ខណៈតាំងគភ៌ ជាពិសេសតាំងគភ៌លើកដំបូង ស្រ្តីមានគភ៌អាចនៅមិនទាន់ដឹង ឬដឹងមិនអស់សេចក្ដីពាក់ព័ន្ធនឹងទង្វើដែលមិនស័ក្តិសម ឬចំណុចហាមឃាត់ផ្សេងៗដែលគ្រូពេទ្យជំនាញបានហាម ឬអនុញ្ញាតឱ្យធ្វើដែរ តែត្រូវធ្វើឱ្យតិចបំផុតដើម្បីសុខភាពរបស់ទាំងម្ដាយ និងកូនក្នុងគភ៌។ ចំណុចហាមឃាត់ទាំងនោះមានហេតុផលត្រឹមត្រូវច្បាស់លាស់ខាងវិទ្យាសាស្រ្ត មិនមែនជាជំនឿតៗគ្នានោះឡើយ។
1. ហាមមួម៉ៅ ធុញថប់ តានតឹងអារម្មណ៍
ខណៈដែលរាងកាយមានភាពធុញថប់តានតឹង ខួរក្បាលនឹងបញ្ជាទៅក្រពេញអាឌ្រីណាលីន ដែលស្ថិតនៅខាងលើក្រលៀនឱ្យបញ្ចេញអ័រម៉ូននៃភាពធុញថប់តានតឹងអារម្មណ៍មួយប្រភេទចេញមក ហុចផលឱ្យរាងកាយមានអារម្មណ៍ចង់ញ៉ាំអាហារ ធ្វើឱ្យស្រ្តីមានគភ៌ត្រូវតែញ៉ាំអាហារចូលទៅច្រើន។ ធុញថប់តានតឹងច្រើន ញ៉ាំច្រើន ធាត់ច្រើន ធ្វើឱ្យស្រ្តីមានគភ៌ឡើងទម្ងន់ព្រឹបៗដែលជារឿងមិនល្អឡើយសម្រាប់ស្រ្តីមានគភ៌ និងក្រៅពីនោះ ស្រ្តីមានគភ៌ដែលមានអារម្មណ៍មួម៉ៅធុញថប់តានតឹងច្រើន ទារកក្នុងផ្ទៃក៏នឹងទទួលផលប៉ះពាល់ដូចគ្នា ដែលក្រោយពេលប្រសូតចេញមក ទារកច្រើនតែមានទង្វើពិបាកចិញ្ចឹម និងយំរករឿងច្រើន។
2. ហាមហាត់ប្រាណបង្ខំ និងហាត់ខ្លាំង
គ្រប់ត្រីមាសរបស់ការតាំងគភ៌ គួរហាត់ប្រាណតែល្មមសមរម្យបានហើយ។ ក្នុងត្រីមាសដំបូង បើប្រឹងហាត់ប្រាណខ្លាំង និងហក់លោតពេក នឹងកើតកម្លាំងញ័ររញ្ជួយខ្លាំងមានផលប៉ះពាល់តួកំណើត អាចបណ្ដាលឱ្យរលូតបាន។ សម្រាប់ត្រីមាសទី2 និងទី3 វិញបើសិនហាត់ប្រាណខ្លាំងក្លាពេក រាងកាយនឹងប្ដូរផ្លាស់ហ្គាសអុកស៊ីហែ្ស៊នមិនទាន់ ធ្វើឱ្យទារកកើតមានសភាវខ្វះអុកស៊ីែហ្ស៊នបាន។
3. ហាមពាក់ស្បែកជើងកែងចោត
ស្រ្តីមានគភ៌ច្រើនតែមកជួបគ្រូពេទ្យដោយអាការឈឺខ្នងជាញឹកញាប់ តើនរណាទៅនឹកឃើញថា មូលហេតុគឺមកពីស្បែកជើង? ការដែលស្រ្តីមានគភ៌ពាក់ស្បែកជើងកែងចោតខ្ពស់ៗ ធ្វើឱ្យសាច់ដុំនៅម្ដុំកំភួនជើង ភ្លៅ ចង្កេះនិងខ្នង កើតភាពតានតឹង និងអាការឈឺចាប់តាមមក។ ក្រៅពីនេះនៅជួបប្រទះទៀតថា ស្បែកជើងកែងចោតបានធ្វើឱ្យចំណុចរួមនៃទម្ងន់ខ្លួនរបស់ស្រ្តីមានគភ៌បាត់បង់តុល្យភាព អាចធ្វើឱ្យដួល និងបណ្ដាលឱ្យរលូតបុត្របាន។
4. ហាមញ៉ាំថ្នាំផ្ដេសផ្ដាស
ចំណុចនេះសំខាន់ខ្លាំងណាស់ ជាពិសេស 12សប្ដាហ៍ដំបូង ព្រោះជាអំឡុងពេលកកំណើត សាងអវយវៈដែលសំខាន់ៗរបស់តួកំណើត។ បើញ៉ាំថ្នាំដែលបង្កអន្តរាយនឹងមានភាពប៉ះពាល់បណ្ដាលឱ្យមានពិការភាពដល់ទារកក្នុងគភ៌បាន ដូចជា ពិការដៃជើង ឆែបមាត់ជាដើម ជាពិសេសពពួកថ្នាំបំបាត់មុន និងនៅឱ្យឆ្ងាយពីសារធាតុគីមីផ្សេងៗ ដូចជា ថ្នាំបាញ់មូស។ល។ បើមានអាការជំងឺធ្ងន់ធ្ងរគួរទៅជួបគ្រូពេទ្យជំនាញ។
5. ហាមចូលគេងយប់ជ្រៅ
ស្រ្តីមានគភ៌ត្រូវគេងលក់សម្រាកឱ្យបានគ្រប់គ្រាន់យ៉ាងតិច 8ម៉ោងក្នុងមួយយប់។ បើគេងពេលយប់មិនគ្រប់គ្រាន់ ក្នុងអំឡុងពេលថ្ងៃចូរស្រ្តីមានគភ៌គេងលក់សម្រាកមួយស្រឡេត ជាពិសេសបំផុតក្នុងរយៈពេល14សប្ដាហ៍ដំបូងនៃការតាំងគភ៌។ មានការសិក្សាស្រាវជ្រាវនៅប្រទេសសហរដ្ឋអាមេរិកមួយបានរកឃើញថា ស្រ្តីមានគភ៌ដែលគេងបានតិចជាងមួយយប់ 5ម៉ោង នឹងប្រថុយនឹងការត្រូវជំងឺផ្សេងៗយាយីរហូតពេលមួយរយៈកាលនៃការតាំងគភ៌ ដែលអាចបង្កគ្រោះថ្នាក់ទៅដល់ទារកក្នុងគភ៌នៅទីបំផុត។
6. ហាមអត់អាហារ និងសម្រកទម្ងន់
បើស្រីមានគភ៌គ្មានចំណុចកម្រិតខាងវេជ្ជសាស្រ្តថា ត្រូវកម្រិតអាហារទេនោះគួរទទួលទាមអាហារឱ្យគ្រប់ និងសមល្មមទៅតាមតម្រូវការរបស់រាងកាយ ព្រោះការសិក្សាស្រាវជ្រាវដដែលនោះបានរកឃើញថា ស្រ្តីមានគភ៌ដែលតម ឬអត់អាហារ ធ្វើឱ្យទារកមានអត្រាក្នុងការប្រសូតមុនកាលកំណត់ខ្ពស់ និងអាចពិការខួរក្បាល ដោយសារតែនៅក្នុងអាហារទាំង
5. ប្រភេទក្រុមមានសារធាតុអាហារដែលសំខាន់
ដល់ការបំប៉នខួរក្បាលទារក ដូចជា សារធាតុហ្វូលេតដែលបានពីបន្លែផ្លែឈើ និងវីតាមីនផ្សេងៗដែលជួយក្នុងការសាងអវយវៈសំខាន់ៗ។ សម្រាប់ស្រ្តីមានគភ៌ដែលបារម្ភខ្លាចធាត់នោះក្រោយពេលប្រសូត ឡារ៉ែន សូមណែនាំ ឱ្យចិញ្ចឹមកូនដោយទឹកដោះខ្លួនឯងតែម្យ៉ាងគត់ នោះធានាថា ទម្ងន់នឹងស្រកចុះយ៉ាងឆាប់រហ័សមិនខាន។
7. ហាមរំលង ឬខកខានការណាត់ពិនិត្យគភ៌
ស្រ្តីមានគភ៌ត្រូវតែដឹងខ្លួនជាប់ជានិច្ចអំពីភាពសំខាន់នៃការពិនិត្យគភ៌ ព្រោះរាងកាយរបស់ម្ដាយ និងកូនក្នុងផ្ទៃមានការប្រែប្រួលគ្រប់ពេលវេលា បើរកឃើញភាពខុសប្រក្រតីណាមួយរបស់ម្ដាយ ឬទារកក្នុងគភ៌ គ្រូពេទ្យនឹងបានផ្ដល់ការជួយសង្គ្រោះទាន់ពេលវេលាតែបើសិនជាខកខាន ឬរំលងការណាត់ពិនិត្យគភ៌នៅថ្ងៃនោះ គួរតែទៅជួបគ្រូពេទ្យនៅថ្ងៃបន្ទាប់កុំរំលងឱ្យសោះ។ (នៅមានត)