ការប្រឡងមធ្យមសិក្សាទុតិយភូមិដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី20 ខែសីហា ឆ្នាំ2018 ប៉ុន្មានថ្ងៃទៀតនេះនឹងមានលក្ខណៈតឹងតែងមិនខុសពីឆ្នាំមុនៗនោះទេ។ មានសិស្សជាច្រើនព្រួយបារម្ភជាមួយនឹងភាពហ្មត់ចត់នៃការប្រឡងនេះដែលធ្វើឱ្យពួកគេប្រឹងប្រែង និងភ័យព្រួយកាន់តែខ្លាំងនៅពេលថ្ងៃប្រឡងកាន់តែខិតជិតមកដល់។
ទោះជាយ៉ាងនេះក្តី ការខិតខំប្រឹងប្រែងរៀនបង្ខំពេក ឬភ័យស្លន់ស្លោ មិនមែនជាមធ្យោបាយល្អសម្រាប់សិស្សត្រៀមប្រឡងនោះទេ ព្រោះដំណាក់កាលមួយសប្តាហ៍មុនពេលប្រឡងនេះជាដំណាក់កាលដែលត្រូវសម្រាក ឬជាពេលមើលសេចក្តីសង្ខេបមេរៀនតាមដំណើរ ដើម្បីដកស្រង់យកចំណុចគួរចងចាំខ្លះៗជំនួយដល់ការប្រឡងជាក់ស្តែង។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក អ៊ឹង ង៉ោហុក ប្រធាននាយកដ្ឋានប្រឡងបានលើកឡើងថា មុនពេលប្រឡងនេះ ក្រសួងអប់រំ យុវជន និងកីឡាបានបង្ហោះឯកសារសំខាន់ៗជាច្រើនទាំងមុខវិជ្ជា វិទ្យសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងមុខវិជ្ជាវិទ្យាសាស្រ្តសង្គមមួយចំនួន ដើម្បីជំនួយដល់សិស្សត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ។ នៅក្នុងឯកសារទាំងអស់នោះ គឺជាសេចក្តីសង្ខេប និងចំណុចគន្លឹះសំខាន់ៗដែលអាចធ្វើឱ្យសិស្សងាយយល់ ឆាប់ចាប់បានចំណុចសំខាន់ៗដែលខ្លួនធ្លាប់បានរៀនរួចមកហើយ និងជាជំនួយដល់ការរំឮកមេរៀនសម្រាប់ពួកគេផងដែរ។
នៅដំណាក់កាលមុនប្រឡងនេះ សិស្សអាចចំណាយពេលវេលាប៉ុន្មានថ្ងៃដើម្បីរំឭកមេរៀនសង្ខេបរបស់ខ្លួនឱ្យបានល្អ ហើយសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីយកកម្លាំងប្រឡងឱ្យបានល្អ ព្រោះការរៀនបង្ខំពេកអាចធ្វើឱ្យប៉ះពាល់ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដែលអាចធ្វើឱ្យសិស្សភ្លេចភ្លាំងច្រើននៅពេលសរសេរលើសន្លឹកវិញ្ញាសា៕