កីឡាករវាយកូនបាល់ Rafael Nadal បានរារាំងការវាយសម្រុកនៅជិតបញ្ចប់ការប្រកួតពីសំណាក់កីឡាករ StefanosTsitsipas ដើម្បីកត់ត្រាជ័យជម្នះក្នុងលទ្ធផល 6-2 និង7-6 (7/4) ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Toronto Masters កាលពីថ្ងៃអាទិត្យ។
ការដណ្តើមបានជ័យជម្នះក្នុងរយៈពេល1ម៉ោង និង45នាទី បានជួយឱ្យកីឡាករសញ្ជាតិអេស្ប៉ាញវ័យ 32ឆ្នាំរូបនេះ ឈ្នះពានជាលើកទី33 របស់គេក្នុងកម្រិតកំពូលរបស់កម្មវិធី Masters ខណៈដែលរូបគេបានឈ្នះពានអាជីពជាលើកទី80 និងបានកត់ត្រាជ័យជម្នះក្នុងការប្រកួតជាលើកទី40 របស់គេនៅរដូវកាលនេះ។
ក្នុងអំឡុងពេលនៃកម្មវិធីប្រគល់ពាន អ្នកគាំទ្រសញ្ជាតិក្រិកជាច្រើននាក់បានស្រែកច្រៀងចម្រៀងរីករាយថ្ងៃកំណើត ដើម្បីផ្ញើទៅដល់វីរបុរសថ្មីក្នុងកីឡាវាយកូនបាល់របស់ពួកគេ។ Nadalបានឱ្យដឹងថា៖ «ចូលរួមរីករាយថ្ងៃកំណើតរបស់ Stefanos។ អ្នកពិតជាធ្វើបានល្អណាស់ អ្នកមានអនាគតដ៏អស្ចារ្យមួយ។
វាមានរយៈពេលជិត 10ឆ្នាំហើយ ចាប់តាំងពីខ្ញុំបានលេងក្នុងទីក្រុង Toronto ជាលើកចុងក្រោយ»។ Nadal បានបន្ថែមទៀតថា៖ «ខ្ញុំពិតជានឹកអ្នកណាស់ ខ្ញុំនឹងព្យាយាមមកទីនេះឱ្យបានកាន់តែញឹកញាប់ឡើង។ ពាននេះពិតជាមានន័យណាស់»។
Tsitsipas បានរងបរាជ័យនៅចំថ្ងៃខួបកំណើតគម្រប់វ័យ 20ឆ្នាំរបស់គេ នៅសប្តាហ៍ចុងក្រោយនៃការបញ្ចប់ការប្រកួតកីឡាវាយកូនបាល់ដ៏ល្អបំផុតក្នុងអាជីពរបស់គេ ខណៈដែលរូបគេបានផ្តួលគូប្រជែងខ្លាំងជាប់ៗគ្នា ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ៕
ប្រភពពី៖ Channel News Asia