ការនាំចេញក្រោមប្រព័ន្ធអនុគ្រោះពន្ធរបស់កម្ពុជានៅឆមាសទី1 ដើមឆ្នាំ2018នេះ បានសម្រេចប្រមាណជា 6,229លានដុល្លារសហរដ្ឋអាមេរិកដែលបានកើនឡើងជាង15% បើធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ2017 ដែលមានទឹកប្រាក់ត្រឹមតែ 5,386លានដុល្លារអាមេរិក។
ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាស្តីពីអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល(ជំនាន់ទី2 និងទី3) និងបើកវគ្គបណ្តុះបណ្តាលអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល (ជំនាន់ទី4)ថា សហភាពអឺរ៉ុប អាមេរិក កាណាដា ជប៉ុន ចិន និងអាស៊ាន គឺជាទីផ្សារដែលស្រូបយកផលិតផលកម្ពុជាបានច្រើនជាងគេ ដោយផលិតផលទាំងនោះមានដូចជាសម្លៀកបំពាក់ ស្បែកជើង កាបូប ជ័រកៅស៊ូ អង្ករ ដំឡូងមី និងផលិតផលកសិកម្មផ្សេងៗទៀត។
គួររំឭកដែរថា ដើម្បីជួយពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងនីតិវិធីពាក់ព័ន្ធនឹងការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ក៏ដូចជាការផ្តល់ឯកសារនាំចេញ-នាំចូលឱ្យកាន់តែមានប្រសិទ្ធភាព ក្រសួងពាណិជ្ជកម្មតាមរយៈវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) បានសហការជាមួយនាយកដ្ឋាននាំចេញ-នាំចូលបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល» ចំនួន 3វគ្គរួចមកហើយ ដោយមានសិក្ខាកាមចូលរួមសរុប 180នាក់។
តាមរយៈវគ្គបណ្តុះបណ្តាលទាំងនេះ បានធ្វើឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជាមានវឌ្ឍនភាពល្អប្រសើរ។ ជាក់ស្តែងទឹកប្រាក់នាំចេញរបស់កម្ពុជានៅក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារបរទេសក្នុងឆ្នាំ2017 មានតម្លៃសរុប 11,153លានដុល្លារអាមេរិក គឺបានកើនឡើងប្រមាណ18% បើប្រៀបធៀបនឹងឆ្នាំ2016 ដែលមានទឹកប្រាក់ត្រឹមតែ 9,421លានដុល្លារអាមេរិកនោះ៕