អគ្គនាយកដ្ឋានពន្ធដារដែលមានតួនាទីស្នូលក្នុងការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ ក្នុងរយៈពេល 7ខែដើមឆ្នាំនេះប្រមូលចំណូលពន្ធបានចំនួនជាង 1ពាន់លានដុល្លារ (1,356.36) ឬស្មើនឹងជាង70% នៃផែនការដែលកំណត់ដោយច្បាប់។ នេះបើតាមរបាយការណ៍កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែរបស់អគ្គនាយកដ្ឋានពន្ធដារ។
ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារថ្លែងឱ្យដឹងថា លទ្ធផលក្នុងការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ (Online) ក្នុងខែកក្កដាកន្លងទៅនេះមានចំនួនជាង 689ពាន់លានរៀលស្មើប្រមាណជាង 172លានដុល្លារ កើនឡើងចំនួន 186ពាន់លានរៀល ឬប្រមាណជាង ៤៦លានដុល្លារអាមេរិក ស្មើនឹងជាង 37% បើធៀបរយៈពេលដូចគ្នានៃចំណូលក្នុងខែកក្កដា កាលពីឆ្នាំ2017។
យោងតាមការបញ្ជាក់របស់ឯកឧត្តម គង់ វិបុល ចំណូលដែលទទួលបានក្នុងរយៈពេល 7ខែ ដើមឆ្នាំ2018 អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករបានចំនួនជាង 5ពាន់លានរៀល(5,425.56ពាន់លានរៀល)ឬប្រមាណជាង 1ពាន់លានដុល្លារ(1,356.36លានដុល្លារ)ឬស្មើនឹងជាង70%នៃផែនការ ។
ក្នុងនោះ បើធៀបទៅនឹងរយៈពេល 7ខែដើមឆ្នាំ2017 ឃើញថា ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទក្នុង7ខែ ឆ្នាំ2018នេះ បានកើនឡើងចំនួនជាង 700ពាន់លានរៀល (7,085.6ពាន់លានរៀល) ឬប្រមាណជិត 180លានដុល្លារ (177,14លានដុល្លារ) ឬស្មើនឹងជាង15%។
ឯកឧត្តមបានបន្តថាកំណើនចំណូលពន្ធក្នុងខែកក្កដានេះ បានឆ្លុះបញ្ចាំងថា សាធារណជន និងអ្នកវិនិយោគជាតិ និងអន្តរជាតិមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាលយ៉ាងមុតមាំ៕