ពាក្យថា ការអប់រំ មិនសំដៅតែការសិក្សានៅក្នុងសាលាតែមួយមុខគត់នោះទេ តែវាផ្តោតសំខាន់លើការទទួលយកចំណេះដឹងប្រកបដោយគុណភាពសម្រាប់ជួយដល់ការអភិវឌ្ឍជីវិត និងប្រើប្រាស់សម្រាប់ជួយដល់មនុស្សទូទៅក្នុងសង្គម។
លោក ព្រើន សុវង្ស ព្រឹទ្ធបុរសរង ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងព័ត៌មានវិទ្យា ទទួលបន្ទុកដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានលើកឡើងថា ការអប់រំ គឺផ្តោតសំខាន់លើការបណ្តុះបណ្តាលទាំងក្រៅសាលា និងក្នុងសាលា ព្រោះការធ្វើការងារនៅក្នុងក្រុមហ៊ុន ឬស្ថាប័នមួយ គឺត្រូវការធាតុផ្សំច្រើន។ ការសិក្សានៅក្នុងសាលា គឺសិក្សាពីក្បួនច្បាប់ដែលគេចងក្រងទុក ដើម្បីអនុវត្តការងារឱ្យត្រឹមត្រូវតាមអ្វីដែលបានកំណត់ ឬជាការសិក្សាពីជំនាញ ក្នុងការដោះស្រាយបញ្ហាសំខាន់ៗនៃប្រភេទការងារនីមួយៗឱ្យត្រឹមត្រូវ។ បើគ្មានក្បួនខ្នាត ឬជំនាញត្រឹមត្រូវទេនោះ ការធ្វើការងារអាចប្រឈមនឹងបញ្ហាខ្វះភាពហ្មត់ចត់ មានចន្លោះប្រហោងច្រើន និងអាចធ្វើឱ្យការងារនោះមិនមានគុណភាពល្អសម្រាប់ជាប្រយោជន៍ដល់មនុស្សទូទៅជាដើម។ តែទោះជាយ៉ាងនេះក្តី ការមានជំនាញពីក្នុងសាលាតែមួយមុខគត់ គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេព្រោះដើម្បីឱ្យអនុវត្តការងារបានល្អចាំបាច់ត្រូវការធាតុផ្សំច្រើន។
លោកសាស្ត្រាចារ្យ ព្រើន សុវង្ស បាននិយាយថា៖ “ដើម្បីធ្វើការងារបានល្អ ឬប្រកបរបរអាជីវកម្មបានរីកចម្រើន ចាំបាច់ត្រូវតែសិក្សាពីចំណេះដឹងជាច្រើនផ្សេងទៀតដែលមាននៅក្រៅសាលា ដូចជាការទំនាក់ទំនងរវាងក្រុមការងារ ឥរិយាបថរបស់មនុស្សទូទៅនៅក្នុងសង្គមជាក់ស្តែង និងការរៀបចំឥរិយាបថដើម្បីដឹកនាំក្រុមការងារជាដើម”។
លោកសាស្ត្រាចារ្យ បានបន្ថែមទៀតថា ការ-អប់រំពិតប្រាកដមាននៅគ្រប់ទីកន្លែង តែមនុស្សក៏មិនអាចបោះបង់ការអប់រំនៅក្នុងប្រព័ន្ធអប់រំបានដែរ ព្រោះគ្មានផ្នែកណាមួយអាចបំភ្លេចបានទេសម្រាប់ការរស់នៅ។ ចំណេះដឹងជាក្បួនសម្រាប់ការងារក៏ចាំបាច់ត្រូវចេះដើម្បីបង្កើតផលិតផល ឬសេវាកម្មមួយឱ្យល្អ ហើយចំណេះដឹងដែលចេះពីខាងក្រៅសាលាក៏ចាំបាច់ត្រូវតែចេះដើម្បីយកវាមកអភិវឌ្ឍជំនាញដែលមានស្រាប់ឱ្យកាន់តែមានសក្តានុពល និងក្លាយជាតម្រូវការដ៏សំខាន់សម្រាប់មនុស្សទូទៅ។
អ្នកជំនាញអប់រំខាងលើបានលើកឡើងផងដែរថា ការអប់រំពិតប្រាកដមានគ្រប់ទីកន្លែង ព្រោះក្រៅពីការអប់រំក្នុងសាលា យើងក៏អាចសិក្សាស្វែងយល់ពីកត្តាខាងក្រៅមួយចំនួនដូចជាការអនុវត្តការងារជាក់ស្តែងនៅក្នុងក្រុមហ៊ុន ក្រុមការងារស្ម័គ្រចិត្ត អង្គការ ឬស្ថាប័ននានាដែលវាអាចមានលក្ខណៈមិនដូចគ្នាទៅនឹងមេរៀននោះទេ ហើយកន្លែងទាំង-អស់នេះសុទ្ធតែជាកន្លែងល្អសម្រាប់ការរៀនសូត្រ។
លោក កែវ ឡង់ឌី អគ្គនាយកក្រុមហ៊ុនស្រមោច Trading Solution បានលើកឡើងថា ទីណាក៏ជាសាលារៀនដែរ ព្រោះមនុស្សរស់នៅក្នុងស្ថានភាពខុសគ្នា របៀបរបបសង្គមខុសគ្នា មានតម្រូវការ និងបញ្ហាខុសគ្នា ហេតុនេះមានរឿងច្រើនណាស់ដែលត្រូវសិក្សា។ ចំណុចនេះហើយដែលធ្វើឱ្យយើងឃើញថាមេរៀនដែលយើងរៀនក្នុងសាលាពេលខ្លះមិនដូចគ្នាទៅនឹងការអនុវត្តជាក់ស្តែង។ នៅពេលដែលយើងយល់ដឹងពីការអប់រំពិតប្រាកដ យើងនឹងឃើញថាការបើកចិត្តឱ្យទូលាយទទួលយកការអប់រំ គឺជារឿងសំខាន់ ព្រោះមានរឿងច្រើនណាស់ដែលយើងអាចសិក្សាបានពីការរស់នៅជាក់ស្តែងការចូលរួមក្នុងកម្មវិធីសំខាន់ៗមួយចំនួន និងការសិក្សាជាក់ស្តែងជាមួយនឹងការងារជារឿងសំខាន់ដែលត្រូវធ្វើ។
លោក កែវ ឡង់ឌី បាននិយាយថា៖ “ពិភពលោកមានការប្រែប្រួលជារៀងរាល់ថ្ងៃ ហេតុនេះជំនាញទាំងអស់នៅក្នុងសាលាត្រូវតែដេញតាមភាពបត់បែននោះ។ ចំពោះអ្នកសិក្សាក៏ដូចគ្នា ចាំបាច់ត្រូវតែមានភាពបត់បែនខ្ពស់ បើមិនដូច្នោះទេ បន្ទាប់ពីយើងរៀនចប់ ចំណេះដឹងនោះនឹងអាចហួសពេលសម្រាប់ការប្រើប្រាស់ក៏មានដែរ”។
អ្នកជំនួញ និងជាអ្នកអប់រំខាងលើបានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ជាយុគសម័យបច្ចេកវិទ្យាព័ត៌មាន ហេតុនេះការសិក្សាស្រាវជ្រាវមានភាពងាយស្រួលជាងមុន។ ចំពោះការទំនាក់ទំនងរវាងមនុស្សក្នុងពិភពលោកក៏មានលក្ខណៈជិតស្និទ្ធជាងមុនដែរ ដែលកត្តានេះធ្វើឱ្យមនុស្សមានឱកាសច្រើនក្នុងការសិក្សា។ ហេតុនេះចំណុចសំខាន់គឺយុវវ័យត្រូវចេះឆក់យកឱកាសល្អនៃការអប់រំទាំងអស់នោះ តាមរយៈការចំណាយពេលវេលាស្រាវជ្រាវ ទំនាក់ទំនង ចូលរួម និងទាញយកចំណេះដឹងសំខាន់ៗសម្រាប់ការរស់នៅឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន បន្ថែមពីលើអ្វីដែលបានរៀនពីសាលា ដើម្បីធានាថាយើងអាចរក្សាបាននូវនិរន្តរភាពនៃគុណភាពការងារសម្រាប់គ្រប់សម័យកាល៕