ការប្រកបរបរកសិកម្ម កសិករមិនគួរធ្វើការដាំដុះទៅតាមទម្លាប់ ឬតាមការនឹកឃើញនោះទេពោលគឺត្រូវលៃលកជ្រើសរើសដាំដំណាំនៅរដូវណាដែលមិនសូវចំណាយលុយច្រើន ហើយប្រមូលផលលក់ចំពេលដែលមានតម្រូវការទីផ្សារ ខ្លាំងដែលនេះជាការលើកឡើងរបស់កសិករដាំអំពៅនៅក្នុងខេត្តកំពង់ឆ្នាំង។
លោក ឡាយ ម៉េងហៃ កសិករដាំអំពៅនៅក្នុងភូមិក្តុល ឃុំក្តុល ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា បើចង់ដាំអំពៅគេត្រូវដាំនៅរដូវភ្លៀងធ្លាក់ ទើបយើងមិនចាំបាច់ចំណាយប្រាក់ទិញប្រេងដាក់ម៉ាស៊ីនបូមទឹកស្រោច ហើយត្រូវចេះប៉ាន់ប្រមាណ រដូវកាលប្រមូលផលមកវិញថា តើគួរប្រមូលផលនៅពេលណាដែលមានតម្រូវការខ្ពស់នៅលើទីផ្សារ?។
លោកថា សម្រាប់បទពិសោធរបស់លោក គឺតែងទទួលបានជោគជ័យនៅក្នុងការប្រកបរបរដាំអំពៅនេះ ដោយលោកនឹងចាប់ផ្តើមដាំនៅដើមខែមិថុនាជារៀងរាល់ឆ្នាំ ហើយតែងប្រមូលផលលក់នៅរដូវប្រាំង គឺចាប់ពីខែកុម្ភៈ រហូតដល់ចូលឆ្នាំខ្មែរហើយចន្លោះពីខែមេសា ដល់ខែឧសភារៀងរាល់ឆ្នាំនីមួយៗទើបអំពៅកាប់លក់អស់ ហើយចាប់ផ្តើមភ្ជួរដីចោល ទុកដាំសាជាថ្មីទៀត។
លោកថា អំពៅលក់ដាច់ខ្លាំង និងបានថ្លៃខ្ពស់នៅរដូវប្រាំង ដោយសារអតិថិជនទិញបន្តយកទៅកៀបទឹកលក់នៅតាមមុខរោងចក្រ សហគ្រាស និងលក់តាមលំនៅឋានប្រជាពលរដ្ឋនានានៅក្នុងក្រុងភ្នំពេញ វាមានការគាំទ្រច្រើនដោយសារតែអាកាសធាតុក្តៅ ប៉ុន្តែបើមេឃត្រជាក់ ពិសេសនៅរដូវវស្សាវិញនោះមិនមានការទិញច្រើនទេ ដែលនេះជាកត្តាធ្វើឱ្យអំពៅធ្លាក់ថ្លៃ ម្ចាស់ចម្ការអាចខាតដើមច្រើន ដូច្នេះគួរចៀសវាងការដាំអំពៅរួចហើយប្រមូលផលលក់នៅរដូវវស្សា។
ជាទូទៅអំពៅមួយបាច់មាន 12ដើម ដែលតម្លៃជាមធ្យមចាប់ពី 8,000រៀល ដល់1,2000រៀលក្នុងមួយបាច់ ទៅតាមគុណភាពអំពៅល្អ ឬមិនល្អ ឬអាស្រ័យទៅលើដើមតូច និងដើមធំ។ សម្រាប់ស្តង់លក់អំពៅរបស់លោក ម៉េង ហៃ ដែលដាក់លក់ដោយខ្លួនឯងនៅម្តុំរោងចក្រកាណាឌីយ៉ាលើផ្លូវវេងស្រេងមានការគាំទ្រច្រើន ដោយមួយថ្ងៃអាចលក់បានប្រមាណជា 1,000បាច់ឯណោះនៅរដូវប្រាំង ហើយនៅរដូវនោះលោកមិនមានអំពៅលក់ទេ ដោយសារចម្ការដាំមុនត្រូវបានកាប់លក់អស់តាំងពីខែឧសភាក្រោយចូលឆ្នាំមកម៉្លេះ ហើយចម្ការថ្មីក៏ទើបតែចាប់ផ្តើមដាំកាលពីខែមិថុនាថ្មីៗនេះ ដែលនឹងអាចប្រមូលផលលក់បានក៏នៅពេលមុនចូលឆ្នាំឯណោះ ពោលគឺចាប់ពីខែកុម្ភៈ ដើមឆ្នាំក្រោយទៅ។
ដើម្បីឱ្យការដាំដុះអំពៅទទួលបានផលល្អ កសិករគួរកាប់ថ្នាំងអំពៅ ទៅផ្សាំឱ្យដុះចេញជាកូនជាមុនសិន ហើយអំឡុងពេលនោះកសិករគួរឆ្លៀតពេលភ្ជួរដីឱ្យបាន 1លើកទៅ 2លើក ដើម្បីឱ្យដីក្លាយជាល្បាយធូរ និងឱ្យស្មៅងាប់ឱ្យបានច្រើនផង ហើយទើបលើករងជាជួរៗចន្លោះពីគ្នាមួយម៉ែត្រមួយ។ នៅពេលត្រាក់ទ័រភ្ជួរលើកជារងរួច កសិករត្រូវជីករណ្តៅដែលមានជម្រៅ 3តឹក និងមានទំហំ 3តឹក4ជ្រុងឃ្លាតពីគ្នាកន្លះម៉ែត្រក្នុងមួយរណ្ដៅសម្រាប់ដាក់ដាំកូនអំពៅ។
ក្រោយពីជីករណ្តៅរួច គេត្រូវដាក់ជីទ្រាប់បាតរួចទើបយកកូនអំពៅទៅដាក់ដាំតាមរណ្តៅ ដែលគេកាប់រួចជាជួរៗទៅតាមរងនីមួយៗនោះ នៅក្នុងដំណាក់កាលនោះបើសិនមិនមានមេឃភ្លៀងទេ គេត្រូវបូមទឹកស្រោចមួយសប្តាហ៍ម្តងរហូតដល់កូនអំពៅចាប់ឫសដុះលូតលាស់ល្អ។ ឯវិធីសាស្ត្រដាំដុះម្យ៉ាងទៀត គេមិនចាំបាច់បណ្តុះកូនទុកជាមុនក៏បានដែរ តែគេអាចរើសថ្នាំងអំពៅណាដែលមានភ្នែកល្អៗមកកាប់ដាក់ដាំនៅតាមរណ្តៅនីមួយៗតែម្តង ក៏អំពៅអាចដុះឡើងបានដូចគ្នាដែរ តែដុះមិនសូវល្អ ឬមិនបានដុះគ្រប់ចំនួនតាមការដាំនោះទេ កសិករអាចយកចុងអំពៅទៅដាក់ដាំជួសកន្លែងណាដែលមិនដុះបាន ដើម្បីកុំឱ្យខាតដី និងកុំឱ្យបាត់បង់ទិន្នផលផង។
កសិករខាងលើអះអាងថា ជាទូទៅលោកតែងដាំអំពៅនៅពេលដឹងថាដល់រដូវធ្លាក់ភ្លៀងចៀសវាងការចំណាយប្រាក់ច្រើនក្នុងការរៀបចំប្រព័ន្ធទឹក ឬទិញប្រេងមកបូមទឹកស្រោចអំពៅ។ ហើយនៅពេលធ្លាក់ភ្លៀងកូនអំពៅនឹងលូតលាស់បានល្អ។ ក្នុងដំណាក់កាលលូតលាស់ដំបូង កសិករគួរដាក់ជីនៅតាមគុម្ពអំពៅនីមួយៗ ហើយយកត្រាក់ទ័រភ្ជូរដីកប់ជី ដើម្បីឱ្យវាលូតលាស់រឹតតែល្អឡើង រហូតដល់ដើមអំពៅលូតធំឡើងបាន 5ទៅ6ថ្នាំង គេត្រូវសកស្លឹកវាចេញម្តងដើម្បីឱ្យលូតកម្ពស់បានកាន់តែខ្ពស់ឡើង ហើយនៅពេលដើមអំពៅលូតបានកម្ពស់ជាង 1ម៉ែត្រ ទើបគេសកស្លឹកវាម្តងទៀត។ លោកថាក្នុងមួយឆ្នាំគេអាចប្រើជី 2 ទៅ3លើក ដើម្បីឱ្យដើមអំពៅលូតលាស់ល្អ និងមានដើមថ្លោសធំៗដែលអាចលក់បានថ្លៃ។ ហើយបើសិនជាយើងថែទាំភ្ជួរដីដាក់ជីបានល្អ យើងនឹងអាចប្រមូលបានលឿនត្រឡប់មកវិញ ជាពិសេសអាចកាប់លក់បាននៅពេលទីផ្សារមានតម្រូវការខ្លាំង គឺចាប់ពីខែកុម្ភៈរហូតដល់ខែឧសភា។
គួរបញ្ជាក់ថា ក្នុងមួយហិកតាគេអាចដាំអំពៅបានប្រមាណជា 2ម៉ឺនគុម្ព ដោយក្នុងមួយគុម្ពមានជាមធ្យម 3ដើម ដូច្នេះសរុបទៅគេទទួលបានអំពៅចំនួន 60,000ដើម ឬស្មើនឹង5,000បាច់ ហើយបើមួយបាច់ថ្លៃមានតម្លៃជាមធ្យម 10,000រៀល ដូច្នេះក្នុងមួយហិកតា កសិករនឹងទទួលបានប្រាក់ជាង1ម៉ឺនដុល្លារ ដោយផាត់សោហ៊ុយ និងការចំណាយផ្សេងៗអស់ទៅ កសិករអាចទទួលបានកម្រៃច្រើនគួរសមដែរ។ ប៉ុន្តែបើសិនជាអំពៅគ្មានតម្រូវការនៅក្នុងទីផ្សារ ពេលខ្លះកសិករត្រូវទុកចោល ឬដុតចោលទាំងចម្ការក៏មាន។ ប៉ុន្តែសម្រាប់លោក ម៉េង ហៃ មិនមែនដាំអំពៅតាមការនឹកឃើញ ឬដាំទាំងប្រថុយប្រថាននោះទេ បើសិនជាគ្មានម៉ូយទៅទិញ គឺលោកនឹងដឹកមកលក់ដោយខ្លួនឯងនៅភ្នំពេញតែម្តង៕