លោក Jonathan Rosenberg ជាទីប្រឹក្សាសាជីវកម្ម Alphabet ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Google បានលើកឡើងថា «statistic is the sword of the 21th century, those who wield it well the Samurai» មានន័យថា ស្ថិតិប្រៀបដូចជាដាវក្នុងសតវត្សរ៍ទី21នេះ ប្រសិនបើប្រើប្រាស់បានល្អ វានឹងក្លាយជាអាវុធដ៏មុតស្រួចបំផុតដូចដាវសាមូរ៉ៃ។
ការលើកឡើងដូច្នេះ ខណៈដែលលោកអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពីសារៈសំខាន់នៃការចងក្រងស្ថិតិដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជាកាលពីសប្តាហ៍មុន។ ក្នុងសិក្ខាសាលានោះ លោកបានលើកឡើងថា ស្ថិតិមិនត្រឹមតែជាតួលេខធម្មតាប៉ុណ្ណោះទេ តែវាថែមទាំងបានដើរតួនាទីដ៏មិនអាចខ្វះបាន និងជាគ្រឿងផ្សំចាំបាច់ក្នុងការរៀបចំ ការត្រួតពិនិត្យ និងការវាយតម្លៃប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់លើផែនការយុទ្ធសាស្រ្ត និងគោលនយោបាយអភិវឌ្ឍន៍ប្រទេសក្នុងគោលដៅចុងក្រោយ ដើម្បីលើកកម្ពស់ជីវភាពប្រជាជនផង ប្រើសម្រាប់រៀបចំផែនការអភិវឌ្ឍន៍ជាតិផង និងការរៀបចំផែនការថវិកាជាតិ និងការតាមដាននិងវាយតម្លៃលើដំណើរការសេដ្ឋកិច្ចរបស់កម្ពុជា។
ជាមួយគ្នានេះ ស្ថិតក្នុងបរិបទនៃសកលភាវូបនីយកម្មដែលសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្នកាន់តែមានភាពប្រទាក់ក្រឡា និងសមាហរណកម្មស៊ីជម្រៅទៅក្នុងតំបន់ និងពិភពលោក តម្រូវការស្ថិតិក៏មានភាពចាំបាច់ដែរសម្រាប់ការវិភាគ និងការប្រៀបធៀបលទ្ធភាពប្រកួតប្រជែងសេដ្ឋកិច្ចអន្តរជាតិ ការចរចាពាណិជ្ជកម្មអន្តរជាតិផ្នែកទំនិញ និងសេវាកម្ម និងសមាហរណកម្មប្រព័ន្ធស្ថិតិក្នុងតំបន់។ ជាក់ស្តែងសមាគមសេដ្ឋកិច្ចអាស៊ានដែលបានបង្កើតឡើងកាលពីឆ្នាំ2015 មានគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នយោបាយ សង្គម និងវប្បធម៌ក្នុងតំបន់ និងប្រែក្លាយតំបន់អាស៊ានជាមូលដ្ឋានផលិតកម្ម និងជាទីផ្សាររួមសម្រាប់ការប្រកួតប្រជែងក្នុងពិភពលោកជាមួយនឹងលំហូរដោយសេរីនូវទំនិញ សេវាកម្ម ពលកម្ម និងការវិនិយោគក្នុងចំណោមប្រទេសទាំង10។
លោកថា ផ្នែកសំខាន់ក្នុងផែនការនេះនឹងដំណើរការដើម្បីសម្រេចឱ្យបាននូវគោលដៅសមាហរណកម្មសេដ្ឋកិច្ចអាស៊ានឆ្នាំ2025 គឺការធ្វើសមាហរណកម្មប្រព័ន្ធស្ថិតិដែលតម្រូវឱ្យប្រទេសជាសមាជិក ត្រូវធ្វើបច្ចុប្បន្នកម្មវិធីសាស្រ្តចងក្រងស្ថិតិ និងមានភាពលម្អិត ដើម្បីងាយស្រួលក្នុងការធ្វើគោលនយោបាយរួម និងស្វែងយល់ពីតម្រូវការរបស់ប្រទេសនីមួយៗ៕