បន្ទាប់ពីទទួលបានភាពល្បីល្បាញតាមរយៈរឿងភាគបុរាណថៃ « បុព្វេសន្និវាស» កន្លងមក ប្រទេសថៃបានរៀបចំផ្សារបុរាណ និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រជាច្រើនកន្លែងនៅក្នុងទីក្រុងអយុធ្យា ឱ្យវិលត្រឡប់ទៅកាន់បុរាណកាលវិញ ដែលធ្វើឱ្យភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិទទួលបានអារម្មណ៍ដ៏ប្លែកថ្មីសន្លាងមួយផ្សេងទៀត។ នៅក្នុងថ្ងៃនេះ គេហទំព័រឡារ៉ែន សូមនាំអារម្មណ៍របស់ប្រិយមិត្តទាំងអស់គ្នា ធ្វើដំណើរកម្សាន្ដនៅតាមបណ្ដាផ្សារបុរាណនៅក្នុងក្រុង អយុធ្យា ។
1-តាឡាតក្រុងស៊ី (ตลาดกรุงศรี)
ផ្សារបុរាណមួយនេះ ហាក់បីដូចជាផ្សារណាត់ដ៏វែងជាងគេង និងប្លែកត្រង់ថា អ្នកលក់នៅទីនេះតម្រូវឱ្យស្លៀកសម្លៀកបំពាក់បុរាណ និងលក់អាហារប្រចាំតំបន់។ ផ្សារដ៏ធំដំបូងនេះ មានទៅតាំងនៅម្ដុំផ្លូវធំក្រុង អយុធ្យា ដែលចាប់បើកលក់ពីម៉ោង 16:00-22:00 ជារៀងរាល់ថ្ងៃ សុក្រ និងពីម៉ោង 09:00-17:00 រាល់ថ្ងៃច័ន្ទ-អាទិត្រ។
2-តាឡាតណាមបាងក្រៈចាក់ ( ตลาดน้ำวนบางกะจะ)
នេះជាផ្សារបណ្ដែតទឹកដែលទើបតែបង្កើតថ្មីនៅអំឡុង 2018 នេះ ដែលមានរោងបណ្ដែតទឹកទាំងអស់ 10 ខ្នង សាងឡើងតាមរចនាបទបែបបុរាណថៃនៅក្នុងក្រុងអយុធ្យា និងមានទីតាំងស្ថិតនៅតាមបណ្ដោយមាត់ច្រាំងទន្លេចៅផ្រៈយ៉ា ។ ផ្សារបណ្ដែតទឹកបុរាណនេះ ចាប់បើកពីម៉ោង 09:00-18:00 ជារៀងរាល់ថ្ងៃសៅរ៍-អាទិត្រ។
3-តាឡាតលុងពូថួត ( ตลาดหลวงปู่ทวดและพุทธอุทยานมหาราช)
ផ្សារ លុងពូថួត ជាផ្សារបណ្ដែតទឹកនៅក្បែរផ្លូវ សាយអេសៀ ( ถนนสายเอเชีย) ជាផ្សារដែលសម្បូរទៅដោយ អាហារ របស់ប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងតុបតែងខ្លួនបែបបុរាណ គ្រឿងអលង្ការ គ្រឿងសង្ហារឹម…ល។ អ្វីដែលពិសេសនៃប្រវត្តិផ្សារមួយនេះគឺ ជាផ្សារដែលភ្ញៀវទេសចរអាចមកធ្វើបុណ្យបូជារូបសំណាក់ព្រះតេជគុណ លុងពូថួត ទៅតាមជំនឿប្រជាជនថៃក្នុងតំបន់ក្រុងអយុធ្យានេះ។ ផ្សារបណ្ដែតទឹកនេះ មានបើកលក់ចាប់ពីម៉ោង 10:00-16:00 ជារៀងរាល់ថ្ងៃតែម្ដង។
4-តាឡាតកូងខូង បានសែងសូម ( ตลาดโก้งโค้ง บ้านแสงโสม )
មានទីតាំងស្ថិតនៅក្នុងស្រុក បាងប្រៈអ៊ីន ក្រុងច័ន្ទ ខេត្ត អយុធ្យា ជាផ្សារលក់នៅលើដីបែបបុរាណ និងវ័យចំណាស់ជាងគេ ដែលឆ្លុះបញ្ចាំងអំពីតថភាពរបស់ជនជាតិថៃនាសម័យបុរាណកាល។ ផ្សារចំណាស់នេះ មានលក់អាហារបុរាណថៃ និងអាហារហ្លួង ដែលទទួលបានការពោលសរសើរពីរស់ជាតិឈ្ងុយឆ្ងាញ់ពិសា។ ក៏មានបើកលក់ជារៀងរាល់ថ្ងៃព្រហស្បត្តិ៍-អាទិត្រ ចាប់ពីម៉ោង 10.00-16.00 នាទី។
5-តាឡាតណាមអយោថៈយ៉ា ( ตลาดน้ำอโยธยา)
មានទីតាំងនៅក្នុងក្រុងអយុធ្យា ជាផ្សារបុរាណមួយទៀតដែលបង្ហាញអំពីសិល្បៈវប្បធម៌ថៃបុរាណដល់ភ្ញៀវទេសចរមកកម្សាន្ដនៅទីនេះ។ បណ្ដែតទឹកនេះ ភាគច្រើនសម្បូរលក់សម្លៀកបំពាក់បុរាណថៃ និងគ្រឿងអនុស្សាវរីយ៍ ព្រមទាំងអាហារថៃគ្រប់ប្រភេទផងដែរ និងបើកលក់រាល់ថ្ងៃ ពីម៉ោង 09:00-19:00 ។
6-តាឡាតណាមធុងបួឈុន ( ตลาดน้ำทุ่งบัวชม )
មិនខុសគ្នាប៉ុន្មានទេ ជាផ្សារដែលលក់នូវគ្រឿងវត្ថុបុរាណសម្រាប់ទាំងលម្អគេហដ្ឋាន គ្រឿងសិល្បៈ វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ និងសម្ភារៈសម្រាប់បូជា..ជាដើម។ ផ្សារបណ្ដែតទឹកនេះមានទីតាំងនៅក្នុងស្រុក បាងណយ ក្រុងអយុធ្យា និងបើកលក់ជារឿងរាល់ថ្ងៃ ពីម៉ោង 09:00-20:00៕