ប្រសិនបើបាននឹកគិតទៅដល់ឆ្នេរសមុទ្រដ៏ស្រស់បំព្រង នោះអារម្មណ៍នៃក្តីសប្បាយរីករាយក៏ហាក់ដូចជាផុសចេញមកភ្លាមៗតែម្តង ហេតុនេះហើយបានជា ឡារ៉ែន ចង់នាំអារម្មណ៍មិត្តអ្នកអានទៅកម្សាន្តនៅតំបន់មួយដែលប្រជុំទៅដោយកោះដ៏ស្រស់ស្អាតជាច្រើននៅ Seychelles វិញម្តង។
Seychelles គឺជាប្រទេសដ៏តូចមួយស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌា ដែលសម្បូរទៅដោយប្រជុំកោះជាច្រើន។ ពេលដែលអ្នកបានទៅដល់ Seychelles អ្នកពិតជាទទួលបាននូវអារម្មណ៍ថ្មីសន្លាងមួយ ដែលអ្នកពិបាករកបាននូវទីកន្លែងផ្សេងទៀត ដោយសារតែនៅទីនោះសម្បូរទៅដោយទីកន្លែងល្បីៗ និងស្រស់ស្អាតជាច្រើន ដែលអ្នកត្រូវទៅកម្សាន្ត។ នៅពេលដែលអ្នកបានទៅកម្សាន្ត និងទស្សនានូវទេសភាពដ៏ស្រស់ត្រកាល ដែលមានតែមួយគ្មានពីរនៃរមណីយដ្ឋានធម្មជាតិដ៏ស្រស់បំព្រងមួយនេះរួចហើយនោះ អ្នកពិតជាមិនចង់ត្រឡប់មកវិញនោះទេ។ ទីកន្លែងកម្សាន្តសំខាន់ៗ ព្រមទាំងសម្បូរទៅដោយភ្ញៀវទេសចរដ៏ច្រើនកុះករមានដូចជា ៖
កោះ Mahe គឺជាកោះដ៏ធំជាងគេនៅ Seychelles ហើយក៏ជាទីកន្លែងដែលមានចំនួនប្រជាជនរស់នៅច្រើនជាងគេផងដែរ។ ទៅដល់ទីនោះ អ្នកអាចទស្សនាតំបន់ល្បីៗជាច្រើនដូចជា ប៉មនាឡិការបស់ក្រុង Victoria, សារមន្ទីរប្រវិត្តិសាស្ត្រជាតិ, Codevar Craft Center ជាកន្លែងដែលអ្នកអាចទិញវត្ថុអនុស្សាវរីយ៍ដ៏ច្រើនសម្បូរបែប, សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ, ឧទ្យានធម្មជាតិ, ឆ្នេរ Beau Vallon ដែលជាឆ្នេរធំជាងគេ និងល្បីល្បាញជាងគេនៅក្នុងទឹកដីកោះ Mahe នេះ ហើយអ្នកក៏អាចទៅទស្សនាទេសភាពនៃកោះ និងតំបន់ទេសចរណ៍ល្បីៗផ្សេងទៀត ដែលមាននៅលើកោះដ៏ធំនេះផងដែរ។
កោះ La Digue គឺជាកោះធំជាងគេ ស្ថិតក្នុងចំណាត់ថ្នាក់ទី4 នៅក្នុងចំណោមប្រជុំកោះទាំងឡាយនៅក្នុទឹកដី Seychelles។ កោះនេះត្រូវបានគេទទួលស្គាល់ និងនិយមទៅសម្រាកលំហែកាយនៅទីនោះ ដោយសារតែខ្សាច់នៅលើកោះនេះមានភាពម៉ដ្ឋទន់ ពណ៌សក្បុស គឺជាប្រភេទខ្សាច់ដែលស្រស់ស្អាតខ្លាំងណាស់។
កោះ Aldabra Atoll ជាកោះដែលសម្បូរទៅដោយផ្កាថ្មជាងគេបំផុតមួយនៅក្នុងចំណោមកោះផ្កាថ្មធំៗបំផុតក្នុងពិភពលោក។ នៅពេលអ្នកបានទៅទស្សនានៅលើកោះមួយនេះ សូមកុំឱ្យរំលងការមុជទឹកមើលផ្កាថ្មដ៏ស្រស់ស្អាត និងមើលពពួកមច្ឆា ព្រមទាំងពពួកមានជីវិតនៅក្រោមបាតសមុទ្រដ៏រស់រវើក និងសម្បូរបែបគួរឱ្យចង់ទស្សនា និងស្វែងយល់ក្រៃលែង។
លើសពីនេះទៅទៀត ទីប្រជុំកោះ Seychelles ក៏នៅមានកោះ និងឆ្នេរសមុទ្រជាច្រើនទៀតដែលអ្នកទេសចរអាចទៅលំហែកាយ និងទៅកម្សាន្ត ដើម្បីស្រូបយកខ្យល់អាកាសបែបធម្មជាតិពិតៗ ដូចជាកោះ Curieuse, កោះ Moyenne, កោះ Silhouette, កោះ Ste. Anne និងទីកន្លែងកម្សាន្តជាច្រើនទៀត៕