កាលពីពេលថ្មីៗកន្លងទៅនេះ ប្រមុខថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍវិស័យកីឡានៅតាមសាលារៀនមុនពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ ២០២។
លោក ព្រំ ប៊ុនយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា៖ ពាក់ព័ន្ធ នឹងយុទ្ធសាស្ត្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដាក់ចេញមកឲ្យក្រសួងអប់ រំយុវជន និងកីឡាអនុវត្តនោះ បច្ចុប្បន្នក្រសួងកំពុងជំរុញបង្កើតឱកាសសម្រាប់សិស្សមធ្យមសិក្សាដែលមានអាយុក្រោម១៨ឆ្នាំដើម្បីបញ្ជូនទៅចូលរួមប្រកួតកីឡានៅក្រៅប្រទេស ដូចជាព្រឹត្តិការណ៍ School Game នៅប្រទេសសិង្ហបុរីក្នុងអំឡុងខែកក្តដា ឆ្នាំ២០១៧ ខាងមុខនេះជាដើម។
លោកបានមានប្រសាសន៍បែបនេះថា៖ នៅក្នុងយុទ្ធសាស្ត្រសំខាន់ៗរបស់ប្រមុខរដ្ឋាភិបាលបានបញ្ជាក់យ៉ាងច្បាស់ថា នៅតាមសាលារៀនរបស់រដ្ឋ ចាប់ពីពេលនេះតទៅត្រូវបង្កើតឲ្យមានទីលានកីឡា ហើយទីលានកីឡានោះទៀតសោត ត្រូវតែស្របតាមស្តង់ដារបច្ចេកទេស ដើម្បីឲ្យសិស្សតាមសាលារៀនរដ្ឋមានការអនុវត្តផ្នែកអប់រំកាយដើម្បីសុខភាព និងធនធានកីឡាចេញពីសិស្សនៅតាមសាលារៀនរបស់រដ្ឋទូទាំងប្រទេស។
ចំពោះផែនការរបស់ក្រសួងដែលត្រៀមបញ្ជូនសិស្សអាយុក្រោម១៨ឆ្នាំ ឬហៅថាកីឡាករ- កីឡាការិនីថ្នាលឱ្យមានឱកាសបានចេញទៅប្រកួតនៅក្រៅប្រទេសបែបនេះ គឺក្នុងន័យឲ្យពួកគេស៊ាំធ្លាប់ជាមួយព្រឹត្តិការណ៍កីឡាអន្តរជាតិ និងដកស្រង់បទពិសោធថ្មីៗ និងដឹងពីកម្រិតសមត្ថភាពរបស់ខ្លួនឯង ហើយត្រូវខិតខំហ្វឹកហាត់បន្ថែមទៀត ។
សូមបញ្ជាក់ថា នៅខែកក្តដាខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងបញ្ជូនសិស្សអាយុក្រោម១៨ឆ្នាំចំនួន៥ប្រភេទកីឡាទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ School Game នៅប្រទេសសិង្ហបុរី ដូចជាប្រភេទកីឡាវាយកូនឃ្លីលើតុ(ប៉េងប៉ុង) កីឡាវាយសី កីឡាវាយកូនបាល់(តឺនីស) កីឡាអត្តពលកម្ម និងកីឡាហែលទឹក ៕