អត្តពលិករាប់ពាន់នាក់ នឹងធ្វើដំណើរទៅចូលរួម ខណៈដែលឥណ្ឌូនេស៊ី នឹងត្រូវធ្វើការត្រៀមលក្ខណៈជាលើកចុងក្រោយរបស់ខ្លួន ដើម្បីធ្វើជាម្ចាស់ផ្ទះ Asian Games ដែលជាព្រឹត្តិការណ៍កីឡាចម្រុះដ៏ធំបំផុតលំដាប់ទី2 របស់ពិភពលោក ស្របពេលដែលវានឹងប្រព្រឹត្តទៅក្នុងពេលមានការភ័យខ្លាចអំពីភេរវកម្ម កង្វល់អំពីបញ្ហាបរិស្ថាន និងបញ្ហាដ៏ឈឺក្បាលលើភ័ស្តុភារ។
គណៈកម្មការរៀបចំការប្រកួតកំពុងតែលុបចោលនូវកង្វល់ផ្សេងៗអំពីការរៀបចំរបស់ពួកគេ ប៉ុន្តែ ប្រទេសឥណ្ឌូនេស៊ីមិនធ្លាប់បានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏ធំក្នុងកម្រិតនេះឡើយ ខណៈដែលអត្តពលិក និងមន្ត្រីកីឡាចំនួន16,០០០នាក់ នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងហ្សាការតា និងPalembang ដែលជាទីក្រុងស្ថិតនៅលើកោះកំពង់ផែស៊ូម៉ាត្រា។ ខណៈពេលដែលព្រឹត្តិការណ៍អូឡាំពិកមានចំនួនអ្នកចូលរួមច្រើនជាងនោះ កីឡាអាស៊ីដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី18 ខែសីហា រហូតដល់ថ្ងៃទី2 ខែកញ្ញា គឺជាយុទ្ធនាការប្រកបដោយភាពស្មុគស្មាញ ខណៈដែលវាមានប្រភេទកីឡាដល់ទៅ40 ក្នុងនោះរាប់បញ្ចូលទាំងវិញ្ញាសាអូឡាំពិក និងវិញ្ញាសាកីឡាដែលពេញនិយមក្នុងតំបន់ផងដែរ។ ក្រុមប្រទេសជើងខ្លាំងចិន សង្ឃឹមថា នឹងដណ្តើមយកចំណាត់ថ្នាក់នៅលើកំពូលតារាងមេដាយរបស់ពួកគេមកវិញ ពីលើក្រុមជប៉ុន និងកូរ៉េខាងត្បូង ដែលនឹងដើរដង្ហែរជាក្បួនរួមគ្នាជាមួយនឹងកូរ៉េខាងជើង ក្នុងកម្មវិធីបើកការប្រកួត និងបង្កើតក្រុមរួមគ្នាលើវិញ្ញាសាកីឡាបាល់បោះ ការប្រណាំងទូកកានូ និងទូកចែវ។
សម្រាប់ប្រទេសចូលរួមទាំង45 ដែលតំណាងឱ្យប្រជាជន2/3 នៃចំនួនប្រជាជនរួមក្នុងពិភពលោក ព្រឹត្តិការណ៍កីឡារយៈពេល 4ឆ្នាំម្តងមួយនេះ គឺជាកម្មវិធីកីឡាដ៏សំខាន់បំផុត ខណៈដែលវានឹងផ្តល់ឱកាសឱ្យប្រកួតដណ្តើមមេដាយ ដែលមានភាពលំបាកដូចក្នុងកម្រិតអូឡាំពិកដែរ៕
ប្រភពពី៖ Channel News Asia