បច្ចុប្បន្នគេសង្កេតឃើញថា សំណង់លំនៅឋាន និងអគារខ្ពស់ៗបានកើនឡើងយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលធ្វើឱ្យតម្លៃដីធ្លីមានការកើនឡើងខ្ពស់កប់ពពកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន Key Real Estate បានបង្ហាញថា នៅឆមាសទី1 ឆ្នាំ2018នេះ ដីធ្លីនៅក្នុងខណ្ឌចំនួន3 ដែលមានតម្លៃដីខ្ពស់ជាងគេក្នុងរាជធានីភ្នំពេញមានដូចជា1.ខណ្ឌដូនពេញ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដែលដីមានតម្លៃថ្លៃបំផុត ដោយដីលំនៅឋានត្រូវបានលក់ក្នុងតម្លៃ 3,500ដុល្លារក្នុងម៉ែត្រការ៉េ និងដីសម្រាប់ធ្វើពាណិជ្ជកម្មមានតម្លៃជាមធ្យមគឺ 6,100ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ក្នុងនោះសង្កាត់ផ្សារថ្មី1 ផ្សារថ្មី2 និងផ្សារថ្មី3 ក្នុងខណ្ឌដូនពេញដែលជាដីពាណិជ្ជកម្មមានតម្លៃថ្លៃបំផុតដែលអាចលក់បានដល់ទៅ 9,000ដុល្លារក្នុងមួយម៉ែត្រការ៉េ រីឯដីលំនៅឋានក្នុងសង្កាត់ផ្សារចាស់វិញមានតម្លៃ 4,000ដុល្លារក្នុងម៉ែត្រការ៉េ។
លោក សន សៀប ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Key Real Estate បានពន្យល់ថា ហេតុផលសំខាន់បំផុតដែលនាំឱ្យដីក្នុងខណ្ឌនេះមានតម្លៃថ្លៃជាងគេនោះ គឺទីផ្សារអចលនទ្រព្យដែលមានភាពចាស់ទុំ វាជាតំបន់អភិវឌ្ឍន៍ដែលចាស់ជាងគេ ហើយមានទីផ្សារធំៗ និងគោលដៅទេសចរណ៍ដ៏ពេញនិយម ដូចជាព្រះបរមរាជវាំង និងតំបន់មាត់ទន្លេផងដែរនៅក្នុងតំបន់នោះ។
បន្ទាប់ពីខណ្ឌដូនពេញ គឺខណ្ឌ7មករា ជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយទៀតដែលដីមានតម្លៃថ្លៃបំផុតលំដាប់លេខ2 នៅរាជធានីភ្នំពេញ គឺដីសម្រាប់សង់លំនៅឋានក្នុងតំបន់នេះត្រូវបានលក់ក្នុងតម្លៃ 3,300ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈពេលដែលដីពាណិជ្ជកម្មមានតម្លៃ 5,400ដុល្លារក្នុងម៉ែត្រការ៉េ។ តំបន់ដែលដីមានតម្លៃថ្លៃជាងគេនៅក្នុងខណ្ឌមួយនេះ មានដូចជាសង្កាត់អូរឫស្សី1,2,3 និង4 គឺជាដីពាណិជ្ជកម្មដែលមានតម្លៃ 6,000ដុល្លារក្នុង 1ម៉ែត្រការ៉េ និងសង្កាត់បឹងព្រលិត ដីមានតម្លៃប្រមាណជា4,000ដុល្លារក្នុងមួយម៉ែត្រការ៉េ។
បន្ទាប់ពីខណ្ឌទាំង2 ខាងលើ ខណ្ឌចំការមនជាប់ចំណាត់ថ្នាក់លេខ3 ជាខណ្ឌដែលដីមានតម្លៃថ្លៃមធ្យមគឺ 3,000ដុល្លារក្នុង1ម៉ែត្រការ៉េសម្រាប់ដីលំនៅឋាន និងដីពាណិជ្ជកម្មមានតម្លៃ 5,100ដុល្លារក្នុង1ម៉ែត្រការ៉េ។
លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវអចលនទ្រព្យនៃក្រុមហ៊ុន VTrust Appraisal មានប្រសាសន៍ថា ចំណែកឯដីដែលនៅមានតម្លៃទាបនៅឡើយ គឺជាដីដែលនៅជាយៗក្រុង មានដូចជាដីនៅខណ្ឌព្រែកព្នៅខណ្ឌសែនសុខ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ ជាទីតាំងជាយក្រុងព័ទ្ធជុំវិញរាជធានីភ្នំពេញដែលកន្លែងខ្លះដីមានតម្លៃក្រោម 100ដុល្លារ និងខ្លះទៀតត្រឹមតែ 20-30ដុល្លារក្នុងម៉ែត្រការ៉េក៏មាន។ លោកថា ដីដែលមានតម្លៃចន្លោះពី 20-30ដុល្លារក្នុងមួយម៉ែត្រការ៉េនេះ ជាប្រភេទដីស្រែប្រាំងដែលនៅមិនទាន់មានសំណង់ផ្ទះល្វែងទៅដល់ ពោលគឺជាដីដែលមានពលរដ្ឋជាម្ចាស់ស្រុករស់នៅតកូនតចៅបន្តគ្នារហូតមកទល់បច្ចុប្បន្ន។
យ៉ាងណាក៏ដោយ ដីនៅតំបន់ជាយក្រុងតាមបណ្តោយក្រវាត់ក្រុងទី3 ចាប់ពីស្ពានព្រែកព្នៅឆ្លងកាត់តាមភ្នំប្រសិទ្ធិ៍ កាត់លើផ្លូវលេខ51ឆ្ពោះមកខេត្តកណ្តាល ហើយបញ្ចប់នៅត្រឹមកំពង់ផែស្រុកកៀនស្វាយជិតផ្លូវជាតិលេខ1 កំពុងមានសម្ទុះកើនឡើងខ្លាំង ដោយសារគម្រោងវិនិយោគសំណង់ផ្សេងៗបានទៅបោះទីតាំងនៅទីនោះ ដែលធ្វើឱ្យតម្លៃដីបាន និងកំពុងឡើងថ្លៃខ្លាំងដែរ ចន្លោះពី 100ដុល្លារទៅដល់ 200ដុល្លារ ហើយសម្រាប់ដីជាយក្រុងដែលមានសក្តានុពលខ្លាំងផ្នែកពាណិជ្ជកម្ម អាចឡើងថ្លៃជិតដល់ 300ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោក ហ៊ឹម សីហា បានបញ្ជាក់ថា ដោយសារនិន្នាការតម្លៃដីចេះតែកើនឡើងដូច្នេះ បានធ្វើឱ្យទីប្រជុំជននៅតំបន់ជាយក្រុងមួយចំនួន ដូចជាតំបន់ជ្រោយចង្វារដែលស្ថិតលើផ្លូវជាតិលេខ6A ដីក្នុងក្រុងតាខ្មៅលើចំណុចតភ្ជាប់ពីភ្នំពេញទៅខេត្តកណ្តាល និងដីក្នុងតំបន់មួយចំនួនទៀតនឹងក្លាយជាអនុតំបន់ក្រុងភ្នំពេញដែលមានមនុស្សរស់នៅច្រើនហើយនោះតម្លៃដីក៏កំពុងកើនឡើងខ្លាំង មិនចាញ់ដីក្នុងទីក្រុងភ្នំពេញប៉ុន្មានឡើយ។
គួរបញ្ជាក់ថា តម្លៃដីធ្លីដែលអាចឡើងខ្ពស់ ឫចុះទាបនោះ គឺអាស្រ័យលើទីតាំង និងចម្ងាយផ្លូវពីរមណីយដ្ឋានវត្តភ្នំដែលជាចំណុចកណ្ដាលនៃរាជធានីភ្នំពេញ។ ឧទាហរណ៍តាមបណ្តោយផ្លូវធំដីទំនេរចម្ងាយប្រមាណ5គីឡូម៉ែត្រពីវត្តភ្នំ អាចមានតម្លៃ 4500ដុល្លារក្នុង1ម៉ែត្រការ៉េ ហើយប្រសិនបើចម្ងាយប្រហែល25គីឡូម៉ែត្រពីចំណុចកណ្តាលរាជធានីភ្នំពេញ តម្លៃដីអាចត្រឹមតែ 10 ទៅ50ដុល្លារប៉ុណ្ណោះក្នុង 1ម៉ែត្រការ៉េ៕