ទើបតែបានបង្ហោះប៉ុន្មានម៉ោងប៉ុណ្ណោះ ប៉ុន្តែបទចម្រៀង Original Song ដែលមានចំណងជើងថា «អំណាចលុយ» របស់តារាចម្រៀងកញ្ញា ប៊េប៊ី ត្រូវគេមើលឃើញថាមានការចែកចាយ និងចូលស្ដាប់រហូតដល់ម៉ឺនដងឯណោះ ពិតជាមិនធម្មតាឡើយ។ នេះជាបទចម្រៀងដែលនាងចេញស្ទីលរ៉េបយ៉ាងប្លែកត្រចៀក ខណៈដែលតារាស្រីរូបនេះក៏បានប្រកាសដែរថានឹងចំណាយទុនផលិតជា MV ឱ្យញាក់សាច់ម្ដង បន្ទាប់ពីបទចម្រៀងនេះចេញមកហើយ ទទួលបានការពេញនិយមលើសពីការគ្រោងទុកបែបនេះ។
អ្នកស្នេហាវិស័យបទចម្រៀងរ៉េបច្រើននាក់បានសរសើរមិនដាច់ពីមាត់ជាមួយនឹងសមត្ថភាពរបស់នាង ដែលក្រៅពីអាចបកស្រាយបទចម្រៀងបែបមនោសញ្ចេតនា និងបទប្រភេទញាក់ៗបានល្អហើយ ស្រាប់តែនាងអាចបកស្រាយបទចម្រៀងប្រភេទរ៉េបមួយបទនេះបានទៀត។ មកទល់ម៉ោងនេះ បទចម្រៀង«អំណាចលុយ»របស់នាងកន្ត្រាក់បានអ្នកស្ដាប់ច្រើនមិនធម្មតាឡើយ ដោយសារតែអត្ថន័យរបស់បទនេះត្រូវចិត្តមនុស្សភាគច្រើន ហើយក៏ជាបទបើកឆាកដែលនាងបកស្រាយប្រភេទរ៉េបដែរ ចាប់តាំងពីនាងវិវឌ្ឍខ្លួនក្លាយជាតារាចម្រៀងយុវវ័យមក។
កញ្ញា ប៊េប៊ី បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា នាងមានអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ដែលបទចម្រៀងមួយបទនេះ ទើបបង្ហោះបានប៉ុន្មានម៉ោងកាលពីថ្ងៃទី14 សីហា ប៉ុណ្ណោះ តែមានអ្នកចូលទស្សនាកើនដល់រាប់ម៉ឺននាក់ ក្នុងពេលដែលនាងបានប្រកាសថា នាងគ្រាន់តែចេញបទចម្រៀងប្រភេទរ៉េបនេះដើម្បីស្ទាបស្ទង់សមត្ថភាពប៉ុណ្ណោះ។ នាងថា មួយបទនេះធ្វើឱ្យនាងកាន់តែមានកម្លាំងចិត្តក្នុងការបញ្ចេញបទថ្មីទៀត ដែលនាងមានគម្រោងផលិតបទរ៉េបៗឱ្យប្លែកត្រចៀកបែបនេះដើម្បីវាយលុកទីផ្សារជាបន្តបន្ទាប់ផងដែរ។ ក្នុងនោះនាងបានប្រកាសថា នាងបានត្រៀមរួចរាល់ហើយនូវការផលិត MV បទ«អំណាចលុយ»នេះ ដោយនឹងធ្វើឱ្យបទនេះកាន់តែផ្ទុះខ្លាំងឡើងក្នុងស្រទាប់យុវវ័យ ខណៈដែលស្ទីលដែលនាងនឹងរំលេចក្នុង MVនោះ ក៏នាងបានត្រៀមធ្វើឱ្យប្លែកខុសពីបទចម្រៀងមុនៗដែរ៕