គប់ភ្លើង Asian Games លើកទី18 បានទៅដល់រដ្ឋធានីហ្សាការតា របស់ប្រទេសឥណ្ឌូនេស៊ីហើយ កាលពីថ្ងៃពុធ ដើម្បីបញ្ចប់ការធ្វើដំណើររយៈពេល 1ខែពេញ ទូទាំងប្រទេសប្រជុំកោះដ៏ច្រើននៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
គប់ភ្លើងមួយនេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយក្រុមតន្ត្រី ក្រុមអ្នករាំក្បាច់ប្រពៃណី និងក្រុមប្រគំតន្ត្រីនានា ក្រោយពីការចាប់ផ្តើមដំណើរនាំយកគប់ភ្លើងមួយនៅតំបន់មជ្ឈមណ្ឌលវប្បធម៌ Yogyakarta ក្នុងប្រទេសម្ចាស់ផ្ទះមួយនេះ កាលពីថ្ងៃទី17 ខែកក្កដា។
គប់ភ្លើងមួយនេះត្រូវបានដុតនៅរដ្ឋធានី New Delhi របស់ប្រទេសឥណ្ឌា ដែលបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Asian Games ដំបូងគេ កាលពីឆ្នាំ1951។ គណៈកម្មការរៀបចំការប្រកួតសង្ឃឹមថា ការរត់បណ្តាក់គ្នាយកគប់ភ្លើងមួយនេះនឹងទាក់ទាញអ្នកទស្សនាយ៉ាងហោចណាស់ 1លាននាក់ទូទាំងរដ្ឋធានីឥណ្ឌូនេស៊ីនេះ។
អ្នកនាំយកគប់ភ្លើង 10,000នាក់ ក្នុងនោះរាប់បញ្ចូលទាំងអតីតតារាវាយសីដ៏ឆ្នើមរបស់ឥណ្ឌូនេស៊ី Rudy Hartono, IcukSugiartoនិង Ricky Subagja ផងដែរនោះ នឹងចូលរួមក្នុងការរត់បណ្តាក់គ្នានេះ។ គប់ភ្លើងមួយនេះនឹងត្រូវទៅដល់កីឡដ្ឋាន Gelora Bung Karno នៅថ្ងៃសៅរ៍នេះ សម្រាប់កម្មវិធីបើកការប្រកួតនៃព្រឹត្តិការណ៍ Asian Games ដើម្បីបញ្ចប់ការធ្វើដំណើរចម្ងាយ 18,000គីឡូម៉ែត្រទូទាំងទីក្រុងចំនួន 54។
ឥណ្ឌូនេស៊ី នឹងទទួលអត្តពលិកប្រមាណជា 11,000នាក់ និងមន្ត្រីកីឡា 5,000នាក់មកពីប្រទេសក្នុងអាស៊ីទាំង45 សម្រាប់ព្រឹត្តិការណ៍ដែលនឹងចាប់ផ្តើមពីថ្ងៃទី18 ខែសីហា ដល់ទី2 ខែកញ្ញា៕
ប្រភពពី៖ Channel News Asia