ស្របពេលដែលវិស័យហិរញ្ញវត្ថុមានការរីកចម្រើនខ្លាំងនៅកម្ពុជា បានធ្វើឱ្យសេវាកម្មផ្ទេរប្រាក់មានការរីកចម្រើនខ្លាំងផងដែរ ដោយមកទល់ឆមាសទី1 ឆ្នាំ2018 ក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់បានកើនឡើងដល់ចំនួន 14គ្រឹះស្ថាន។
យោងតាមរបាយការណ៍របស់ធនាគារជាតិបង្ហាញថា បច្ចុប្បន្នគ្រឹះស្ថានផ្តល់សេវាផ្ទេរប្រាក់ ឬសេវាទូទាត់សងប្រាក់ដែលកំពុងធ្វើប្រតិបត្តិការនៅកម្ពុជាមានចំនួន 14គ្រឹះស្ថាន រួមមាន៖ធនាគារឯកទេសវីង គ្រឹះស្ថានអ៊ីម៉ាន់នី ទ្រូម៉ាន់នី លីហួរផេប្រ៉ូ ផាយផេ ស្មាតអាត្យាតា(ស្មាតលុយ) ស៊ីធេល(អឹមផេ) អេស៊ាឃែសអ៊ិចប្រែស ស្ពីតផេ កាណាឌីយ៉ា ហ្វុលលើតុន (តារាផេ) ឃូប៊ីល អ៊ីឌាល និងអាយផេ88។
ជាមួយគ្នានេះ កម្ពុជាក៏មានអ្នកដំណើការតតិយភាគីមួយចំនួនទៀតដែរដូចជា សេវាផ្ទេរប្រាក់វ៉េសស្ទឺនញ៉ូញៀន ម៉ាន់នីក្រាម អាយអឹមអ៊ី អ៊ិចប្រេសម៉ាន់នី និងស្វ៊ីស។ ក្នុងនោះគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់នីមួយៗ បានអនុវត្តយកគំរូអាជីវកម្មដូចៗគ្នា ក្នុងការផ្តល់សេវាទូទាត់ដល់សាធារណជន ដូចជាការផ្ទេរប្រាក់ ដកប្រាក់ ដាក់ប្រាក់ ក្នុងគណនីអ៊ីវ៉ាឡេត ទូទាត់តម្លៃរាយ ទូទាត់វិក្កយបត្រ ទូទាត់សង់កម្ចី និងទូទាត់អនឡាញ។
ចំពោះក្របខ័ណ្ឌក្នុងការត្រួតពិនិត្យគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ បច្ចុប្បន្នការត្រួតពិនិត្យផ្តោតលើក្របខ័ណ្ឌហានិភ័យចម្បងៗ ដូចជានីតិវិធីក្នុងការចុះឈ្មោះអតិថិជន ហានិភ័យប្រព័ន្ធប្រតិបត្តិការ ឬប្រព័ន្ធសុវត្ថិភាព ការរក្សាសុវត្ថិភាពសាច់ប្រាក់ ក្នុងគណនីអាណត្តិព្យាបាល យន្តការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ការគ្រប់គ្រងភ្នាក់ងារ និងកិច្ចការពារអតិថិជន៕