ការវិនិយោគលើវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នកំពុងមានសម្ទុះខ្លាំងដោយសារតែវិស័យដីធ្លី និងអចលនទ្រព្យ ក៏មានចំណែកពាក់ព័ន្ធជាមួយផងដែរបើទោះបីជាមានការបោះឆ្នោតជាតិក៏ដោយក៏គេមើលឃើញថា មិនមានការថមថយណាមួយកើតឡើងទេ ក្នុងនោះក៏មានការវិនិយោគទៅលើកន្លែងស្នាក់នៅ រមណីយដ្ឋាន ដែលសញ្ញាណនេះ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាក៏ចង់បានការវិនិយោគណាដែលមាននិរន្តរភាពនៅក្នុងវិស័យទេសចរណ៍នេះផងដែរ។ នេះបើតាមការឱ្យដឹងពីលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA (The Cambodia Association of Travel Agents)។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឱ្យដឹងថា បច្ចុប្បន្នតំបន់ឆ្នេរ និងកោះនានារបស់កម្ពុជា បាននិងកំពុងត្រូវបានវិនិយោគដោយក្រុមហ៊ុនឯកជនមួយចំនួនដោយទទួលបានការជំរុញ និងបង្ហាញទិសដៅពីក្រសួងពាក់ព័ន្ធក្នុងការអភិវឌ្ឍតំបន់ឆ្នេរឱ្យក្លាយជាគោលដៅទេសចរណ៍ថ្មី បន្ទាប់ពីកម្ពុជាសម្បូរដោយតំបន់ទេសចរណ៍វប្បធម៌ ដូចជាប្រាង្គប្រាសាទជាដើម។ កិច្ចខំប្រឹងប្រែងនេះ ធ្វើឡើងដើម្បីត្រៀមឆ្លើយតបទៅនឹងកំណើនអ្នកទេសចរអន្តរជាតិដែលនឹងអាចកើនដល់ 7លាននាក់ក្នុងឆ្នាំ2020 ខាងមុខនេះ ខណៈដែលកម្ពុជាកំពុងផ្តោតសំខាន់ទៅលើទេសចរណ៍បែបធម្មជាតិ។
លោកស្រីបន្ថែមថា បច្ចុប្បន្នចំនួនភ្ញៀវទេសចរជាងកន្លះលាននាក់បានទៅទស្សនានៅតំបន់ឆ្នេរ ដែលស្មើនឹង3 ទៅ4ដងនៃតំបន់ទេសចរណ៍ផ្សេងៗ ដូច្នេះយើងត្រូវមានផែនការមេមួយសម្រាប់អភិវឌ្ឍតំបន់ឆ្នេរ ដើម្បីធានាលើការអភិវឌ្ឍ និងរក្សាបាននូវចំណុចល្អៗដែលយើងគួរមានការអភិវឌ្ឍ ដូចជាការស្នាក់នៅ ហូបចុក និងសេវាកម្សាន្តជាដើម។
សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានលើកឡើងថា ការអភិរក្សតំបន់ឆ្នេរ និងការរុករក រមណីយដ្ឋានទេសចរណ៍បន្ថែម ក៏ជាផ្នែកមួយសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនានៅកម្ពុជាឱ្យមានការកើនឡើងដែរ។ លោកស្រីបញ្ជាក់ថា រមណីយដ្ឋានថ្មីៗដែលត្រូវបានរកឃើញ រួមមានរមណីយដ្ឋានដូងទេរ ក្នុងខេត្តកំពត រមណីយដ្ឋានឆ្នេរកោះឋានសួគ៌ ក្នុងខេត្តព្រះសីហនុ និងរមណីយដ្ឋានកោះរ៉ុងសន្លឹមជាដើម។
ឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមហ៊ុនវើលប្រ៊ីដ (Worldbride Groups) បានមានប្រសាសន៍ទាក់ទងនឹងវិស័យទេសចរណ៍នេះថា ខ្ញុំមិនមែនអ្នកប្រកបរបរខាងវិស័យទេសចរណ៍ទេ តែជាការសង្កេត និងពិនិត្យទៅលើវិស័យទេសចរណ៍ខ្មែរ អ្នកប្រកបអាជីវកម្មទេសចរណ៍នាំគ្នាធ្វើអ្វីដោយសារការកើនឡើងជាចរន្តនៃវិស័យទេសចរណ៍ (Trend) ដែលមានលំហូរចូលមកស្រុកខ្មែរ។ ខ្ញុំបានឃើញប្រតិបត្តិករទេសចរណ៍(Tour Operator) ដែលចង់ឱ្យទេសចរមកលេងនៅស្រុកយើង និងគិតថាត្រូវធ្វើយ៉ាងម៉េចឱ្យគេមកលេងម្តងហើយម្តងទៀត ព្រោះកន្លងមកប្រទេសយើងគេមកលេងបានតែម្តងទេ គេមិនដែលមកជាលើកទី2 ឬទី3ឡើយ។
លោកឧកញ៉ាបន្តថា បើគេមកមើលអង្គរវត្តគេមិនមកជាលើកទី2 ទេ ព្រោះអង្គរវត្តមានតែមួយ វាអត់មានដំណាក់កាលថ្មី ដូច្នេះត្រូវស្វែងរកដំណាក់កាលថ្មីថា តើទេសចរមកមើលអង្គរ គេនឹងទៅកន្លែងណាទៀត? ខ្ញុំជឿថា Tour Operator បានគិត គ្រាន់តែថាការគិតនោះអាចទៅរួច ឬទៅមិនរួចតែប៉ុណ្ណោះ?។ ប្រតិបត្តិករទេសចរណ៍ និងក្រសួងទេសចរណ៍ត្រូវគិតថា តើត្រូវដើរទៅផ្លូវណា? យើងមានភ្ញៀវច្រើនឬទេ? ឬគិតតែត្រឹមថា យើងមានរដូវមានភ្ញៀវ(High season) រដូវអត់ភ្ញៀវ(Low season) បើយើងគិតតែ 2ចំណុចហ្នឹង យើងមិនអាចគិតពីផលិតផល(Product)ថ្មីកើតទេ។ ឥឡូវយើងមើលទៅកោះវិញ កោះគឺជា Product ថ្មីរបស់វិស័យទេសចរណ៍ក្នុងស្រុកយើងតែការអភិវឌ្ឍកោះយើងអាចធ្វើទៅបាន គឺអាស្រ័យលើអ្នកអភិវឌ្ឍអចលនទ្រព្យដែរ នេះបើយើងនិយាយពីការអភិវឌ្ឍនៅលើកោះ ហើយបើនិយាយពីការអភិវឌ្ឍ វិស័យទេសចរណ៍ និងវិស័យអចលនទ្រព្យត្រូវតែស្របទៅជាមួយគ្នា។
អ្នកទេសចរមានសណ្ឋានខុសៗគ្នា អ្នកទេសចរខ្លះគាត់ចូលចិត្តបែបអេកូ អ្នកខ្លះគាត់ចូលចិត្តបែបវប្បធម៌ អ្នកខ្លះចូលចិត្តបែបធម្មជាតិ អ្នកខ្លះទៀតចូលចិត្តបែបឆ្នេរសមុទ្រ ទាំងអស់ហ្នឹងជាចំណុចមួយដែលបង្ហាញថា អចលនទ្រព្យក៏ជាចង្កោមរបស់វិស័យទេសចរណ៍ដែរ ដូច្នេះការអភិវឌ្ឍកោះដំណើរការទៅបាន ទាល់តែគិតជាថ្មី និងត្រូវតែគិតថា នៅលើកោះ តើត្រូវសាងសង់សណ្ឋាគារ ឬសង់រីសត? យើងមិនត្រូវមើលតែលើរដូវមានភ្ញៀវ ឬរដូវអត់ភ្ញៀវនោះទេ ព្រោះស្រុកខ្មែរយើងពីដីគោកទៅកោះជិះត្រឹមតែ40នាទី ឬ1ម៉ោងប៉ុណ្ណោះ ហើយយើងមានអ្នករកស៊ីកាណូតដ និងកប៉ាល់ដឹកអ្នកដំណើរច្រើនប៉ុន្តែមិនទាន់មានស្តង់ដារនៅឡើយ។
ប្រតិបត្តិករទេសចរណ៍ត្រូវធ្វើអ្វីឱ្យមានស្តង់ដារដើម្បីឱ្យមានភាពទាក់ទាញនៅលើកោះ។ បើវិស័យឆ្នេរ ផ្នែកខាងរីសតគេអត់មានគិតពីមានរដូវមានភ្ញៀវ ឬរដូវអត់ភ្ញៀវទេ យើងត្រូវគិតថាអ្នកទេសចរគេមិនមែនមកគ្រាន់តែគេង ឬហែលទឹកនោះទេ តែយើងត្រូវបង្កើតសកម្មភាព(Activity) ឬសេវាកម្ម(service) ផ្សេងទៀតដើម្បីឱ្យទេសចរគេមកលេង។ ដូច្នេះត្រូវសំណូមពរទៅរដ្ឋាភិបាលឱ្យគិតគូរលើកោះ ដោយអភិវឌ្ឍបែបថែរក្សាបរិស្ថាន បើមិនគិតទេ យើងនឹងជួបបញ្ហានៅថ្ងៃក្រោយដូច កោះនៅអ៊ុយរូហ្គាយ និងហ្វ៊ីលីពីនអ៊ីចឹង។
ប្រតិបត្តិករទេសចរណ៍ត្រូវគិតពីការអភិវឌ្ឍជាសណ្ឋាគារ រីសត ឬបាងហ្គាឡូ ដែលជាការទាក់ទាញទេសចរឱ្យមកស្រុកយើងឱ្យបាន តែយើងត្រូវការជួបជជែកពិភាក្សាឱ្យបានច្រើនរវាងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងប្រតិបត្តិករទេសចរណ៍ ទើបកោះយើងមានសកម្មភាព និងឈានទៅរកការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យរីកចម្រើនឡើង។
លោក តេង រិទ្ធី ស្ថាបនិក និងនាយកក្រុមហ៊ុន Founder & Director, Property Investment Realty Partner បានមានប្រសាសន៍ថា ខ្ញុំយល់ថា ដីនៅកម្ពុជានៅសល់ពីការវិនិយោគនៅមានវិសាលភាពធំនៅឡើយ។ យើងនៅមានព្រៃឈើ សម្បត្តិធម្មជាតិ អរិយធម៌ វប្បធម៌យើងល្អជាងគេច្រើន។ ភាគខាងលិចប្រទេសមានឆ្នេរស្រស់ កោះស្អាត មានព្រៃកោងកាងជាចំណុចទាក់ទាញដល់ភ្ញៀវទេសចរណ៍ បើប្រៀបធៀបនឹងប្រទេសជិតខាង។
លោក រិទ្ធី បន្តថា ពិតមែនតែយើងមានអំណោយផលក្នុងវិស័យទេសចរណ៍មែន តែយើងនៅខ្វះអ្នករៀបចំ មិនទាន់មានអ្នករៀបចំឱ្យល្អ ឱ្យត្រូវស្តង់ដារ ទើបមិនទាន់មានការទាក់ទាញខ្លាំង។ ការស្នាក់នៅលំដាប់ខ្ពស់ តែសេវាកម្មមិនបានល្អ ការទទួលបដិសណ្ឋារកិច្ចមិនទាន់ទៅដល់លំដាប់នោះ។ តែយើងទទួលស្គាល់ថា វិស័យនេះរីកចម្រើនខ្លាំង ក្នុងនោះយើងត្រូវគិតដល់សេវាកម្ម អនាម័យ សណ្តាប់ធ្នាប់ដែលកត្តានេះជាការទាក់ទាញសម្រាប់ប្រតិបត្តិករទេសចរណ៍ ប្រៀបដូចជាច្បាប់ដែលយើងត្រូវគោរព នោះភ្ញៀវទេសចរដែលមកកម្សាន្តគេនឹងគោរពតាម។
ឥឡូវរដ្ឋាភិបាលរៀបចំបានច្រើន ដែលមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយរហូតដល់អឺរ៉ុប អាមេរិកទាំងក្នុងស្រុកក៏បានល្អប្រសើរជាងមុនដែរ តែក៏មិនត្រូវភ្លេចពង្រឹងនូវវិស័យនេះដែរ ដោយធ្វើយ៉ាងណាឱ្យភ្ញៀវពេញចិត្ត សប្បាយ នៅកម្សាន្តឱ្យបានយូរ ឬមកលេងលើកក្រោយទៀត ដោយត្រូវផ្តល់នូវស្នាមញញឹមដល់គាត់ ដោយប្រើសិទ្ធិប្រកួតប្រជែងដើម្បីឱ្យវិស័យនេះរីកចម្រើនទាំងអស់គ្នា។ ការប្រើសិទ្ធិបាន ទាល់តែយើងមានភាពស្អាត សេវាល្អ សណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាព។
តាមការព្យាកររបស់ក្រសួងទេសចរណ៍បានបង្ហាញថា នៅឆ្នាំ2020 ខាងមុខនេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ កើនឡើងដល់ប្រមាណជា 7លាននាក់ ក្នុងនោះភ្ញៀវទេសចរជនជាតិចិនមកលេងកម្ពុជាយ៉ាងតិចក៏ 2លាននាក់ដែរ ដោយនឹងនាំមកនូវចំណូលសរុបប្រមាណជា 5ពាន់លានដុល្លារ និងបង្កើតឱកាសការងារដោយផ្ទាល់ដល់ប្រជាពលរដ្ឋប្រមាណជាជិត 1លាននាក់៕