ក្នុងយុគសម័យទីផ្សារសេរី ការប្រកួតប្រជែងនៃអាជីវកម្មទាំងឡាយត្រូវបានគេឃើញថា មានលក្ខណៈស្វិតស្វាញ ពុះកញ្ជ្រោល ក្ដៅគគុក និងចេញដំណើរដោយភាពស្វាហាប់ តែមួយរយៈក្រោយមកលទ្ធផលបែរជាបង្ហាញឱ្យឃើញថា អាជីវកម្មមួយចំនួនបង្កើតឡើងមិនទាន់បានប៉ុន្មានផងក៏ត្រូវដួលរលំទៅវិញ តែមួយចំនួនទៀតបានចាក់គ្រឹះយ៉ាងមាំ និងបង្កើតបានសាខាជាច្រើនថែមទៀត នេះដោយ-សារតែម្ចាស់អាជីវកម្មមានចក្ខុវិស័យច្បាស់លាស់ និងគិតបានយ៉ាងត្រឹមត្រូវមុនពេលបង្កើត។
អគ្គនាយិកាក្រុមហ៊ុន T Shop កញ្ញា អ៊ុយ អ៊ែលណា បានមានប្រសាសន៍ថា កាលដើមឡើយក្រុមហ៊ុន T Shop គឺជាហាងបោះពុម្ពស្លាកយីហោលើអាវយឺត និងបោះពុម្ពលើសម្បកវេចខ្ចប់ជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ប៉ុន្តែស្របពេលដែលបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង តម្រូវការនៃការប្រើប្រាស់ទូរស័ព្ទដៃទំនើបៗក៏កាន់តែមានការពេញនិយមនោះ ហាង T Shop ក៏បានអភិវឌ្ឍខ្លួនដោយបែរមកដាក់លក់សាកល្បងនូវគ្រឿងបន្លាស់ គ្រឿងតុបតែង និងផ្តល់សេវាជួសជុលទូរស័ព្ទខ្នាតតូចនៅនឹងផ្ទះផ្ទាល់ខ្លួន និងក្រោយមកដោយសារមានការគាំទ្រខ្លាំងពីអតិថិជនរហូតមកដល់ឆ្នាំ2016 កញ្ញា អ៊ែលណា ក៏បានសម្រេចបើកក្រុមហ៊ុនស្តង់ដារមួយនៅម្ដុំវិទ្យាល័យស៊ីសុវត្ថិ ក្រុងភ្នំពេញ ដោយបាននាំចូលគ្រឿងបន្លាស់ និងសម្ភារតុបតែងលម្អទូរស័ព្ទដ៏សម្បូរបែបពីក្រៅប្រទេសដែលមានដូចជាថៃ ចិនហុងកុង សិង្ហបុរី និងសហរដ្ឋអាមេរិកជាដើម ហើយសម្ភារដែលនាំចូលទាំងនោះ សុទ្ធតែមានគុណភាព និងមានការធានាចំពោះអតិថិជនទៀតផង។
ក្រោយពីបើកហាងទីមួយទទួលបានការគាំទ្រច្រើន កញ្ញា អ៊ែលណា ក៏បានសម្រេចបើកសាខាថែមទៀតនៅលើផ្លូវម៉ៅសេទុង សាខាវិមានឯករាជ្យ សាខាផ្សារ TK Avenueទួលគោក សាខាផ្សារ Eden Garden បឹងកក់ សាខាសន្ធរមុខ សាខាផ្សារដេប៉ូ សាខាសែនសុខ Aeon Mall 2 សាខាច្បារអំពៅ សាខា inbiznest shop សាខាខេត្តបាត់ដំបង សាខាក្រុងកំពង់ចាម និងសាខាក្រុងសួង ខេត្តត្បូងឃ្មុំ ជាដើម ដែលសម្ភារទាំងនោះសុទ្ធតែជាសម្ភារប្រើប្រាស់សម្រាប់ទូរស័ព្ទដៃទាំងអស់ដូចជា ខ្សែសាក memory screen សម្បកទូរស័ព្ទ និងជាពិសេសនោះក្រុមហ៊ុនបាននាំចូលដុំសាកថ្ម(Power Bank)ផ្តាច់មុខលើម៉ាកសញ្ញាទៀតផង ហើយនៅខែកញ្ញាខាងមុខឆាប់ៗនេះ ក្រុមហ៊ុននឹងបើកសាខាខេត្តសៀមរាបមួយទៀត ដើម្បីជួយបំពេញតម្រូវការអតិថិជនក្នុងការជ្រើសរើសទិញសម្ភារដែលមានគុណភាពល្អប្រើប្រាស់បានយូរកាន់តែមានភាពងាយស្រួលឡើង។
កញ្ញា អ៊ែលណា បានអះអាងថែមទៀតថា អ្វីដែលធ្វើឱ្យក្រុមហ៊ុនអាចពង្រីក(Franchise) បានច្រើន និងឆាប់រហ័សដូច្នេះ គឺដោយសារបច្ចេកវិទ្យាមានការរីកម្រើនលឿននៅលើពិភពលោក ធ្វើឱ្យការផលិតសម្ភារអេឡិចត្រូនិកកាន់តែទំនើប និងសម្បូរបែបឡើងដើម្បីបំពេញតម្រូវការប្រើប្រាស់ ជាពិសេសគឺទូរសព្ទដៃទំនើបៗនេះតែម្តង ហើយដោយសារតែមើលឃើញពីតម្រូវការប្រើប្រាស់ដូច្នេះ ទើបក្រុមហ៊ុនសម្រេចនាំចូលសម្ភារដែលមានគុណភាពល្អមកផ្គត់ផ្គង់នៅលើទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន។
តាមពិតទៅហាងលក់សម្ភារតុបតែងលម្អ គ្រឿងបន្លាស់ និងសេវាជួលជុលទូរស័ព្ទបានរីកដុះដាលយ៉ាងខ្លាំងនៅលើទីផ្សារកម្ពុជា មិនថាតែនៅរាជធានីភ្នំពេញ ឬនៅតាមទីប្រជុំជនក្នុងបណ្តាខេត្តផ្សេងៗឡើយ ប៉ុន្តែហាងភាគច្រើន លក់សម្ភារប្រើប្រាស់មិនមានគុណភាព និងមិនមានការធានាលើការប្រើប្រាស់បានយូរទេ ទើបធ្វើឱ្យអតិថិជនមានការខកចិត្ត និងងាកមករកសម្ភារណាដែលមានគុណភាពល្អ និងមានការធានាគុណភាពត្រឹមត្រូវវិញ ទើបធ្វើឱ្យហាង T Shop មានអតិថិជនគាំទ្រច្រើនឡើង។ ការប្រើសម្ភារមិនល្អ មិនមានគុណភាព មិនមែនជាការសន្សំសំចៃនោះទេ ទោះបីវាមានតម្លៃទាបក៏ដោយ ប៉ុន្តែបើយើងប្រើសម្ភារល្អ មានគុណភាព ទើបជាការ-សន្សំសំចៃពិតប្រាកដ ទោះជាយើងចំណាយប្រាក់ច្រើនបន្តិចមែន តែយើងចំណាយប្រាក់តែម្តង ហើយអាចប្រើប្រាស់វត្ថុ ឬសម្ភារមួយនោះបានយូរ ជាជាងទិញរបស់មិនល្អឆាប់ខូចចំណាយប្រាក់ទិញច្រើនលើកច្រើនសា។
ជាការពិតណាស់ ការកែប្រែក្រុមហ៊ុនពីលក្ខណៈគ្រួសារមកជាក្រុមហ៊ុនស្តង់ដារពិតជាមានការលំបាកខ្លាំងណាស់ ពិសេសជួបការលំបាកទៅលើការគ្រប់គ្រងផ្នែករដ្ឋបាល និងផ្លាស់ប្តូរទម្លាប់ធ្វើការរបស់បុគ្គលិកជាដើម ប៉ុន្តែដោយសារតែក្រុមហ៊ុនមានការយកចិត្តទុក ដាក់ពន្យល់ឱ្យពួកគាត់បានយល់អំពីអត្ថប្រយោជន៍នៃក្រុមហ៊ុនស្តង់ដារ រួមទាំងគោលនយោបាយលើកទឹកចិត្តបុគ្គលិក ដូចជាការបញ្ជូនបុគ្គលិកឱ្យទៅរៀនជំនាញបន្ថែម ឱ្យបានកាន់តែច្រើន និងបន្ថែមអត្ថប្រយោជន៍ផ្សេងៗ មានប្រាក់លើកទឹកចិត្តដល់បុគ្គលិកឆ្នើម ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ និងការនាំបុគ្គលិកដើរកម្សាន្តផ្សេងៗបង្កើតជាសាមគ្គីភាពបន្ថែមទៀត ទើបពួកគាត់មានការពេញចិត្តខិតខំជួយអភិវឌ្ឍក្រុមហ៊ុនឱ្យឆ្លងផុតពីលក្ខណៈក្រុមហ៊ុនលក្ខណៈគ្រួសារ មកជាក្រុមហ៊ុនស្តង់ដារដូច្នេះ។
សម្រាប់អ្នកមានប្រាក់ វាមិនមែនជាការលំបាកឡើយប្រសិនបើចង់បង្កើតក្រុមហ៊ុនមានលក្ខណៈស្តង់ដារ ព្រោះមានអតិថិជនស្គាល់ស្រាប់ គ្រាន់តែចំណាយប្រាក់ទិញឈ្មោះឬ (Franchise)ពីក្រៅប្រទេសមកបើកបន្តនៅក្នុងប្រទេសកម្ពុជាជាការស្រេច ប៉ុន្តែសម្រាប់ក្រុមហ៊ុនដែលបង្កើត Franchise លក់ក្នុងស្រុកវិញ ទម្រាំឈរជើងលើទីផ្សារបាន គឺត្រូវឆ្លងកាត់ឧបសគ្គផ្សេងៗជាច្រើន ពោលគឺក្រុមហ៊ុនលក្ខណៈគ្រួសារ ធ្វើអ្វីទៅតាមការនឹកឃើញ មិនមានប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ ដែលធ្វើឱ្យក្រុមហ៊ុនមិនសូវមានការរីកលូតលាស់ និងមានការអភិវឌ្ឍយឺត ហើយប្រឈមនឹងការប្រកួតប្រជែងពីក្រុមហ៊ុនស្តង់ដារផ្សេងៗទៀត តែទោះជាយ៉ាងណា កញ្ញា អ៊ែលណា ធ្លាប់បានឆ្លងកាត់ការសិក្សា និងបទពិសោធការងារនៅក្រុមហ៊ុនស្តង់ដារអន្តរជាតិជាច្រើន ដែលធ្វើឱ្យកញ្ញាមានសមត្ថភាពក្នុងការគ្រប់គ្រង និងដឹកនាំក្រុមហ៊ុនរបស់ខ្លួនឱ្យទទួលបានជោគជ័យ។
កញ្ញា អ៊ែលណា កើតនៅអំឡុងឆ្នាំ1988 ក្នុងគ្រួសារដែលមានជីវភាពធូរធារមួយនៅសង្កាត់ទួលទំពូង ក្រុងភ្នំពេញ។ ក្រោយពីគ្រប់អាយុចូលរៀន ឪពុកម្តាយក៏បានបញ្ជូនកុមារី អ៊ែលណា ឱ្យចូលរៀននៅសាលាបឋមសិក្សាទួលទំពូងតាំងពីថ្នាក់ទី1 និងវិទ្យាល័យទួលទំពូងដល់ថ្នាក់ទី12 និងបានប្រឡងជាប់បាក់ឌុបទទួលបាននិទ្ទេសល្អបង្គួរនៅឆ្នាំ2006 រួចក៏បន្តចូលរៀននៅមហាវិទ្យាល័យ ជំនាញ Finance and Banking (ធនាគារ និងហិរញ្ញវត្ថុ) នៅសាកលវិទ្យាល័យន័រតុន។
រៀនមិនទាន់ចប់មហាវិទ្យាល័យផង កញ្ញា អ៊ែលណា បានចូលធ្វើការជាអ្នកប្រឹក្សាផ្នែកលក់ នៅក្រុមហ៊ុន RMA ក្នុងឆ្នាំ2008 រួចផ្លាស់មកធ្វើការជានាយកប្រតិបត្តិផ្នែកលក់នៅធនាគារABA រហូតដល់ឆ្នាំ2012។ ក្រោយមកទៀត ក៏បានផ្លាស់ប្តូរការងារមកធ្វើជាមន្ត្រីឥណទាន នៅធនាគារ FTB ចាប់ពីឆ្នាំ2012 ដល់ឆ្នាំ2014។ ដោយយល់ឃើញថា ខ្លួនមានចំណេះជំនាញ និងបទពិសោធល្មមសមគួរអាចរកស៊ីបានហើយ ក៏បានបើកលក់សាកល្បងគ្រឿងបន្លាស់ និងសម្ភារតុបតែងលម្អទូរស័ព្ទនេះនៅនឹងផ្ទះខ្លួនឯងដើម្បីស្ទង់មើលទីផ្សារ ក៍៏ដូចជាការគាំទ្រពីអតិថិជនដែរ។ នៅពេលដែលមានតម្រូវការទីផ្សារ និងអតិថិជនកាន់តែច្រើនឡើងនោះ ទើបកញ្ញាចាប់ផ្តើមបើកក្រុមហ៊ុនស្តង់ដារដំបូងជាផ្លូវការឡើងនៅអំឡុងឆ្នាំ2016តែម្តង ហើយបានបន្តពង្រីកសាខាជាលក្ខណៈលក់ Franchise បានច្រើនទៀតផងត្រឹមតែរយៈពេលតែ 2ឆ្នាំប៉ុណ្ណោះ។
កញ្ញាបានបន្តថា ទោះបីពង្រីកបានសាខាច្រើនដូច្នេះក៏ដោយ តែកញ្ញាក៏នៅមានមហិច្ឆតាពង្រីកសាខាឱ្យបានកាន់តែច្រើនបន្ថែមទៀត ដូចជានៅក្រុងតាខ្មៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឬក្រុងបានលុងខេត្តរតនៈគិរីជាដើម ដោយសារសេដ្ឋកិច្ចប្រជាពលរដ្ឋនៅទីនោះកាន់តែមានភាពរីកចម្រើនឡើង ហើយការប្រើសម្ភារ ពិសេសទូរស័ព្ទដៃក៏កាន់តែទំនើបឡើងៗដែរពីមួយឆ្នាំទៅមួយឆ្នាំ៕