ទីក្រុងដែលមានការរីកលូតលាស់ខ្លាំងខាងអគារដ៏ស្គឹមស្គៃ លឿនបំផុតនៅក្នុងចំណោមទីក្រុងទាំងអស់នៅលើពិភពលោក គឺទីក្រុងឌូបៃប្រទេសអារ៉ាប់នេះឯង។ ក្នុងមួយរយៈពេលដ៏ខ្លី ទីក្រុងឌូបៃ បានគ្របដណ្តប់ទៅដោយអគារខ្ពស់ៗមានរូបរាងដ៏អស្ចារ្យ និងគួរឱ្យទាក់ទាញបំផុត ហើយអគារទាំងនោះបានផុសឡើងជាបន្តបន្ទាប់ដូចអគារដែលជប់ឡើងពីវេទមន្តអ៊ីចឹង គឺលើសពីការគិតរបស់ពិភពលោកទៅទៀត។
ទីក្រុងមួយនេះបានក្លាយទៅជាតំបន់ទេសចរណ៍ដ៏គួរឱ្យទាក់ទាញនៅលើពិភពលោក ហើយជារៀងរាល់ឆ្នាំទីក្រុងឌូបៃ បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនមកពីគ្រប់តំបន់ និងគ្រប់ប្រទេសនៅលើពិភពលោកឱ្យមកកម្សាន្ត និងទស្សនាទិដ្ឋភាព និងភាពឡូយឆាយនៃទីក្រុងដ៏ចំណាស់មួយនេះ ដោយសារតែទីក្រុងនេះសម្បូរទៅដោយអគារដ៏ទំនើប និងខ្ពស់ត្រដែតត្រដឹមលំដាប់ពិភពលោក រួមទាំងទីកន្លែងកម្សាន្តបែបប្រពៃណីដ៏ស្រស់សោភា និងទីកន្លែងកម្សាន្តដ៏សម្បូរបែបប្លែកៗលំដាប់ពិភពលោកថែមទៀតផង។
មិនថាជាដំណើរកម្សាន្តរយៈពេលខ្លី ឬរយៈពេលវែងនោះទេ ការមកកម្សាន្តនៅទីក្រុងឌូបៃដ៏ទំនើបនេះ បានធ្វើឱ្យភ្ញៀវទេសចរទាំងអស់ដែលមកដល់ទីនេះ ទទួលបាននូវបទពិសោធន៍នៃដំណើរកម្សាន្តដ៏សែនរីករាយបំផុត ដែលពួកគេមិនអាចរកបាននៅទីក្រុង ឬប្រទេសផ្សេងទៀតនោះទេ។
នៅក្នុងទីក្រុងឌូបៃ កន្លែងកម្សាន្តដែលទទួលបាននូវប្រជាប្រិយភាពបំផុតនោះគឺ សមុទ្រខ្សាច់ដ៏ធំល្វឹងល្វើយមើលដាច់កន្ទុយភ្នែក ដែលនៅទីនោះភ្ញៀវទេសចរទាំងអស់អាចធ្វើដំណើរកម្សាន្តបែបដំណើរផ្សងព្រេង ដូចជាជិះសត្វអូដ្ឋលេងនៅលើវាលខ្សាច់, ជិះស្គីលើវាលខ្សាច់, ជិះរថយន្តប្រដេញគ្នាលេងនៅលើវាលខ្សាច់, បោះជំរុំនៅលើវាលខ្សាច់, ទស្សនារបាំ ពលេលយ របស់ជនជាតិអារ៉ាប់ និងទទួលទាន ពពឈ បែបអារ៉ាប់នៅលើវាលខ្សាច់ជាដើម។
ប្រសិនបើភ្ញៀវទេចរទាំងអស់មាន ភាពហត់នឿយជាមួយនឹងការកម្សាន្តនៅលើវាលខ្សាច់ ពួកគេក៏អាចផ្លាស់ប្តូរបរិយាកាសនៃដំណើរកម្សាន្តរបស់ពួកគេមកកម្សាន្តនៅលើកោះ Palm Islands វិញក៏បាន។
កោះដើមត្នោត (Palm Islands) គឺជាកោះមួយដ៏ស្រស់ស្អាត ដែលកសាងឡើងមានរូបរាងស្រដៀងគ្នាទៅនឹងដើមត្នោត ហើយភ្ជាប់គ្នាពីកន្លែងមួយទៅកន្លែងមួយដោយផ្លូវទឹកដ៏ខ្វាត់ខ្វែង ហើយភ្ញៀវទេសចរទាំងអស់ក៏ទទួលបាននូវអារម្មណ៍សម្រាក និងភាពរីករាយប្លែកតាមរយៈការធ្វើដំណើរតាមទូកឈើតូចៗនៅលើកោះដើមត្នោតនេះផងដែរ។
ក្រៅពីដំណើរកម្សាន្តតាមសមុទ្រខ្សាច់ និងកោះដើមត្នោត ភ្ញៀវទេសចរទាំងអស់ក៏តែងនិយមទៅកម្សាន្ត និងទិញទំនិញគ្រប់ប្រភេទនៅ Dubai Mall ដែលជាហាងលក់ទំនិញធំជាងគេនៅលើពិភពលោក។ នៅទីនោះ គឺមានលក់គ្រប់មុខទំនិញទាំងអស់ ដែលភ្ញៀវទេសចរត្រូវការ មិនថាជាសម្លៀកបំពាក់, គ្រឿងលម្អកាយ, គ្រឿងសម្អាង, គ្រឿងសង្ហារិម, គ្រឿងតាំងលម្អគេហដ្ឋាន, របស់អនុស្សាវរីយ៍តូចធំ, គ្រឿងអេឡិកត្រូនិច, ឬរបស់ប្រើប្រាស់ជារៀងរាល់ថ្ងៃនោះទេ។
ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺនៅពេលដែលភ្ញៀវទេសចរទាំងអស់ទៅដល់ទីក្រុងឌូបៃពួកគេក៏អាចរីករាយជាមួយនឹងការស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៧ ដ៏ល្បីល្បាញ និងស្រស់ស្អាតបំផុតនៅលើពិភពលោកផងដែរ គឺសណ្ឋាគារ Burj Al Arab៕