ខ្សែប្រយុទ្ធ Diego Costa បានស៊ុតបាល់បញ្ចូលទី 2គ្រាប់ ខណៈដែលក្រុម Atletico Madrid បានធ្វើការវាយបកពីការដេញតាមពីក្រោយ ដើម្បីផ្តួលក្រុមស្ថិតក្នុងទីក្រុងតែមួយ Real Madrid ក្នុងលទ្ធផល 4-2 កាលពីថ្ងៃពុធ និងឈ្នះពាន UEFA Super Cup។
អតីតខ្សែប្រយុទ្ធរបស់ក្លិប Chelsea រូបនេះ បានជួយឱ្យក្រុមរបស់លោក Diego Simeone មានគ្រាប់បាល់នាំមុខមុន ក្រោយពីលេងបានត្រឹមតែរយៈពេល 49វិនាទី ខណៈដែលរូបគេបានស៊ុតបាល់បំប៉ោងសំណាញ់ទីរបស់អ្នកចាំទី KeylorNavas យ៉ាងល្អ។ ខ្សែប្រយុទ្ធ Karim Benzema បានរកគ្រាប់បាល់តាមស្មើវិញសម្រាប់ក្រុម Real Madrid ខណៈដែលរូបគេបានលេងស៊ីចង្វាក់គ្នាយ៉ាងល្អជាមួយនឹង Gareth Bale ក្នុងពេលមិនមានវត្តមានរបស់ Cristiano Ronaldo ដើម្បីស៊ុតបាល់បញ្ចូលទី។
ខ្សែការពារ Sergio Ramos ហាក់ដូចជាបានជួយឱ្យក្រុមម្ចាស់ឯក Champions League របស់ខ្លួនដណ្តើមបានជ័យជម្នះទៅហើយ នៅពេលដែលរូបគេបានស៊ុតបាល់បញ្ចូលទីពីចំណុចពិន័យ 11ម៉ែត្រ ក្នុងតង់ទី2 ប៉ុន្តែ Costa បានលុបចោលក្តីសង្ឃឹមនោះ និងបានរកគ្រាប់បាល់តាមស្មើវិញក្នុងរយៈពេល 10នាទីចុងក្រោយ។ គ្រាប់បាល់តាមស្មើរបស់គេបានធ្វើឱ្យការប្រកួតឈានដល់នាទីបន្ថែម 15នាទី 2ដង ហើយខ្សែបម្រើ Saul Niquez និង Koke បានរកគ្រាប់បាល់ទី3 និងទី4 ដើម្បីជួយឱ្យក្រុម Atletico ដណ្តើមបានជ័យជម្នះតែម្តង។
នេះគឺជាការឈ្នះពាន UEFA Super Cup ជាលើកទី3 ហើយសម្រាប់ក្រុម Atletico និងជាលើកទី3 ក្នុងរយៈពេល 9រដូវកាល។ ខ្សែប្រយុទ្ធ Antoine Griezmann របស់ Atletico បានឱ្យដឹងថា៖ «ខ្ញុំបានបន្តនៅ Atletico ពីព្រោះគម្រោងនេះពិតជាគម្រោងដ៏ល្អ។ ខ្ញុំមានការជឿជាក់លើក្លិបនេះ និងលើគ្រូបង្វឹក ហើយខ្ញុំបានមើលឃើញនៅរាត្រីនេះថា ខ្ញុំពិតជាគិតមិនខុសឡើយ»៕
ប្រភពពី៖ The Mirror