ក្នុងគោលដៅពង្រឹង និងពង្រីករោងម៉ាស៊ីនកិនស្រូវនៅកម្ពុជាឱ្យកាន់តែមានភាពទូលំទូលាយ សម្រាប់ផលិតអង្ករឱ្យបានកាន់តែច្រើន ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB គ្រោងនឹងផ្តល់កម្ចីរហូតដល់ជាង 3លានដុល្លាទៅកាន់ម្ចាស់រោងម៉ាស៊ីនកិនស្រូវនីមួយៗក្នុងចំណោមរោងម៉ាស៊ីនកិនស្រូវធំៗទាំង10 នៅកម្ពុជា។
ប្រកាសផ្តល់ប្រាក់កម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ីទៅដល់ម្ចាស់រោងមាស៊ីនកិនស្រូវនៅកម្ពុជា បានធ្វើឡើងនៅក្នុងជំនួបជាមួយលោក មូលសារិទ្ធីអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា និងលោកUng Malar តំណាងស្ថាប័នស្រាវជ្រាវ និងអភិវឌ្ឍន៍(SBK)ដើម្បីពិភាក្សាគម្រោងស្តីពីការអភិវឌ្ឍវិស័យស្រូវអង្ករ (Rice Sector Development Program) ក្រោមប្រភពទុនពីធនាគារអភិវឌ្ឍន៍អាស៊ី។
លោក Ung Malar បានមានប្រសាសន៍ថា កន្លងមកគម្រោងនេះបានសិក្សាទៅលើខេត្តចំនួន3 រួមមានខេត្តព្រៃវែង ខេត្តកំពង់ធំ និងខេត្តបាត់ដំបង ហើយផ្តោតលើភូមិចំនួន 90(ក្នុងមួយខេត្ត30ភូមិ) និងមានប្រព័ន្ធស្រោចស្រពដែលអាចគ្របដណ្តប់លើផ្ទៃដីបានរហូតដល់ 10,300ហិកតា ដោយបានសហការជាមួយក្រសួងមួយចំនួនដើម្បីអនុវត្តគម្រោងជួយដល់វិស័យស្រូវអង្ករកម្ពុជា ក្នុងនោះទី1. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវរៀបចំធ្វើផែនការក្សេត្របរិស្ថានដើម្បីកំណត់ថា តើតំបន់ណាត្រូវជាមួយដំណាំប្រភេទអ្វីជាដើម។
ទី2. ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ត្រូវរៀបចំធ្វើផែនការអភិវឌ្ឍឃុំដើម្បីកំណត់ថាតំបន់ណាសម្រាប់ធ្វើកសិកម្ម តំបន់ណាសម្រាប់ជាលំនៅឋានជាដើម។ ពិសេសគម្រោងខាងលើនេះ ខាង ADB គ្រោងនឹងផ្តល់កម្ចីរហូតដល់ជាង 3លានដុល្លារទៅកាន់រោងម៉ាស៊ីននីមួយៗ ក្នុងចំណោមរោងម៉ាស៊ីនធំៗទាំង 10 ដែលគាត់បានសិក្សាកន្លងមក។
សេចក្តីប្រកាសព័ត៌មានរបស់ ADB បានឱ្យដឹងថា គោលបំណងនៃជំនួបនេះ គឺដើម្បីទទួលបានព័ត៌មានអំពីបច្ចុប្បន្នភាពរបស់វិស័យស្រូវអង្ករកម្ពុជា ដោយក្នុងឱកាសនោះដែរលោក មូល សារិទ្ធី ក៏បានជម្រាបជូនអំពីការរីកចម្រើននៃវិស័យស្រូវអង្ករកម្ពុជា និងការងារមួយចំនួនទៀត ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តចូលរួមឱ្យកាន់តែច្រើន។ ពិសេសការជួយពិនិត្យលទ្ធភាពក្នុងការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប ដល់រោងម៉ាស៊ីន និងដល់សហគមន៍កសិកម្ម ព្រោះកន្លងមកខាងសហគមន៍កសិកម្មនៅមានការខ្វះខាតដើមទុនច្រើនជាពិសេសដើមទុនសម្រាប់ការចាប់ផ្តើមធ្វើទំនើបកម្ម កសិកម្មបានដោយខ្លួនឯង។
គូរបញ្ជាក់ថា រយៈពេល 6ខែ គិតចាប់ពីខែមករា ដល់ខែមិថុនាក្នុងឆ្នាំ2018 នេះ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានចំនួន 271,537តោន។ ចំនួននេះបានថយចុះ 5.9% បើធៀបនឹងការនាំចេញអង្ករក្នុងរយៈពេលដូចគ្នានេះកាលពីឆ្នាំ2017 ដែលមានចំនួន 288,562តោន ដោយកត្តានេះបណ្តាលមកពីតម្រូវការអង្ករក្រៅប្រទេសបានធ្លាក់ចុះជាងឆ្នាំមុន៕