ការភ័យខ្លាចរបស់លោក Jose Mourinho ជុំវិញការមិនទិញខ្សែការពារកណ្តាលថ្មីម្នាក់ត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ ខណៈដែលភាពទន់ខ្សោយនៅតំបន់ការពារបានធ្វើឱ្យក្រុម Manchester United របស់លោករងបរាជ័យក្នុងលទ្ធផល 3-2 នៅលើទឹកដីក្រុម Brighton កាលពីថ្ងៃអាទិត្យ។
សម្រាប់ជាលើកទី1ក្នុងរយៈពេលជិត 2ឆ្នាំ ក្រុមរបស់លោក Mourinho បានរបូតគ្រាប់បាល់ច្រើនជាង 2គ្រាប់ ខណៈដែលគ្រាប់បាល់ទាំង3 របស់ក្រុម Brighton បានកើតឡើងនៅមុនពេលតង់ទី2 តាមរយៈកីឡាករ Glenn Murray, Shane Duffy និង Pascal Gross។
លោក Mourinho បានឱ្យដឹងថា៖ «យើងបានរងនូវការដាក់ទណ្ឌកម្មដោយសារតែកំហុសផ្សេងៗដែលយើងបានធ្វើ។ សម្រាប់ខ្ញុំ នោះគឺជាចំណុចសំខាន់នៃការប្រកួតនេះ។ យើងបានប្រព្រឹត្តកំហុសដ៏មិនគួរឱ្យជឿក្នុងដំណាក់កាលដ៏សំខាន់។ កំហុសទាំងនោះបានសម្លាប់យើង»។
ស្របពេលជាមួយគ្នានេះ លោក Pep Guardiola បានបញ្ជាក់ថា Sergio Aguero គួរតែមិនអាចធ្វើបានល្អប្រសើរជាងនេះឡើយ ក្រោយពីខ្សែប្រយុទ្ធរបស់ក្លិប Manchester City បានស៊ុតបាល់បញ្ចូលទី 3គ្រាប់ ដើម្បីជួយឱ្យក្រុមរបស់ខ្លួនលត់ក្រុម Huddersfield យ៉ាងចាស់ដៃក្នុងលទ្ធផល 6-1 កាលពីថ្ងៃអាទិត្យ។
ក្រុមម្ចាស់ជើងឯករបស់លោក Guardiola បានបើកយុទ្ធនាការនៅលើទឹកដីរបស់ពួកគេ ជាមួយនឹងការបង្ហាញពីទម្រង់លេងយ៉ាងល្អឥតខ្ចោះ ហើយ Aguero បានបន្តបង្ហាញពីទម្រង់លេងយ៉ាងមុតស្រួចរបស់គេនៅលើទីលាន។
លោក Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Man City ពិតជារំភើបចំពោះការបង្ហាញពីទម្រង់លេងដ៏ល្អរបស់ Aguero និងបានទទួលស្គាល់ថា ខ្សែប្រយុទ្ធរបស់លោកកំពុងតែឈានទៅកាន់កម្រិតថ្មីមួយ៕
ប្រភពពី៖ Channel News Asia