លោក Unai Emery ប្រឈមមុខនឹងការដ៏ធំមួយ ក្នុងការសង្គ្រោះក្រុម Arsenal ចេញពីភាពត្រដាបត្រដួស ស្របពេលដែលក្រុមកាំភ្លើងធំមួយនេះ នឹងចាប់ផ្តើមរដូវកាលថ្មីនៃក្របខ័ណ្ឌ Premier League ដោយគ្មានលោក Arsene Wenger ជាអ្នកចាត់ការទូទៅរបស់ពួកគេជាលើកទី១ក្នុងរយៈពេល២២ឆ្នាំ។ លោក Emery ត្រូវបានជួលឲ្យជំនួសកន្លែងរបស់លោក Wenger ក្រោយពីការចាកចេញរបស់គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ នៅចុងរដូវកាលមុន ដែលបានបញ្ចប់ដោយក្រុម Arsenal ស្ថិតក្នុងចំណាត់ថ្នាក់លេខ៦នៅលើតារាងក្របខ័ណ្ឌ Premier League។
ការប្រកួតបើករដូវកាលនៃក្របខ័ណ្ឌ Premier League របស់ Arsenal ជាមួយនឹងក្រុមម្ចាស់ជើងឯក Manchester City នៅថ្ងៃអាទិត្យនេះ នឹងផ្តល់នូវការចាប់អារម្មណ៍ទៅលើកម្រិតដែលលោក Emery នឹងព្យាយាមជួសជុល និងបោសសម្អាតបញ្ហាផ្សេងៗដែលត្រូវបានបន្សល់ទុកដោយលោក Wenger នាកីឡដ្ឋាន Emirates។
ក្រុម Arsenal បានស្ថិតក្នុងភាពត្រដាបត្រដួសជាច្រើនឆ្នាំមកហើយ ហើយស្របពេលដែលលោក Wenger មិនមានសមត្ថភាពក្នុងការលុបចោលភាពអវិជ្ជមាន ទីបំផុតលោក Stan Kroenke ដែលជាម្ចាស់ក្លិប បានចែកផ្លូវជាមួយនឹងអ្នកចាត់ការទូទៅដ៏ជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិបខ្លួន បើទោះបីគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ ចង់បន្តដឹកនាំក៏ដោយ។
ការបញ្ចប់ដោយដេញតាមពីក្រោយក្រុម Man City ចំនួន៣៧ពិន្ទុ គឺជាការបញ្ចប់ដ៏ខកចិត្តមួយសម្រាប់រដូវកាលចុងក្រោយរបស់លោក Wenger ដែលជាយុទ្ធនាការដ៏ជ្រួលច្របល់ ក្នុងនោះក៏មានការតវ៉ាយ៉ាងខឹងសម្បាប្រឆាំងនឹងអ្នកចាត់ការទូទៅរូបនេះ ពីសំណាក់អ្នកគាំទ្រដែលអស់សង្ឃឹមផងដែរ៕
ប្រភពពី៖ Channel News Asia