មកទល់ពេលនេះរឿងក្តីក្តាំរបស់អតីតតារាចម្រៀងស្រី វ៉ាន់ នីឡា ជាមួយនឹងអតីតគូស្នេហ៍ លោក គុយ សិទ្ធិស័ក្ដិ ហាក់គ្មានអ្វីជាលទ្ធផលនោះទេ ខណៈរូបនាង និងបងប្រុសលោក សុខ ជំនោរ នៅតែបន្តប្រកាសចង់បានយុត្តិធម៌ក្ដែងៗ។
កាលពីថ្ងៃទី15 ខែសីហា ឆ្នាំ2017 កន្លងទៅ តុលាការបានសម្រេចចេញសាលដីកាផ្តន្ទាទោសលោក គុយ សិទ្ធិស័ក្ដិ ដែលជាអតីតគូដណ្ដឹងតារាចម្រៀង វ៉ាន់ នីឡា ឱ្យជាប់ពន្ធនាគាររយៈពេល 1ឆ្នាំ និងពិន័យជាប្រាក់ប្រមាណ 200លានរៀល ( ប្រហែល 5ម៉ឺនដុល្លារ) នៅក្នុងសំណុំរឿងទម្លាយរូបអាក្រាតកាយរបស់ វ៉ាន់ នីឡា កាលពីឆ្នាំ2015 កន្លងទៅ។ ប៉ុន្តែរហូតមកដល់ពេលនេះ ជនជាប់ចោទឈ្មោះ គុយ សិទ្ធិស័ក្ដិ នៅតែបន្តមានសេរីភាពដើរហើរធម្មតាយ៉ាងរំភើយ គ្មានខ្លាចនរណាបន្តិចសោះឡើយ។
ហើយនៅថ្ងៃទី15 ខែសីហា ឆ្នាំ2018 ព្រឹកម្សិលមិញនេះ តារាចម្រៀងស្រីរូបនេះបានចេញវីដេអូនិយាយរៀបរាប់អំពីការដែលខ្លួនមិនទាន់បានទទួលពន្លឺយុត្តិធម៌ និងចំណាត់ការពីតុលាការ។ នាងបាននិយាយទាំងអារម្មណ៍មិនអស់ចិត្តថា រូបនាងមិនសប្បាយចិត្តសោះ ព្រោះតាំងពីសាលក្រមតុលាការប្រកាសរហូតមកដល់ពេលនេះ រយៈពេល 1ឆ្នាំហើយ រូបនាងមិនទាន់បានទទួលសំណងជាប្រាក់នៅឡើយ ចំណែកជនល្មើសនៅតែបន្តនៅក្រៅឃុំទៀត។ នាងថា ពេលដែលនាងបានទៅបង្ហាញមុខនៅតុលាការព្រឹកមិញនេះ គឺបានត្រឹមតែស្តាប់ការលើកឡើងពីមេធាវីថា «កូនក្តីមានបញ្ហាសំខាន់ក្នុងគ្រួសារមិនបានចូលមកដោះស្រាយ» ទៅវិញ…។
កញ្ញា វ៉ាន់ នីឡា បានអះអាងថា ខ្លួនត្រូវបាត់បង់ការងារ និងអាជីពសិល្បៈរបស់ខ្លូន ខណៈដែលអតីតគូស្នេហ៍ លោក គុយ សិទ្ធិស័ក្ដិ វិញមានតួនាទីជាមន្ត្រីរាជការ ហើយកំពុងតែបម្រើការងារយ៉ាងធម្មតាហាក់ដូចជាគ្មានអ្វីកើតឡើង។ សួរថា តើអ្នកប្រព្រឹត្តល្មើសត្រូវនៅក្រៅឃុំយ៉ាងរីករាយបែបនេះឬយ៉ាងណា ? នេះគឺជាអ្វីដែលនាងបានសួរទៅកាន់មហាជនឱ្យលោកជួយគិតគូរ។ នាងក៏បានលើកឡើងដែរថា បន្ទាប់ពីប្រកាសហ្នឹងមក នាងខ្ញុំអត់បានទទួលផលអីនៅឡើយទេ រហូតដល់ថ្ងៃនេះ។ ថ្ងៃខែឆ្នាំដដែល នាងខ្ញុំចូលសាលាឧទ្ធរណ៍ ប៉ុន្តែគេលើកថ្ងៃវិញ នាងខ្ញុំអត់ដឹងខាងតុលាការលើកថ្ងៃដល់ពេលណា ថ្ងៃខែឆ្នាំណាទេ គឺនាងខ្ញុំអត់យល់តែម្ដង។
គួបញ្ជាក់ផងដែរថា កវីនិពន្ធ លោក សុខ ជំនោរ ជាបងប្រុសបង្កើត បានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តចំពោះប្រព័ន្ធយុត្តិធម៌នៅក្នុងតុលាការ ដោយលោកហាក់ដូចជាអស់ជំនឿនឹងការកាត់សេចក្ដីលើសំណុំរឿងមួយនេះ និងបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា «មានប្រជាជនភាគច្រើនលើសលុប យល់ និងឆ្អែត និងខ្លាច ហើយគេទ្រាំស្ងៀម ទាំងចុកចាប់ក្នុងការរស់នៅជាមួយភាពអយុត្តិធម៌។ គេចាយលុយរៀនសូត្រ ដើម្បីចេះដឹង ហើយមានលុយ និងខ្សែទៀត ដើម្បីយកបានតួនាទី។ ខ្ញុំធំដឹងក្តីមក គឺឃើញអ៊ីចឹង។ ខ្ញុំនៅចាំបានថា កូនអ្នកតូចហែរហមកូនអ្នកធំ ជាឱកាសធ្វើឱ្យកូនអ្នកធំកាន់តែធំ (បទវិភាគរបស់កាសែតថ្មីថ្មី កាលពីជាង1ឆ្នាំមុន) ខ្ញុំពេញចិត្តពាក្យនេះណាស់ វាបានបំភ្លឺភ្នែកខ្ញុំ។ សង្ឃឹមថារឿងរ៉ាវនេះអាចដោះស្រាយដោយតុលាការ មិនមែនតុឡាការ»។
ដើម្បីឱ្យកាន់តែច្បាស់ពីសម្ដីនៃការទាមទាររកយុត្តិធម៌របស់តារាចម្រៀងស្រី វ៉ាន់ នីឡា សូមទស្សនាវីដេអូរៀបរាប់របស់នាងខាងក្រោមនេះ៖