តារាកំប្លែងជើងចាស់លោក អ៊ូ បុណ្ណារ៉ាត់ ហៅនាយក្រឹម បានក្លាយជាឪពុករបស់កូនភ្លោះស្រី ដែលទើបនឹងកើត ក្រោមចំណងស្នេហាលួចលាក់។
គួររំឭកផងដែរថា កាលពីប៉ុន្មានខែមុន ស្នេហាលួចលាក់ដែលនាយក្រឹមតែងតែបដិសេធជាមួយបណ្ដាញសារព័ត៌មាននានាកន្លងមក បានដឹងដល់ភរិយាដើមរបស់លោក ដែលកាលនោះបានធ្វើឱ្យអ្នកស្រី និងកូនប្រុសឆួលចុងច្រមុះយ៉ាងខ្លាំង រហូតដល់មានប្រតិកម្មថា នឹងដាក់ពាក្យប្ដឹងតារាកំប្លែង ស្រីលាភ ហៅនាងព្រលិត នោះទៀតផង។ យ៉ាងណាក៏ដោយ ជុំវិញកំណើតកូនភ្លោះស្រីក្រៅខាន់ស្លារបស់នាយក្រឹម និងតារាកំប្លែងកូនក្រុមរបស់ខ្លួន គឺអ្នកនាងស្រីលាភនោះ នៅមិនអាចសុំការបកស្រាយផ្ទាល់ពីតារាសិល្បៈមួយគូដែលបានផ្តល់កំណើតកូនភ្លោះថ្មីៗនេះបានទេ ខណៈនាយក្រឹម ដែលចាប់តាំងពីល្បីថា ស្រីលាភមានកូនជាមួយខ្លួនហើយនោះ លោកក៏មិនសប្បាយចិត្តនឹងព័ត៌មានដែលផ្សព្វផ្សាយអំពីរឿងនេះដែរ។
កន្លងមកអ្នកនាងព្រលិតតែងបង្ហាញរូបភាពជាលក្ខណៈក្រុមគ្រួសារជាមួយលោក អ៊ូ បុណ្ណារ៉ាត់ តែថ្មីៗនេះស្រាប់តែអ្នកនាងបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើហ្វេសប៊ុក ខណៈដើរលេងកម្សាន្ដរួមគ្នាជាលក្ខណៈគ្រួសារជាមួយកូនៗ និងនាយក្រឹមយ៉ាងសប្បាយរីករាយជាមួយស្នាមញញឹមដ៏មានសុភមង្គលជាទីបំផុត។ សូមជម្រាបថា អ្នកទាំងពីរបានដាក់ឈ្មោះកូនភ្លោះរបស់ពួកគេថា អេលលីណា និងអេលលីសា។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺនៅត្រង់ថា ចាប់តាំងពីទទួលដំណឹងថា មានកូនភ្លោះក្នុងផ្ទៃមក នាងស្រីលាភបានសម្ងំលាក់ខ្លួនបាត់មុខឈឹងពីវិស័យសិល្បៈ សូម្បីតែការដើរហើរតាមទីសាធារណៈ ក៏កម្រនឹងឃើញដែរ ពិសេសការទៅណាមកណាជាមួយនាយក្រឹម គឺមិនដែលសោះតែម្តង។ តែនៅពេលនេះ ហាក់បីដូចជាអ្នកនាងកំពុងតែចង់លាតត្រដាង និងបើកចំហអំពីទំនាក់ទំនងស្នេហាជាមួយនាយក្រឹមម្ដងទៀតហើយ។
បើទោះជាគេដឹងច្បាស់ថា រវាងនាយក្រឹម និងអ្នកនាងលាភមានទំនាក់ទំនងស្នេហា និងរស់នៅជាគូស្នេហ៍នឹងគ្នារហូតដល់មានកូនភ្លោះស្រីទៅហើយក្តី ប៉ុន្តែបើនិយាយពីគម្រោងរៀបការវិញ គឺហាក់គ្មានពន្លឺទាល់តែសោះ ខណៈដែលភរិយាដើមនាយក្រឹមវិញនៅតែមានកំហឹងមិនទាន់រលត់នៅឡើយ៕