សុខភាពរបស់កុមារជារឿងសំខាន់បំផុតសម្រាប់អនាគតរបស់ពួកគេ ព្រោះកុមារជាវ័យដែលត្រូវការបញ្ចូលព័ត៌មានល្អៗឱ្យបានច្រើនបំផុតទៅក្នុងខួរក្បាល។ ប្រសិនបើពួកគេមានសុខភាពរាងកាយមិនល្អ នោះគេក៏មិនអាចក្លាយជាមនុស្សឆ្លាតវៃផ្នែកបញ្ញាបានដែរ នេះបើតាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក។
ដើម្បីឱ្យកុមារមានសុខភាពល្អ អាណាព្យាបាលបានបំប៉នតាមវិធីសាស្ត្ររៀងៗខ្លួនតាមចំណេះដឹងដែលធ្លាប់បានជួបប្រទះ តែទោះជាយ៉ាងនេះក្តី ក្នុងចំណោមវិធីសាស្រ្តសំខាន់ៗដើម្បីជួយកុមារឱ្យក្លាយជាមនុស្សរឹងមាំ ការបំបៅដោះម្តាយត្រូវបានគេមើលឃើញថាជាចំណុចងាយស្រួល និងអាចអនុវត្តបាននៅគ្រប់ទីកន្លែងមិនថានៅទីក្រុង ឬតំបន់ជនបទនោះទេ។
តាមការបញ្ជាក់របស់អង្គការ UNICEF បានឱ្យដឹងថា ការបំបៅដោះជាការជួយសង្គ្រោះជីវិត ហើយជារឿងចាំបាច់បំផុតក្នុងរយៈពេល6ខែដំបូងនៃជីវិតរបស់ទារក ព្រោះវាអាចជួយបង្ការជំងឺរាក និងជំងឺរលាកសួត។ ហេតុនេះហើយទើបការបំបៅដោះកូនត្រូវបានគេទទួលស្គាល់ថា ជាថ្នាំបង្ការដំបូងបំផុតសម្រាប់ទារក៕