រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនសាជីវកម្ម Marubeni មកពីប្រទេសជប៉ុន ដឹកនាំដោយលោក Kaoru Iwasa នាយកប្រតិបត្តិនៃក្រុមហ៊ុន Marubeni ប្រចាំតំបន់អាស៊ាន និងអាស៊ីបូព៌ា ថ្ងៃទី2 ខែសីហា ឆ្នាំ2018 ដោយកិច្ចពិភាក្សាបានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការវិនិយោគក្នុងវិស័យទឹកស្អាត និងពិភាក្សាពីការទិញភាគហ៊ុន នៃកម្មវិធីដៃគូរវាងរដ្ឋ និងឯកជន(PPP) ក្នុងវិស័យវិនិយោគទឹកស្អាតផងដែរ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៍ និងផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុនសាជីវកម្មដ៏ល្បីរបស់ជប៉ុនមានប្រវត្តិធ្វើអាជីវកម្មជាយូរលង់មកហើយ។ ចំពោះគោលបំណងនៃការសិក្សាលទ្ធភាពវិនិយោគលើវិស័យទឹកស្អាតតាមរយៈការទិញភាគហ៊ុន ឬកម្មវិធីដៃគូរវាងរដ្ឋ និងឯកជន ឯកឧត្តម បានលើកឡើងពីលទ្ធភាពតិចតួចដែលកើតមានឡើងនៅកម្ពុជា។ ប៉ុន្តែ បើតាមរូបភាព BOT ឬជាកម្ចីសម្បទាន ឬជាជំនួយឥតសំណង ឃើញថា ដៃគូជប៉ុនបានជួយ និងប្រតិបត្តិការច្រើននៅកម្ពុជា ហើយទទួលបានលទ្ធផលល្អប្រសើរ ជាមួយនឹងគុណភាពទឹកទទួលបានតាមកម្រិតស្តង់ដារទៀតផង។
លោក Kaoru Iwasa ជាប្រធានប្រតិភូបានជម្រាបពីមុខសញ្ញាអាជីវកម្មជាច្រើន ដូចជាវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ដឹកជញ្ជូន ធនធានរ៉ែ និងថាមពលជាដើម។ បច្ចុប្បន្នក្រុមហ៊ុនសាជីវកម្មនេះមានសាខាចំនួន131 និងការិយាល័យចំនួន 66ប្រទេសក្នុងតំបន់ មានបុគ្គលិកធ្វើការប្រមាណ 4ម៉ឺននាក់ ចំណូលប្រចាំឆ្នាំ2017 គឺប្រមាណ 1,921លានដុល្លារអាមេរិក។ ទាក់ទងនឹងវិស័យទឹកស្អាតក្រុមហ៊ុនមានជំនាញខ្ពស់ ហើយបានធ្វើប្រតិបត្តិការជាច្រើនប្រទេសលើពិភពលោក ហើយក៏មានបំណងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជាផងដែរ។
ឯកឧត្តម ចម ប្រសិទ្ធ បានបញ្ជាក់ថា សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី6 ខាងមុខនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្មនឹងឈានទៅមុខមួយជំហានទៀត គឺយើងមិនត្រឹមផ្តោតតែលើការផ្គត់ផ្គង់ទឹកស្អាតត្រឹមតំបន់ទីប្រជុំជនប៉ុណ្ណោះទេ តែយើងនឹងឈានបន្តិចម្តងៗទៅដល់តំបន់ទីប្រជុំជនតូចៗ និងជនបទ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាទឹកស្អាតចេញពីបំពង់។ ពីព្រោះបើប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់កាន់តែច្រើន យើងនឹងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ពួកគាត់បានមួយកម្រិតទៀត។ ដោយសារពួកគាត់មិនត្រូវចំណាយលើការព្យាបាលជំងឺផ្សេងៗ ដែលបណ្ដាលមកពីការប្រើប្រាស់ទឹកមិនស្អាត។ ដូច្នេះក្រសួងឧស្សាហកម្ម និងសិប្បកម្ម ស្វាគមន៍ជានិច្ចរាល់ការវិនិយោគផ្នែកវិស័យទឹកស្អាតពីដៃគូជប៉ុន៕