ត្រឹមរយៈពេល 7ខែដើមឆ្នាំ2018 កម្ពុជាបាននាំចេញជ័រកៅស៊ូទៅកាន់ទីផ្សារបរទេស មានចំនួន 100,535 តោន កើនឡើងប្រមាណជា20% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
របាយការណ៍បង្ហាញថា គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ2018 ចំណូលបានពីការនាំចេញជ័រកៅស៊ូរបស់កម្ពុជា មានចំនួនជាង 140លានដុល្លារអាមេរិក ដោយតម្លៃជ័រកៅស៊ូជាមធ្យម គឺ1,412ដុល្លារក្នុង1តោន តម្លៃនេះធ្លាក់ចុះ 18% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើគិតមកទល់ឆ្នាំ2018នេះ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបចំនួន 436,299ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន 173,017ហិកតា ស្មើនឹង39% និងផ្ទៃដីថែទាំមានចំនួន 263,281ហិកតា ស្មើនឹង61%។
សូមបញ្ជាក់ថា នៅឆ្នាំ2017 កម្ពុជាបាននាំចេញជ័រកៅស៊ូជិត 20ម៉ឺនតោន មានចំណូលប្រមាណ 300លានដុល្លារអាមេរិកដែលបានពីការនាំចេញពីកម្ពុជា ទៅកាន់ទីផ្សារបរទេសមានដូចជាប្រទេសចិន វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី ជាដើម៕