កីឡាករបាល់បោះ 4រូបរបស់ជប៉ុន កាលពីថ្ងៃចន្ទ បានចេញមុខសុំអភ័យទោសចំពោះការធ្វើឱ្យប្រទេសរបស់ខ្លួនទទួលរងនូវ «ភាពអាម៉ាស» ក្រោយពីពួកគេត្រូវបានបណ្តេញចេញពីព្រឹត្តិការណ៍កីឡាអាស៊ី ឬ Asian Games សម្រាប់ការទិញស្ត្រីពេស្យាដើម្បីរួមភេទ។
គណៈកម្មាធិការអូឡាំពិករបស់ជប៉ុន (JOC) ត្រូវបានធ្វើឱ្យធ្លាក់ចូលក្នុងរឿងអាស្រូវ ក្រោយពីកីឡាករទាំង 4រូបនោះ ត្រូវបានគេឃើញស្ថិតក្នុងតំបន់ភ្លើងពណ៌ក្រហមក្នុងរដ្ឋធានីហ្សាការតា របស់ប្រទេសឥណ្ឌូនេស៊ី ទាំងស្ថិតក្នុងសម្លៀកបំពាក់របស់ក្រុមជម្រើសជាតិកាលពីសប្តាហ៍មុន។
ការបណ្តេញកីឡាករ Yuya Nagayoshi, Takuya Hashimoto, Takuma Sato និង Keita Imamura នឹងក្លាយជារឿងដ៏អាម៉ាសមុខសម្រាប់ជប៉ុន ដែលនឹងធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍អូឡាំពិករយៈពេល 2ឆ្នាំទៀត។ ក្រោយពីកីឡាករទាំង 4រូប បានវិលទៅកាន់ទីក្រុងតូក្យូវិញ កាលពីថ្ងៃចន្ទ Sato បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ខ្ញុំពិតជាត្រូវសុំការអភ័យទោសសម្រាប់ទង្វើមិនយកចិត្តទុកដាក់របស់យើង ដែលបានផ្តល់ភាពអាម៉ាសមិនត្រឹមតែដល់អ្នកគាំទ្រកីឡាបាល់បោះប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់រាល់ប្រជាជនជប៉ុនផងដែរ»។
ឯ Nagayoshi ដែលស្ថិតក្នុងសម្លៀកបំពាក់អាវធំពណ៌ខ្មៅ និងក្រវាត់ក បានបញ្ជាក់ថា រូបគេ «មិនអាចគិតពីការលេង» កីឡាបាល់បោះម្តងទៀតឡើយ។
លោក Yuko Mitsuya ប្រធានសហព័ន្ធកីឡាបាល់បោះរបស់ជប៉ុន បានបញ្ជាក់ថា ខ្លួននឹងរង់ចាំរបាយការណ៍ពីគណៈកម្មាធិការមេធាវីពិសេសជាមុនសិន មុននឹងដាក់ទណ្ឌកម្មដល់កីឡាករទាំង 4រូបជាផ្លូវការ៕
ប្រភពពី៖ Channel News Asia