កីឡាករ 5នាក់ដែលអាចនឹងបង្កើតឱ្យមានចំណាប់អារម្មណ៍ខ្លាំងក្នុងវិញ្ញាសាហែលទឹក ដែលនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យនេះនាទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី រួមមាន៖
កីឡាករ Sun Yang របស់ចិន
កីឡាករហែលទឹកដ៏ឆ្នើមរូបនេះបានឈ្នះមេដាយមាសអូឡាំពិក 3គ្រឿងលើវិញ្ញាសាហែលសេរី(Free style) និងក្រោយពីចាញ់ក្នុងការប្រកួតហែលចម្ងាយ 400ម៉ែត្រនៅទីក្រុង Rio កាលពី 2ឆ្នាំមុននោះ រូបគេដណ្តើមបានជ័យជម្នះក្នុងការប្រកួតហែលសេរីចម្ងាយ 200ម៉ែត្រ។
កីឡាករជប៉ុន Kosuke Hagino
កីឡាករដ៏ឆ្នើមរូបនេះ បានទទួលជ័យជម្នះក្នុងការប្រកួតហែលចម្រុះក្បាច់ឯកត្តជនចម្ងាយ 400ម៉ែត្រ និងបានឈ្នះមេដាយប្រាក់ ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ2 បន្ទាប់ពីតារាឆ្នើមអាមេរិក Michael Phelps លើវិញ្ញាសាហែលចម្ងាយ 200ម៉ែត្រ។
កីឡាការិនីជប៉ុន Rikako Ikee
ជាមួយនឹងទឹកមុខប្រកបដោយស្នាមញញឹម Ikee គឺជាតារាឆ្នើមថ្មី 1រូបសម្រាប់ប្រទេសរបស់នាង។ កីឡាការិនីវ័យ 18ឆ្នាំរូបនេះបានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ Pan Pacific លើវិញ្ញាសាហែលបែបមេអំបៅចម្ងាយ 100ម៉ែត្រ ហើយនាងក៏បានឈ្នះមេដាយប្រាក់ក្នុងការប្រកួតហែលបែបសេរី ចម្ងាយ 200ម៉ែត្រផងដែរ។
កីឡាករសិង្ហបុរី Joseph Schooling
ក្រោយពីបានបង្កើតភាពអស្ចារ្យតាមរយៈការឈ្នះមេដាយមាសក្នុងវិញ្ញាសាហែលបែបមេអំបៅ ចម្ងាយ100ម៉ែត្រ ក្នុងព្រឹត្តិការណ៍ Asian Games កាលពីឆ្នាំ2014 រួចមក Schooling បានយកឈ្នះកីឡាករ Phelps ក្នុងព្រឹត្តិការណ៍អូឡាំពិកក្នុងទីក្រុង Rio លើវិញ្ញាសាដូចគ្នានេះ។
កីឡាករកាហ្សាក់ស្ថាន Dmitriy Balandin
ក្រោយពីទទួលបានជ័យជម្នះក្នុងការប្រកួតហែលទឹកបែបកង្កែបក្នុងព្រឹត្តិការណ៍ Asian Games ឆ្នាំ2014 កីឡាករ Balandin បានក្លាយម្ចាស់ជើងឯកអូឡាំពិកលើកីឡាហែលទឹកដំបូងគេរបស់កាហ្សាក់ស្ថាន នៅពេលរូបគេបានឈ្នះមេដាយមាសក្នុងវិញ្ញាសាហែលចម្ងាយ 200ម៉ែត្រ កាលពី 2ឆ្នាំមុន៕
ប្រភពពី៖ Channel News Asia