កុមារតូចជាមនុស្សដែលពូកែឆ្ងល់ ចូលចិត្តគិត និងច្បាស់លាស់បំផុត ព្រោះអ្វីក៏ដោយបើមនុស្សធំឱ្យគេធ្វើ កុមារនឹងធ្វើតាមទាំងស្រុង និងល្អឥតខ្ចោះ ហេតុនេះការនិយាយជាមួយក្មេងមិនច្បាស់លាស់អាចបណ្តាលឱ្យមានបញ្ហា។
លោកជំទាវ ទន់ សាអ៊ីម បានលើកឡើងថាកុមារជាមនុស្សដែលច្បាស់លាស់បំផុត នៅពេលគេអានរឿងអ្វីមួយដែលមានលក្ខណៈមិនច្បាស់លាស់គេចាប់ផ្តើមកត់សម្គាល់ដឹងភ្លាម។ ជាឧទាហរណ៍ នៅពេលកុមារអានរឿងណាមួយដែលមើលទៅមិនសមហេតុផល ឬមិនអស់សេចក្តីគេចាប់ផ្តើមបន្ថែមសេចក្តីសាច់រឿងនេះដោយខ្លួនឯង។ ហេតុនេះមនុស្សធំត្រូវតែប្រុងប្រយ័ត្នចំពោះការសន្ទនាជាមួយក្មេង និងជាពិសេសទៅទៀតនោះគឺការសន្យាជាមួយពូកគេក្នុងការធ្វើអ្វីមួយជាមួយពួកគេ ព្រោះថាគេតែងចងចាំ និងចាំមើលថា យើងបានធើ្វតាមការសន្យារបស់យើងទេ។
លោកជំទាវ ទន់ សាអ៊ីម បានមានប្រសាសន៍ថា៖ “ទន្ទឹមនឹងភាពជក់ចិត្តនៅក្នុងសាច់រឿងកុមារអាចធ្វើបានអ្វីដែលសំខាន់គឺត្រូវតែមានភាពច្បាស់លាស់ ហ្មត់ចត់ និងអស់សេចក្តី ប្រសិនបើមិនអស់សេចក្តីទេ ក្មេងនឹងបន្តឆ្ងល់មិនឈប់ ហើយក៏បង្កើតជាបញ្ហាសម្រាប់ពួកគេ”។
អ្នកជំនាញខាងអប់រំខាងលើបានលើកឡើងផងដែរថា ការទំនាក់ទំនងជាមួយក្មេងក៏ចាំបាច់ត្រូវតែមានភាពច្បាស់លាស់បំផុត ព្រោះក្មេងជាវ័យដែលមិនសូវមានមូលដ្ឋានព័ត៌មានសម្រាប់ការពិចារណាច្រើននោះទេ ប្រសិនបើគេធ្លាប់ដឹងរឿងណាមួយថាជាការពិតហើយ គេនឹងកំណត់យកវាទុកក្នុងចិត្តជាក់ជាមិនខាន។ ហេតុនេះអ្នកអប់រំកុមារត្រូវតែគិតឱ្យបានសព្វជ្រុងជ្រោយ ពីភាពសមហេតុផល និងមានភាពប្រាកដនិយម (logic) ហើយបើប្រាប់រឿងណាមួយដល់ក្មេងគឺត្រូវធ្វើឱ្យចប់ចុងចប់ដើម ដើម្បីបង្ហាញពីហេតុ និងផលច្បាស់លាស់ដល់ពួកគេ។ ក្រោយពេលគេយល់ហេតុផលនៃរឿងនីមួយៗហើយ ទើបយើងអាចឈានទៅបង្ហាញរឿងថ្មីមួយទៀតដើម្បីកុំឱ្យគេមានភាពច្របូកច្របល់។
អ្នកជំនាញអប់រំនានាសុទ្ធតែយល់ឃើញថាការអប់រំកុមារតូច ជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការជំរុញប្រជាជនសកម្ម និងការអភិវឌ្ឍសង្គមប្រកបដោយនិរន្តភាពនៅថ្ងៃអនាគត ហើយការកសាងស្ថានភាពវិជ្ជមានទាំងឡាយគឺចាប់ផ្តើមពីការកសាងសមត្ថភាពធនធានមនុស្សពីតូចៗនេះតែម្តង។ហេតុនេះហើយទើបបណ្តាប្រទេសអភិវឌ្ឍនានាចាប់អារម្មណ៍ខ្លាំង និងមានការប្រុងប្រយ័ត្នខ្ពស់បំផុតជាមួយនឹងការអប់រំកុមារតូច ដែលផ្សារភ្ជាប់ទាំងគ្រឹះស្ថានអប់រំ និងអាណាព្យាបាលដែលស្ថិតនៅជាមួយពួកគេដោយផ្ទាល់នៅក្នុងផ្ទះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ដើម្បីឱ្យមានការផ្លាស់ប្តូរទម្លាប់ និងដោះស្រាយបញ្ហាសំខាន់ៗក្នុងការរស់នៅលុះត្រាតែយើងមានការអប់រំល្អដល់កុមារតូចៗ ព្រោះនៅពេលកុមារទទួលបានការអប់រំល្អ គេនឹងមានទម្លាប់នៃការរស់នៅល្អពីក្នុងដែលអាចរុញច្រានឱ្យសង្គមទាំងមូលមានស្ថានភាពល្អប្រសើរ។ តែទោះបីជាយ៉ាងនេះក្តីដើម្បីឱ្យកុមារទទួលបានការអប់រំល្អពិតប្រាកដ ជាពិសេសទម្លាប់នៃការរស់នៅ និងជំនាញទន់នានាលុះត្រាតែមានការសហការល្អ និងមានការចូលរួមពីអាណាព្យាបាលគ្រប់រូប ស្របពេលដែលស្ថាប័នអប់រំកំពុងជំរុញឱ្យមានគុណភាពកាន់តែខ្លាំង។
ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា៖“កុមាររៀននៅក្នុងសាលាតែប៉ុន្មានម៉ោងប៉ុណ្ណោះតែកុមាររស់នៅជាមួយអាណាព្យាបាលជាច្រើនម៉ោងក្នុងមួយថ្ងៃៗ ហេតុនេះការចូលរួមចំណែកក្នុងការអប់រំពីអាណាព្យាបាលគឺជារឿងសំខាន់”។
ជាក់ស្តែង កម្ពុជាមានកត្តាប្រឈមមួយចំនួនត្រង់អាណាព្យាបាលហាក់មិនសូវបានគិតគូរច្រើនពីជំនាញភាពជាអាណាព្យាបាល (parenting skills) ដែលបញ្ហានេះបណ្តាលឱ្យប៉ះពាល់ដល់ការអភិវឌ្ឍសមត្ថភាពក្មេងតូច ព្រោះនៅពេលដែលអាណាព្យាបាលជូនកូនទៅសាលារៀន មានន័យថាក្មេងបានទទួលការអប់រំមួយផ្នែកធំ តែក្រោយពេលកុមារមកផ្ទះវិញ ហើយឃើញសកម្មភាព ឬទទួលយកបរិស្ថានមិនល្អ គេនឹងមានការប្រែប្រួលជាអ-វិជ្ជមានមកវិញដែរ។ ហេតុនេះអាណាព្យាបាលចាំបាច់ត្រូវយកចិត្តទុកដាក់ និងផ្តល់តម្លៃសំខាន់លើការអប់រំកុមារតូចៗនៅគ្រប់ទីកន្លែង ដោយចំណេះដឹងពីភាពជាអាណាព្យាបាល ដើម្បីផ្តល់ឱ្យកុមារនូវប្រភពចំណេះដឹងតាមកម្រិតដែលកូនៗអាចយល់ដឹងបាន និងដឹងពីចំណុចគួរចៀសវាងក្នុងនាមជាអានាព្យាបាលរបស់ក្មេងតូចៗ៕