ដូចដែលប្រិយមិត្តបានស្គាល់រួចមកហើយថា អ្នកនាង ស្វែង សុជាតា ជាតារាសម្ដែងជើងចាស់ ឆ្នាស់ឆ្នើមដែលមានប្រជាប្រិយភាពខ្លាំងនៅក្នុងពិភពសិល្បៈខ្មែរ និងជាតួស្រីដំបូងដែលមានភាពលេចធ្លោក្នុងភាពយន្ដហូលីវូដ ដែលដឹកនាំដោយអ្នកនាង Angelina Jolie។ ខណៈនេះអ្នកនាងបានបើកបេះដូងផ្ដល់ការសម្ភាសអំពីប្រវត្តិដ៏ជូរជត់ និងរឿងរ៉ាវបែកបាក់ស្វាមី កាលពី 10ឆ្នាំមុនរបស់អ្នកនាង និងបានទទូចអង្វរថា សុំឱ្យអ្នកនាងបានជួបកូនៗ ជាទីស្រឡាញ់របស់អ្នកនាង ដោយសុំត្រឹមតែជួបមុខប៉ុណ្ណោះ។
ស្វែង សុជាតា បាននិយាយថា មូលហេតុដែលធ្វើឱ្យនាងត្រូវលែងលះគ្នា គឺមិនមែនស្វាមីរបស់នាងជាមនុស្សអាក្រក់នោះទេ ប៉ុន្តែមកពីនាងរស់នៅមិនចុះសម្រុងគ្នា ខណៈនាង គឺជាអ្នកសិល្បៈ មិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ស្វាមី។ អ្នកនាងបន្តថា នៅឆ្ងាយគឺ ណាយចិត្ត បានន័យថា ពេលនាងរវល់នឹងការងារសិល្បៈច្រើន ក៏មានស្រីម្នាក់ទៀតចូលមកធ្វើអ្វីគ្រប់យ៉ាងបានច្រើនជាងនាង ស្វាមីរបស់នាងនឹងរីករាយជាមួយគេ។ បើនិយាយឱ្យចំ គឺដោយសារតែនាងគ្មានពេលវេលាគ្រប់គ្រាន់ និងស្វាមីនាងមិនយល់ពីអ្នកសិល្បៈ ទើបបណ្ដាលឱ្យបែកបាក់គ្នា។
អ្នកនាង ស្វែង សុជាតា បានថ្លែងទាំងបង្ហូរទឹកភ្នែកថា មកទល់នឹងបច្ចុប្បន្ននេះ នាងមិនបាននឹកស្តាយស្រណោះអ្វី ចំពោះស្វាមីរបស់នាងនោះទេ ហើយនាងក៏បានធ្វើជាមនុស្សស្រីដែលរឹងមាំម្នាក់សម្រាប់ខ្លួនឯងដែរ តែអ្វីដែលនាងចង់បានពីស្វាមីរបស់នាង គឺសូមឱ្យស្វាមីរបស់នាង អនុញ្ញាតឱ្យនាងបានជួបកូន ព្រោះនាង និងកូនបានបែកគ្នា 10ឆ្នាំមកហើយ ពោលចាប់តាំងពីលែងលះគ្នាមក ស្វាមីរបស់នាងមិនឱ្យនាងជួបមុខកូនឡើយ»។
គួរបញ្ជាក់ផងដែរថា អ្នកនាង ស្វែង សុជាតា សង្ឃឹមថា អតីតស្វាមីរបស់អ្នកនាងនឹងបានឃើញ និងស្ដាប់ការសម្ភាសនេះហើយ នឹងអនុញ្ញាតឱ្យអ្នកនាងបានជួបកូន៕