ក្រោមកម្តៅថ្ងៃម៉ោងជិត 12ថ្ងៃត្រង់ សិស្សជាច្រើនបានចេញមកពីប្រឡងក្នុងស្ថានភាពផ្សេងៗគ្នា។ អ្នកខ្លះទទួលបានការទទួលរាក់ទាក់ពីអាណាព្យាបាល បងប្អូន និងមិត្តភក្តិ ខណៈអ្នកខ្លះទៀតត្រូវស្វែងរកអាហារថ្ងៃត្រង់តែម្នាក់ឯង ដើម្បីយកកម្លាំងបន្តដំណើរប្រឡងរយៈពេល2ថ្ងៃនេះឱ្យទទួលបានជោគជ័យ។
ស្ថិតក្នុងស្តង់ដារអាហារថ្ងៃត្រង់ខុសគ្នា ថ្ងៃនេះអ្នកយកព័ត៌មាននៃកាសែតឡារ៉ែនពាណិជ្ជ បានផ្តិតយករូបថតមួយចំនួននៃការទទួលទានអាហារថ្ងៃត្រង់របស់សិស្សដែលជាបេក្ខជននៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលក្នុងនោះមានអ្នកខ្លះបានទៅភោជនីយដ្ឋានល្អៗ អ្នកខ្លះទៅហាងបាយជិតសាលា ខ្លះទៀតទទួលទានអាហារកណ្តាលវាលជាមួយក្រុមគ្រួសារ ខ្លះទទួលទានអាហារជាមួយមិត្តភក្តិ ខណៈខ្លះទៀតអង្គុយញ៉ាំងមីកំប៉ុងលើម៉ូតូតែម្នាក់ឯងកណ្តាលថ្ងៃត្រង់។
ការប្រឡងបាក់ឌុប ជាដំណាក់កាលសំខាន់មួយក្នុងដំណើរជីវិត ដែលបើកទ្វាសម្រាប់អនាគតខ្លួនឯង ទៅកាន់គោលដៅត្រចះត្រចង់សម្រាប់មនុស្សម្នាក់ៗ ហេតុនេះការតស៊ូអាចក្លាយជាកម្លាំងជំរុញយ៉ាងសំខាន់មួយដើម្បីសម្រេចភាពថ្កុំថ្កើងក្នុងការរស់នៅ៕