ដោយសម្លឹងឃើញពីសក្ដានុភាពរបស់តារាសិល្បៈកម្ពុជានាពេលបច្ចុប្បន្នកាន់តែមានសមត្ថភាពខ្ពស់ស្ទើរតែគ្រប់ជំនាញនោះ អ្នកនាងយុគ ចិន្ដា ពិធីការិនីរៀមច្បងនៅក្រុមហ៊ុន CBS ដែលមានស្ថានីយទូរទស្សន៍ CTN My TV និង CNC នៅពីក្រោយខ្នង បានកៀងគរតារាចម្រៀង 8 រូប និងក្រុមរាំចំនួន 2 ក្រុម ដើម្បីចូលមកក្នុងក្រុម TMS (Talent Managerment Service)។
ក្នុងនាមអ្នកនាងយុគ ចិន្ដា ជាអ្នកគ្រប់គ្រងផ្ទាល់របស់ក្រុម TMS អ្នកនាងបានលើកឡើងថា មូលហេតុបង្កើតក្រុមនេះឡើង គឺដោយសារតែអ្នកនាងសម្លឹងឃើញបច្ចុប្បន្នមានតារាសិល្បៈយើងមានសមត្ថភាពច្រើន ប៉ុន្ដែពួកគេពុំទាន់មានជម្រកណាមួយឱ្យបានច្បាស់លាស់ និងកក់ក្ដៅនៅឡើយ ដូច្នេះទើបក្នុងនាមនាងខ្ញុំជាអ្នកស្ថិតក្នុងរង្វង់សិល្បៈដូចគ្នាក៏មានគំនិតកៀងគរពួកគេទាំងនោះឱ្យចូលមកនៅក្នុងក្រុមតែមួយគឺ ក្រុម TMS ហ្នឹងឯង ។
អ្នកនាងបន្ដថា ដោយសារតែក្រុម TMS ស្ថិតនៅក្រោមចំណុះទូរទស្សន៍ចំនួនបី ដូច្នេះទើបយើងជឿជាក់ថា ពួកគាត់នឹងមានឱកាសទទួលបានការងារធ្វើកាន់តែច្រើនបន្ថែមទៀត គ្រាន់តែពួកគាត់ប្រឹងប្រែងបង្កើនសមត្ថភាពខ្លួនឯងឱ្យបានកាន់តែខ្លាំងប៉ុណ្ណោះ ទីផ្សារការងារនឹងមានកាន់តែធំមិនខាន។
ទោះជាយ៉ាងណាអ្នកនាងយុគ ចិន្ដា បានបន្ថែមទៀតថា៖ ”បើទោះជាយើងប្រមូលបានតារាចម្រៀងOriginal Song បានចំនួន 8 រូបដែលសុទ្ធតែជាអ្នកមានសមត្ថភាពខ្ពស់មែនក៏ដោយ ក៏ប៉ុន្ដែសមត្ថភាពគាត់ក៏ត្រូវតែមានការបង្ហាត់បង្ហាញពីអ្នកជំនាញជើងចាស់ដែលមានបទពិសោធបន្ថែមទៀតដែរ ទើបពួកគាត់អាចឈានទៅកាន់ទីផ្សារអន្ដរជាតិបាន”។
គួបញ្ជាក់ថា ដើម្បីចូលជាសមាជិករបស់ក្រុម TMS តារាសិល្បៈគ្រប់ជំនាញត្រូវមានសមត្ថភាពផ្ទាល់ខ្លួនណាមួយដែលលេចធ្លោ ដើម្បីឱ្យគេជឿជាក់ថា ពួកគាត់អាចមានទេពកោសល្យ និងគំនិតច្នៃប្រឌិតផ្ទាល់ខ្លួនបាន។ TMS និងទទួលបម្រើសេវាកម្មដល់ក្រុមហ៊ុននានាដែលត្រូវការតារាចម្រៀង តារាសម្ដែង និងអ្នករាំក្នុងគ្រប់កម្មវិធីផងដែរ៕
លោក ម៉ា ច័ន្ទបញ្ញា តារាចម្រៀងនៅក្នុងក្រុម TMS បានបញ្ជាក់ថា៖ ”ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែលបានចូលរួមក្នុងក្រុមមួយនេះ។ តាមពិតខ្ញុំមានសមត្ថភាពអាចធ្វើអ្វីបានច្រើនក្រៅពីការច្រៀង និងនិពន្ធបទថ្មីៗ ប៉ុន្ដែដោយសារកន្លងមកខ្ញុំគ្មានឱកាស ដូច្នេះការចូលមកនៅក្នុងក្រុមTMS នេះ គឺជារឿងមួយដែលត្រឹមត្រូវបំផុត ដោយសារតែខ្ញុំអាចមានឱកាសបញ្ចេញរាល់សមត្ថភាពដែលខ្ញុំមាន តាមរយៈស្ថានីយទូរទស្សន៍ចំនួនបីបាន”៕