នៅពេលថ្មីៗនេះ តារាចម្រៀងស្រីនៅក្នុងទ្រនំថោនកញ្ញា ស៊ូ ស៊ីរិកា បានរៀបរាប់រឿងរ៉ាវដ៏ក្ដៅគគុកមួយប្រាប់ដល់មហាជនទាំងឡាយបានជ្រាប តាមរយៈធ្វើការ Live Video នៅលើហ្វេសប៊ុកផ្ទាល់ខ្លួន។ នាងបានរៀបរាប់ថា មានតារាស្រីរួមទ្រនំជាមួយនឹងនាង ដែលនាងមិនបានបញ្ចេញឈ្មោះចំៗនោះបានព្យាយាមបំបិទផ្លូវសិល្បៈរបស់នាង និងព្យាយាមនិយាយបង្កាច់បង្ខូចកេរ្ដិ៍ឈ្មោះរបស់នាង។
តាមរយៈវីដេអូជាងមួយម៉ោងនោះ កញ្ញា ស៊ូ ស៊ីរីកា បានរៀបរាប់ទាំងកំហឹងខ្លាំងទៅលើតារារួមផលិតកម្មជាមួយគ្នា ដែលនាងអះអាងថា តារារូបនោះតែងតែបិទផ្លូវការងាររបស់នាងមករហូត ដោយបានប្រាប់ទៅអ្នករៀបចំកម្មវិធីនានាថា មិនស្គាល់លេខរបស់នាង ហើយថានាងជាកូនអ្នកមាន ដូច្នោះហើយលោកយាយរបស់នាងបានហាម មិនឱ្យនាងចេញច្រៀងឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងនិយាយអាក្រក់ពីនាងថា នាងជាមនុស្សឫកធំ និងស៊ីតម្លៃខ្លួនថ្លៃខ្ទង់ពាន់ៗឯណោះ។ នេះបើតាមសម្ដីរបស់កញ្ញា ស៊ូ ស៊ីរិកា ដែលនិយាយនៅក្នុងវីដេអូ។
តារាចម្រៀងស្រីក្នុងផលិតកម្មថោន រូបនេះបានបញ្ជាក់ថា នាងបានអត់ទ្រាំចំពោះទង្វើរបស់តារាចម្រៀងរូបនោះជាយូរណាស់មកហើយ ទើបនៅពេលនេះនាងដាច់ចិត្តចេញមកនិយាយជាសាធារណៈតែម្ដងទៅ តែនាងនៅតែទុកកិត្តិយសឱ្យដោយការមិនបញ្ចេញឈ្មោះតារាម្នាក់នោះចំៗឡើយ។ នាងថា រូបនាងផ្ទាល់គឺទទួលគ្រប់កម្មវិធីតន្រ្តី និង Event ទាំងអស់ ព្រោះនាងចូលសិល្បៈនេះ គឺមានគោលបំណងចង់រកចំណូលផ្ដត់ផ្គង់ជីវភាពខ្លួន និងគ្រួសារ ហើយមួយវិញទៀតគឺនាងស្រឡាញ់សិល្បៈតាំងពីតូចមក។
យ៉ាងណាមិញ មួយរយៈមុន តារាស្រី ស៊ីរិកា ធ្លាប់បានប្រកាសថា ខ្លួនបម្រុងនឹងចាកចេញពីសិល្បៈទៅហើយ តែក្រោយមកក៏បែរជាស្ងាត់ទៅវិញ និងនៅពេលនេះស្រាប់តែមានរឿងភ្ញាក់ផ្អើលខ្លាំងកើតឡើង នៅពេលដែលនាងបន្ដដំណើរនៅលើវិថីសិល្បៈតទៅទៀត តែបែរជាមានរឿងកាច់កុងគ្នាយ៉ាងអាក្រក់បែបនេះទៅវិញ។ ដើម្បីឱ្យច្បាស់បន្ថែមទៀត សូមប្រិយមិត្តទាំងអស់ ទស្សនា និងស្ដាប់ការរៀបរាប់របស់ ស៊ូ ស៊ីរិកា ខាងក្រោមនេះ៖