ការធ្វើអាជីវកម្ម ជារឿងសំខាន់សម្រាប់បុគ្គលម្នាក់ៗដែលមានក្តីស្រមៃ និងក្តីសង្ឃឹមចង់ធ្វើជំនួញ តែពេលខ្លះវាក៏បានក្លាយជាបទពិសោធដ៏ឈឺចាប់ ដែលបង្កើតជារបួសស្នាមយូរអង្វែងរបស់ពួកគេផងដែរប្រសិនបើអាជីវកម្មខាតបង់ ឬបិទទៅវិញដោយសារបញ្ហាណាមួយនោះ។ គួរពិចារណាថាតើត្រូវធ្វើការឱ្យគេសិន ឬចាប់ផ្តើមធ្វើជំនួញនៅក្នុងវ័យក្មេងដែលមានទុនតិចតួច?
លោកស្រី សំ លីណា អគ្គនាយិកាក្រុមហ៊ុន Ellesse បានលើកឡើងថា លោកស្រីធ្លាប់ធ្វើអាជីវកម្មតាំងពីនៅវ័យក្មេង ដោយធ្លាប់ដាក់ទូរស័ព្ទសាធារណៈ ធ្លាប់បង្រៀនគេតាមផ្ទះ និងរកស៊ីតិចតួចផ្សេងទៀត។ លោកស្រីបានសម្រេចចិត្តថាធ្វើការវិនិយោគដោយចាប់ផ្តើមពីការយកខ្លួនឯងធ្វើជាដើមទុន គឺខិតខំប្រឹងប្រែងគ្រប់លទ្ធភាពលើការកសាងសមត្ថភាព ក្នុងការស្វែងរកគន្លឹះសម្រាប់ដោះស្រាយបញ្ហាជាក់ស្តែងក្នុងអាជីវកម្ម។
លោកស្រី សំ លីណា បាននិយាយថា៖ “មុននឹងធ្វើអាជីវកម្មយើងចាំបាច់ត្រូវស្វែងរកសក្តានុពលរបស់ខ្លួនឱ្យឃើញជាមុនសិន ព្រោះមនុស្សម្នាក់ៗសុទ្ធតែមានសក្តានុពលរៀងៗខ្លួន ហេតុនេះបើយើងមានការច្នៃប្រឌិត ឬជំនាញណាមួយសម្រាប់ធ្វើអាជីវកម្ម នោះខ្លួនយើងអាចនឹងជាដើមទុនសំខាន់សម្រាប់ធ្វើវា‟។
សហគ្រិនខាងលើបានលើកឡើងផងដែរថាយុវជនយើងបច្ចុប្បន្នដែលកំពុងសិក្សានៅមហាវិទ្យាល័យតែងតែស្រមៃថាចង់ធ្វើជំនួញ ចង់ជោគជ័យ និងចង់បានរឿងល្អៗជាច្រើនទៀត តែជាក់ស្តែងនៅពេលដែលសួរគាត់ឱ្យពិតប្រាកដថាគាត់ចង់ធ្វើអ្វីឱ្យច្បាស់ ហើយបានសម្រួចសមត្ថភាពអ្វីខ្លះដើម្បីធ្វើអាជីវកម្មនោះ គាត់អាចនឹងមានការរារែក ឬមិនមានភាពច្បាស់លាស់។ ហេតុនេះបើមិនចង់ឱ្យខកចិត្តក្នុងរឿងអាជីវកម្មត្រូវតែធ្វើយ៉ាងណាអភិវឌ្ឍខ្លួនឱ្យមានជំនាញ ឬសមត្ថភាពពិតប្រាកដដើម្បីដោះស្រាយបញ្ហានានាជាមុនសិន។ ចំណុចសំខាន់មួយទៀតគឺត្រូវចេះចំណាយឱ្យត្រូវខ្ទង់ ព្រោះសម្រាប់អ្នករកស៊ីថ្មីថ្មោងពេលខ្លះគាត់គិតថាក្រុមហ៊ុនគាត់តូច គាត់មិនហ៊ានចំណាយលុយច្រើនដើម្បីជួលបុគ្គលិកខ្លាំងៗនោះទេ ហើយគាត់សុខចិត្តអង្កន់លុយនោះទៅជួលបុគ្គលិកដែលធ្វើការងារមិនកើតជាច្រើន ដោយភ្លេចថាការចំណាយលុយជួលមនុស្សខ្លាំងគឺជាការវិនិយោគ មិនមែនជាការចំណាយខ្ជះខ្ជាយនោះទេ។ ប្រសិនបើអ្នករកស៊ីចំណាយមិនត្រឹមត្រូវ នោះអាជីវកម្មអាចនឹងមានបន្ទុកច្រើន ហើយងាយខាតបង់។
លោកស្រីបានបញ្ជាក់ផងដែរថា ចំណុចសំខាន់មួយទៀតដែលត្រូវដឹងគឺ ត្រូវហ៊ានវិនិយោគលើការអភិវឌ្ឍខ្លួនឯងជាប្រចាំ។ កុំខ្លាចនឹងរៀនសូត្របន្ថែមនូវអ្វីដែលចំណេញសម្រាប់អាជីវកម្ម ហើយកុំស្តាយ ព្រោះពេលខ្លះយើងស្តាយលុយក្នុងការរៀនសូត្រមួយវគ្គរាប់រយដុល្លារ តែភ្លេចគិតថា ប្រសិនបើយើងមិនរៀន ហើយអាជីវកម្មយើងដួលគឺខាតបង់អស់ច្រើនជាងនេះទៅទៀត។
បង្ហាញលើចំណុចនេះដែរលោក ឃួន សុភ័ទ្ធ អគ្គនាយកក្រុមហ៊ុន Marakot Technology បានលើកឡើងថា មុននឹងចាប់ផ្តើមអាជីវកម្មលោកមានបទពិសោធ 15ឆ្នាំក្នុងការងារហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។ ហើយក្រុមហ៊ុនលោកជាក្រុមហ៊ុនបច្ចេកវិទ្យាដែលផ្តល់កម្មវិធីសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ ហេតុនេះអាជីវកម្មនេះគឺត្រូវនឹងជំនាញដែលលោកមានហើយលោកក៏បានពិចារណាច្បាស់លាស់ពីទីផ្សារ និងលំហូរសាច់ប្រាក់ច្បាស់លាស់ជាមុនដើម្បីបង្ការបញ្ហា។ លោកថា ការរកស៊ីគឺដូចជាការដាំបាយដូច្នោះដែរ បើយើងមានឆ្នាំងធំពេក មានអង្ករច្រើនពេក ហើយអុសរបស់យើងតិច នោះយើងមិនអាចដាំបាយឱ្យឆ្អិនបាននោះទេ។ ការដាក់លុយវិនិយោគគឺដូចជាការដាក់អុសដាំបាយដែរ ប្រសិនបើឆ្នាំងធំហួស អង្ករច្រើនហួស យើងដាក់លុយទៅប៉ុន្មានក៏មិនគ្រប់ដែរ ទីបំផុតយើងអាចខាតបង់ទាំងលុយកាក់ច្រើន ហើយថែមទាំងបាត់បង់អាជីវកម្មនោះថែមទៀតផង។
លោក ឃួន សុភ័ទ្ធ បាននិយាយថា៖ “ការធ្វើអាជីវកម្មដំបូងឡើយគឺត្រូវគិតគូរឱ្យបានល្អិតល្អន់បំផុត និងត្រូវចេះប្រមាណខ្លួន។ ប្រសិនបើយើងចាប់ផ្តើមដំបូង គួរស្វែងរកអាជីវកម្មណាដែលចំណាយល្មមតាមទុនដែលយើងមាន ហើយបើលក់ផលិតផលក៏អាចស្វែងរកផលិតផលណាដែលមិនចេះហួសកាលបរិច្ឆេទដើម្បីកុំឱ្យខាតបង់នៅពេលដែលយើងមិនទាន់លក់ដាច់ច្រើន ព្រោះពេលខ្លះអាជីវកម្មថ្មីគឺអាចត្រូវការពេលវេលា ហេតុនេះបើវាខាតបង់ក៏អាចខាតបង់ត្រឹមកម្រិតដែលអាចទទួលយកបាន”។
សហគ្រិនខាងលើបានលើកឡើងផងដែរថា អ្នកខ្លះបើកអាជីវកម្ម តែខ្លួនឯងបែរជាទៅធ្វើការងារឱ្យគេទៅវិញ ពេលខ្លះការធ្វើបែបនេះធ្វើឱ្យយើងខាតបង់ ព្រោះថាប្រសិនបើមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីមើលលើអាជីវកម្មខ្លួនឯងទេនោះ វានឹងពិបាកអភិវឌ្ឍទៅមុខណាស់។ នៅពេលដែលយើងរវល់ធ្វើការងារឱ្យគេមិនមានពេលគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាអតិថិជនរបស់ខ្លួន យើងអាចនឹងលក់មុខខ្លួនឯង ហើយខាតបង់ធ្ងន់ធ្ងរ ហើយការងារដែលធ្វើឱ្យគេក៏គ្មានគុណភាពដែរ៕