រាជរដ្ឋាភិបាលកម្ពុជាបានទទួលហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB (The Asian Development Bank) ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ពាក់ព័ន្ធក្នុងតំបន់ឆ្នេរចំនួន3 គឺខេត្តកែប កំពត និងខេត្តកោះកុង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ការធ្វើដំណើរ និងទេសចរណ៍តាមច្រករបៀងទេសចរណ៍ភាគខាងត្បូង ថៃ-កម្ពុជា-វៀតណាម។
ពិធីសម្ពោធបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិបានប្រារព្ធនៅខេត្តកំពត កាលពីព្រឹកថ្ងៃទី8 ខែសីហា ឆ្នាំ2018 នៅឯទីតាំងកំពង់ផែអន្តរជាតិ ដែលស្ថិតក្នុងភូមិកំពង់ទ្រាក ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ។ កំពង់ផែដែលគ្រប់គ្នា ពិសេសប្រជាពលរដ្ឋខេត្តកំពតកំពុងទន្ទឹងរង់ចាំនោះ បានចាប់ផ្តើមសាងសង់ហើយ ដោយអ្នកចូលរួមបាននិយាយថា កំពង់ផែនេះនាពេលខាងមុខនឹងជំរុញការដឹកជញ្ជូនតាមផ្លូវសមុទ្រជាមួយវៀតណាម និងថៃ និងជំរុញឧស្សាហកម្មទេសចរណ៍ និងសេដ្ឋកិច្ចជាតិឱ្យកាន់តែសម្បូរបែបឡើង។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា កំពង់ផែទេសចរណ៍នេះកំពុងត្រូវបានសាងសង់ដោយប្រាក់កម្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីដែលត្រូវបានផ្តល់ជាថវិកាដើម្បីបង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសជិតខាង ព្រោះការដឹកជញ្ចូនតាមផ្លូវទឹកក៏ជាសេវាកម្មទេសចរណ៍មួយដែរ។ រដ្ឋាភិបាលបាន និងកំពុងផ្តោតលើការអភិវឌ្ឍផ្លូវទឹកទាំងនេះដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងតំបន់ឆ្នេរ និងច្រករបៀងទេសចរណ៍ភាគខាងត្បូង ដោយនឹងមានលទ្ធភាពផ្តល់សេវាកម្មដល់កប៉ាល់កម្សាន្តមកពីប្រទេសវៀតណាម និងថៃ។
យោងតាមរបាយការណ៍ក្រសួងទេសចរណ៍បានឱ្យដឹងថា នៅឆ្នាំ2017 ប្រទេសកម្ពុជាទទួលបានទេសចរអន្ដរជាតិជាង 5.6 លាននាក់កើនឡើង 11.8%ដែលរកចំណូលបានច្រើនជាង 3.6 ពាន់លានដុល្លារ (ជិត12%នៃផលិតផលក្នុងស្រុកសរុប) និងផ្តល់ការងារដោយផ្ទាល់ដល់មនុស្សជាង 650,000 នាក់។ ចំពោះតំបន់ទេសចរណ៍ឆ្នេរសមុទ្របានស្វាគមន៍ភ្ញៀវទេសចរចំនួន 3.2 លាននាក់ដោយមានភ្ញៀវទេសចរអន្តរជាតិមានចំនួន 740,000 នាក់កើនឡើង 20%។
ធនាគារអភិវឌ្ឍន៍អាស៊ីបានឱ្យដឹងថាកំពង់ផែទេសចរណ៍អន្តរជាតិនេះ ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំក្រោយ។ ដោយគ្របដណ្តប់ផ្ទៃដី 4ហិកតានៅស្រុកទឹកឈូ កំពង់ផែនេះនឹងអាចផ្ទុកឡានដឹកភ្ញៀវទេសចរដែលមានសមត្ថភាពផ្ទុកបានពី 200 ទៅ300នាក់។ កំពង់ផែនេះត្រូវបានគេរំពឹងថានឹងបម្រើភ្ញៀវទេសចរជាតិ និងអន្តរជាតិ 360.000នាក់ក្នុងមួយឆ្នាំនៅក្នុងឆ្នាំដំបូង និង442.000នាក់នៅឆ្នាំ2022។
តាមរបាយការណ៍របស់ លោក ជាវ តាយ អភិបាលខេត្តកំពត បានឱ្យដឹងថា ក្នុងរយៈពេល 6ខែ ឆ្នាំ2018 នេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរសរុបចំនួន 857,529នាក់ ក្នុងនោះភ្ញៀវអន្តរជាតិចំនួន92,718នាក់ ហើយខេត្តកំពតមានរមណីយដ្ឋានទេសចរណ៍ចំនួន 17កន្លែង សហគមន៍ទេសចរណ៍ចំនួន4គោលដៅទាក់ទង នឹងសេវាស្នាក់នៅចំនួន 220កន្លែង ស្មើនឹង 3,112បន្ទប់ និងសេវាម្ហូបអាហារចំនួន 127កន្លែង។ ជាមួយគ្នានេះ ខេត្តកំពតគឺជាសមាជិកក្លិបឆ្នេរសមុទ្រល្អបំផុតលើពិភពលោក ហើយក្រុងកំពតក៏ជាក្រុងដែលទទួលបានផ្ការំដួល 3ទង ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតកាលពីដើមឆ្នាំ2018នេះដែរ៕