លោក Mauricio Pochettino ជឿជាក់ថា ការដណ្តើមបានជ័យជម្នះ គឺជាវិធីសាស្ត្រតែមួយគត់ក្នុងការរក្សា និងធ្វើឱ្យអ្នកគាំទ្ររបស់ក្រុម Spurs មានភាពរីករាយ ស្របពេលដែលពួកគេកំពុងតែរង់ចាំការប្តូរទៅកាន់កីឡដ្ឋានថ្មីរបស់ពួកគេ។
ក្រុម Tottenham បានប្រឈមមុខនឹងសុបិនអាក្រក់ផ្នែកប្រតិបត្តិការ ក្រោយពីការពន្យារពេលការផ្លាស់ប្តូររបស់ពួកគេទៅកាន់កីឡដ្ឋានទើបកែសម្រួលថ្មីដែលអាចផ្ទុកអ្នកទស្សនាបានដល់ទៅ 62,000នាក់ ដែលយ៉ាងហោចណាស់ក៏ដល់ខែតុលាដែរ «ដោយសារតែបញ្ហាប្រព័ន្ធសុវត្ថិភាព»។
ក្រុមរបស់លោក Pochettino ត្រូវបានគ្រោងឱ្យប៉ះជាមួយនឹងក្រុមFulham នាកីឡដ្ឋាន Wembley នៅថ្ងៃសៅរ៍នេះ ប៉ុន្តែបច្ចុប្បន្ន ពួកគេនឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Liverpool និង Cardiff នៅកីឡដ្ឋានរបស់ក្រុមជម្រើសជាតិ ដែលជាកន្លែងពួកគេបានលេងរាល់ការប្រកួតលើទឹកដីខ្លួនឯងកាលពីរដូវកាលមុនផងដែរ។
លោក Pochettino បានឱ្យដឹងថា៖ «យើងទាំងអស់គ្នា មានអារម្មណ៍ខកចិត្តជាមួយនឹងការប្រកាសពីសំណាក់ក្លិបនៅសប្តាហ៍នេះ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំពិតជាមានអារម្មណ៍សោកស្តាយសម្រាប់ខ្លួនខ្ញុំផ្ទាល់ អ្នកគាំទ្ររបស់យើង កីឡាករគ្រប់គ្នា និងសម្រាប់ប្រធានក្លិប។ យើងនឹងព្យាយាមតបស្នងវិញតាមរយៈការដណ្តើមជ័យជម្នះក្នុងការប្រកួតនានាឱ្យបាន»។
លោក Daniel Levy ប្រធានក្លិប Spurs បានស្ថិតក្រោមការរិះគន់រួចជាស្រេចពីសំណាក់ក្រុមអ្នកគាំទ្រ ចំពោះការមិនអាចទិញចូលកីឡាករថ្មីសូម្បីតែម្នាក់ បើទោះបីជាបង្កើនតម្លៃសំបុត្រប្រចាំរដូវកាលក៏ដោយ។ ការប្រកួតនៅថ្ងៃសៅរ៍នេះ នឹងចាប់ផ្តើមនៅម៉ោង9យប់៕
ប្រភពពី៖ Sports.yahoo.com