កាលពីឆ្នាំ2014 ក្រុមហ៊ុន Facebook បានចំណាយលុយយ៉ាងច្រើនសន្ធឹករហូតដល់ 22ពាន់លានដុល្លារអាមេរិកទិញយកកូនកម្មវិធីជជែកកម្សាន្ត WhatsApp ក្នុងគោលបំណងទាញយកផលប្រយោជន៍ដើម្បីបង្កើនប្រាក់ចំណេញ។ ដូច្នេះសួរថា តើ Facebook រកលុយពី WhatsApp វិញតាមវិធីណា?
សារព័ត៌មាន Bloomberg បានចេញផ្សាយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន Facebook បានចាប់ផ្ដើមសាកល្បងដាក់បញ្ចូលផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួនចូលទៅក្នុងកម្មវិធី WhatsApp Chat ប៉ុន្តែចំពោះតម្លៃ និងការផ្សព្វផ្សាយត្រូវបាន គេបញ្ជាក់ថា ខុសប្លែកពីនៅលើ Facebook។
នៅមិនទាន់ឃើញមានផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគំរូឡើយ ប៉ុន្តែប្រភពខាងលើបានឱ្យដឹងថា នៅពេលនេះមានក្រុមហ៊ុនធំៗជាច្រើនបានចាប់អារម្មណ៍ និងបានចូលខ្លួនសាកល្បងការផ្សាយពាណិជ្ជកម្មនៅលើ WhatsApp ដោយក្នុងនោះមានប្រមាណជា 100ក្រុមហ៊ុន។
កាសែត The Wall Street Journal បានចេញផ្សាយថា បើសិនជា WhatsApp ចាប់ផ្ដើមរកចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្មមែននោះ គេជឿជាក់ថា លុយដែលទទួលបាននឹងមិនចាញ់ Facebook ប៉ុន្មានឡើយ ព្រោះថា នៅពេលនេះចំនួនអ្នកប្រើប្រាស់ប្រចាំថ្ងៃបានកើនឡើងដល់ជាង 1.5ពាន់លាននាក់ហើយ។
គួរបញ្ជាក់ផងដែរថា កាលពីខែកុម្ភៈ ឆ្នាំ2014 ក្រុមហ៊ុន Facebook បានទិញយក WhatsApp ខណៈដែលកម្មវិធីនេះមានមនុស្សធ្វើការតែ 6នាក់ និងមានអ្នកប្រើមិនដល់ 1លាននាក់ផង ប៉ុន្តែមកដល់ពេលនេះ WhatsApp មានបុគ្គលិក 50នាក់ និងមានអ្នកប្រើជាង 1.5ពាន់លាននាក់៕