ឡារ៉ែន សូមណែនាំកន្លែងដើរកម្សាន្តល្បីៗនៅក្នុងប្រទេសជិតខាងរបស់យើងដូចជា ប្រទេសថៃ ប្រទេសវៀតណាម និងឡាវជាដើម។
1. ប្រទេសថៃ
បើមិត្តអ្នកអានចង់ទៅលេងនៅប្រទេសថៃ កុំភ្លេចទៅងូតទឹកសមុទ្រនៅហួហ៊ីន (Hua Hin) ព្រោះទីនោះគឺជាទឹកដីដ៏ស្រស់សោភារបស់ប្រទេស ថៃ ហើយក៏ជាឋានសួគ៌សម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិដែរ។ ហួហ៊ីន ជាតំបន់ទេសចរណ៍បែបធម្មជាតិ ដែលស្ថិតនៅក្នុងខេត្ត ប្រាក់ជួបគីរីខាន (Prachap Khiri Khan) នៅទីនោះអ្នកអាចរកឃើញនូវភាពរីករាយថ្មីៗ ដែលអ្នកមិនធ្លាប់ជួបពីមុនមកដូចជា Resort ដ៏ស្រស់សោភាអណ្តែតពីលើផ្ទៃទឹកសមុទ្រអាកាសធាតុដ៏ល្អ និងខ្យល់បរិសុទ្ធពីសមុទ្រធំល្វឹងល្វើយ រីករាយជាមួយនឹងការជិះសេះលេងតាមឆ្នេរសមុទ្រ បង្ហោះខ្លែង ជិះម៉ូតូទឹក ជិះស្គីលើទឹក ជិះទូកវែង និងការភ្លក់រសជាតិអាហារប្លែកៗជាដើម។ ក្រៅពីនេះ អ្នកអាចបង្ហួសទៅលេងព្រះបរមរាជវាំង ប្រាសាទចំណាស់ៗ ស្ថានីយរថភ្លើង ជិះដំរី និងសួនសត្វជាដើម តាមរយៈការជួលរថយន្តតាក់ស៊ី ឡានក្រុង ទូក រថភ្លើង ឬយន្តហោះក៏បាន។
2. ប្រទេសវៀតណាម
ដាឡាត់គឺជាទីក្រុងដ៏រ៉ូមែនទិក និងពោរពេញដោយសន្តិភាព ស្ថិតនៅក្នុងតំបន់ ឡាងប៊ែង (Langbiang) ប្រទេសវៀតណាម។ នៅទឹកដី ដាឡាត់មានកន្លែងទេសចរណ៍ដ៏ទាក់ទាញជាច្រើនដូចជា ស្ថានីយ៍រថភ្លើង ផ្ទះសំណាក់ហាងង៉ា (Hang Nga) និងកន្លែងកម្សាន្ត Crazy house ដែលភាគច្រើនជាស្នាដៃតាមបែបបារាំង។ ទីក្រុងដាឡាត់ក៏អាចហៅថាជាទីក្រុងផ្កាផងដែរ ព្រោះវាជាទីកន្លែងដ៏ល្អបំផុតក្នុងការដាំផ្កា ហើយទីក្រុងនេះក៏ជាកន្លែងប្រជុំទៅដោយផ្កាចម្រុះពណ៌ ចម្រុះប្រភេទ និងជាកន្លែងប្រកួតសម្រស់ផ្កាជារៀងរាល់៤ឆ្នាំម្តងថែមទៀតផង។ ដាឡាត់ក៏នៅមានទីតាំងស្រស់ស្អាតជាច្រើនទៀតដូចជា បឹងសួនហ្វង (Xuan Houng) បឹងទុក្ខព្រួយ ជ្រលងស្នេហ៍ ភ្នំឡាងប៊ែង (Lang Biang) ទឹកធ្លាក់ប្រេន (Prenn) និងទឹកធ្លាក់ផុងហ្គ័រ (Pongour) ដែលជាទឹកធ្លាក់ធំជាងគេនៅក្នុងប្រទេសវៀតណាម។
3. ប្រទេសឡាវ
តំបន់ដែលអ្នកអាចចាត់ទុកថាជាទឹកដីស្រស់បំព្រង សម្បូរទៅដោយធនធានធម្មជាតិ ប្រវត្តិសាស្ត្រ និងវប្បធម៌ ស្ថិតនៅក្នុងទីក្រុង ហ្លួងប្រាបាង (Luang prabang) ប្រទេសឡាវ។ បើអ្នកជាមនុស្សម្នាក់ដែលចូលចិត្តធម្មជាតិ ធានាថាទីក្រុងមួយនេះពិតជាទីកន្លែងកម្សាន្ត ដែលត្រូវចិត្តអ្នកបំផុត។ ទីក្រុងហ្លួងប្រាបាង មិនមានអគារទំនើបៗទេ គឺមានតែផ្ទះដែលសង់តាមស្ថាបត្យកម្មបារាំង និងឥណ្ឌូចិន រួមជាមួយដងផ្លូវ ដែលមានភាពស្ងប់ស្ងាត់អមទៅដោយហាងកាហ្វេតាមដងផ្លូវជាច្រើន។ អ្នកទៅទស្សនានៅទីនោះមិនដែលរំលងទឹកជ្រោះ កួងស៊ី (Kuang Si) នោះទេ ព្រោះវាជាទីតាំងដ៏ទាក់ទាញបំផុតនៅក្នុងទឹកដី ហ្លួងប្រាបាង នេះ។ ទឹកជ្រោះដ៏ត្រជាក់ស្រេប អមជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រង និងស្នាមញញឹមយ៉ាងផ្អែមល្ហែមរបស់ប្រជាជននៅកួងស៊ី ធ្វើឱ្យដំណើរកម្សាន្តរបស់អ្នកកាន់តែមានន័យថែមទៀត៕