ក្លិបយក្សអេស្ប៉ាញ Real Madrid បានបំពេញការផ្ទេររបស់ពួកគេសម្រាប់ខ្សែប្រយុទ្ធវ័យក្មេងប្រកបដោយទេពកោសល្យ Vinicius Junior របស់ប្រេស៊ីលចេញពីក្លិប Flamengo។ Real បានប្រកាសថា ពួកគេបានចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធវ័យ១៦ឆ្នាំរូបនេះកាលពីថ្ងៃអង្គារ មុននឹងបំពេញការផ្ទេរជាផ្លូវការនៅខែកក្កដា ឆ្នាំ២០១៨ នៅពេលដែលរូបគេឈានចូលវ័យ១៧ឆ្នាំ។
ច្បាប់នៃការទិញចូលកីឡាករយុវជនរបស់ FIFA មិនអនុញ្ញាតឲ្យមានការទិញ-លក់កីឡាករអន្តរជាតិដែលមានវ័យក្រោម១៨ឆ្នាំឡើយ ដោយលើកលែងតែក្នុងករណីពិសេសប៉ុណ្ណោះ។ ហេតុនេះ Vinicius ត្រូវតែបន្តនៅជាមួយនឹងក្លិប Flamengo សម្រាប់រយៈពេល១ឆ្នាំទៀត ឬរហូតដល់ឆ្នាំ២០១៩ ប៉ុន្តែរូបគេអាចផ្ទេរទៅកាន់ក្លិប Real Madrid បានលឿនជាងនេះ ប្រសិនបើភាគទាំងពីរយល់ព្រម។
នេះបើយោងទៅតាមការប្រកាសរបស់ក្លិបយក្សអេស្ប៉ាញក្នុងសេចក្តីថ្លែងការណ៍មួយ។ សេចក្តីលម្អិតនៃការផ្ទេរនេះមិនត្រូវបានប្រកាសឲ្យដឹងភ្លាមៗឡើយ ប៉ុន្តែបណ្តាញសារព័ត៌មានជាច្រើនបានចេញផ្សាយថា តម្លៃខ្លួននៃការផ្ទេរនេះគឺមានចំនួន៤៥លានអឺរ៉ូ (ស្មើនឹង៥០លានដុល្លារអាមេរិក) ដែលតម្លៃខ្លួននេះនឹងធ្វើឲ្យ Vinicius ក្លាយជាកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតលំដាប់ពី២ក្នុងប្រវត្តិសាស្ត្រលីករបស់ប្រេស៊ីល ចាប់តាំងពី Neymar ដែលចេញពីក្លិប Santos មកចូលរួមជាមួយនឹងក្លិប Barcelona កាលពីឆ្នាំ២០១៣ ក្នុងតម្លៃខ្លួន៥៧,១លានអឺរ៉ូ ដែលតួលេខនេះកំពុងតែស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ។
Vinicius ទើបតែបានបង្ហាញខ្លួនជាកីឡាករអាជីពលើកទី១របស់គេសម្រាប់ក្លិប Flamengo កាលពីដើមខែនេះ ក្រោយពីបានក្លាយជាតារាឆ្នើមសម្រាប់ក្រុមប្រេស៊ីល ក្នុងយុទ្ធនាការ South American Under-17 championship ឆ្នាំ២០១៧ កាលពីខែមីនាកន្លងទៅ។ Real Madrid ចាត់ទុក Vinicius ថា ជាខ្សែប្រយុទ្ធដែលពោរពេញដោយទេពកោសល្យ ដែលអាចអូសបាល់ឆ្លងកាត់កីឡាករជាច្រើន និងមានភាពមុតស្រួចក្នុងការរកគ្រាប់បាល់៕
ប្រភពពី៖ ESPN