កាលពីប៉ុន្មានម៉ោងមុននេះ រាជ្ជនីចិត្តធម៌ ដេននី ក្វាន់ បង្កភាពភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងខ្លាំង ដោយនាងបានប្រកាសតាមរយៈការ Live Video លក់ផលិតផលថែរក្សាសម្ផស្សរបស់ខ្លួនថា នាងកំពុងតាំងគភ៌មួយខែជាងមកហើយ ជាមួយនឹងគូស្នេហ៍មាឌធំដែលអ្នកជំនួញលក់រថយន្ដ ទាំងដែលខ្លួនមិនទាន់រៀបការ ក្រាបក្បាលដល់កន្ទេលផងនោះ។
ពិតជាភ្ញាក់ផ្អើលណាស់ ខណៈ ដេននី ក្វាន់ បានធ្វើការនូវ Live Video ហើយថែមទាំងនិយាយលាតត្រដាងថា ខ្លួនមានផ្ទៃពោះជាងមួយខែបែបនេះ។ ទន្ទឹមនឹងនេះដែរ ក្នុងនោះក៏មានការសាកសួរ អំពីការរៀបការ កញ្ញា ដេននី ក្វាន់ បាននិយាយថា នាងមិនទាន់គិតគូរដល់រឿងរៀបការនៅឡើយទេ ប៉ុន្តែចង់រកស៊ីមានបានជាងហ្នឹងសិន បើទោះបីជាមានការរិះគន់ថា នាងមានផ្ទៃពោះមុនពេលរៀបការក្ដី ក៏នាងមិនខ្វល់ដែរ។ នាងបន្តថា រៀបការគឺនៅតែរៀបការហើយ គ្រាន់តែចង់រកស៊ីឱ្យមានបានជាងនេះសិន។
គួរបញ្ជាក់ផងដែរថា ស្របការលាតត្រដាងការពិតរបស់ខ្លួនបែបនេះ មានមហាជនជាច្រើនបានធ្វើការរិះគន់ចំពោះទង្វើរបស់នាង ព្រោះគេមើលឃើញថា មិនសមស្របតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ក៏ប៉ុន្ដែមានមតិមួយចំនួនទៀតយល់ឃើញថា សម័យនេះហើយរកស៊ីឱ្យមានបានជារឿងសំខាន់ជាង៕