Asia