កន្លងមកថ្មីៗនេះ ការស្លៀកពាក់របស់អតីតតារាសម្តែងជាប់ងារ ជីដូនកាកី គឺអ្នកនាង ស្រីម៉ុច បានធ្វើឱ្យកក្រើកព័ត៌មានក្នុងស្រុកខ្មែរ ដោយសារតែការស្លៀកពាក់ដ៏ស៊ីចស៊ីហួសហេតុរបស់អ្នកនាងពេលចូលរួមក្នុងកម្មវិធីរបស់ហាងកែសម្ផស្សមួយ ជាហេតុធ្វើឱ្យមហាជនក៏ដូចជាអ្នកសិល្បៈរួមអាជីពបាននាំគ្នាបញ្ចេញប្រតិកម្មរិះគន់កប់ៗមាត់ទៅលើរូបអ្នកនាង ប៉ុន្តែអ្នកនាងមិនធ្លាប់បានតបតខ្លាំងៗទៅវិញជុំវិញបញ្ហានេះឡើយ។
តែដោយឡែក ដោយសារតែមានអ្នកចូល Comment អំពីភាពសិចស៊ី និងជិវិតឯកជនរបស់អ្នកនាង សុខ ស្រីម៉ុច ខ្លាំងៗពេក ទើបធ្វើឱ្យនាងបង្ហោះសារមួយឃ្លាដែលហាក់ដូចជាការឆ្លើយតបមួយយ៉ាងឈឺៗទៅកាន់អ្នករិះគន់បែបជាន់ពន្លិចថា «Damn so enjoying with my life life without jealousy or harm anyone . បញ្ជាក់ ( ជេរ whatever u want ប៉ុន្តែកុំយកឈ្មោះតារាមកអាងដើម្បីយកលេសជេរខ្ញុំ។ ខ្ញុំឈប់ពីតារានេះតាំងពី 10ឆ្នាំមុនមកម្ល៉េះ) ហើយបើសិនជាមានតារាណាម្នាក់គាត់ស្រឡាញ់ការស្លៀកពាក់អ៊ីចឹង ក៏មិនត្រូវជេរបញ្ចោគេដែរ សូមឱ្យមានសុជីវធម៌បន្តិច កុំកាត់ទោសគេដោយការស្លៀកពាក់ ( don’t judge the book by cover )»។
គួរបញ្ជាក់ផងដែរថា អ្នកនាង សុខ ស្រីម៉ុច បានប្រាប់អ្នកសារព័ត៌មានកន្លងមកថា បច្ចុប្បន្ននេះនាងមានវ័យ 40ឆ្នាំហើយ និងបានឈប់ពីសិល្បៈជាយូរណាស់មកហើយដែរ ដោយសារតែអ្នកនាងមានកូនប្រុសស្រីចំនួន 3នាក់ ព្រមទាំងត្រូវការពេលវេលាជាច្រើនសម្រាប់មើលថែទាំក្រុមគ្រួសារ ដែលសឺងតែគ្មានពេលវេលាច្រើនសម្រាប់ខ្លួនឯងផង។ ដូច្នោះហើយ ទើបអ្នកនាងសម្រេចចិត្តឈប់ពីសិល្បៈតែម្ដង ហើយអ្នកនាងបានបញ្ជាក់បន្ថែមទៀតថា អ្នកនាង ជាមនុស្សស្រីម្នាក់ដែលស្រឡាញ់ខ្លួនប្រាណខ្លាំងបំផុត ទើបអ្នកនាងព្យាយាមថែរក្សាសម្ផស្ស ដែលជាហេតុធ្វើឱ្យនាងមានសម្រស់ក្មេងជាងវ័យបែបនេះ៕