យោងតាមធនាគារអភិវឌ្ឍន៍ជនបទ ឬ RDB (Rulral Development Bank of Cambodia)ដែលជាអ្នកទទួលខុសត្រូវក្នុងការផ្តល់ប្រាក់កម្ចីនេះបានបង្ហាញថា អ្នកកិនស្រូវដែលត្រូវការដើមទុនអាចដាក់ពាក្យស្នើសុំប្រាក់កម្ចីសម្រាប់វិស័យស្រូវអង្ករមករដ្ឋាភិបាលបានតាមរយៈ RDB។ ប្រាក់កម្ចីនេះគឺជាផ្នែកមួយនៃយន្តការផ្តល់ប្រាក់កម្ចីដែលបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលកាលពីឆ្នាំ2016 ដើម្បីជួយដល់រោងម៉ាស៊ីនកិនស្រូវដែលមានលទ្ធភាពទិញស្រូវពីកសិករ និងរក្សាតម្លៃនៃទំនិញថេរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ RDB បានអំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវដែលមានការចាប់អារម្មណ៍ក្នុងការទទួលបានឥណទានបន្ថែមសម្រាប់រដូវប្រមូលផលនាពេលខាងមុខមកដាក់ពាក្យស្នើសុំឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នៅពេលដែលតម្រូវការប្រាក់កម្ចីសង្គ្រោះបន្ទាន់សម្រាប់ឆ្នាំនេះត្រូវបានរំពឹងថា នឹងកើនឡើង បន្ទាប់ពីមានការ-សាងសង់កន្លែងស្តុកស្រូវឡើងជាបន្តបន្ទាប់នោះត្រូវបានដាក់ឱ្យដំណើរការ។
លោក កៅ ថាច ប្រធាននាយកប្រតិបត្តិរបស់ RDB បាននិយាយថា៖ “រដូវកាលនេះយើងមានឡសម្ងួតស្រូវ និងឃ្លាំងស្តុកថ្មីសម្រាប់ក្រុមហ៊ុនមួយចំនួនដែលធ្វើសកម្មភាពក្នុងវិស័យស្រូវអង្ករ ដូច្នេះក្រុមហ៊ុនទាំងនោះនឹងមានតម្រូវការប្រាក់កម្ចីសម្រាប់ការប្រមូលផលស្រូវ ដែលមានន័យថា ការប្រមូលផលស្រូវស្តុកនឹងមានសមត្ថភាពផ្ទុកក្នុងកម្រិតខ្ពស់”។
លោក សុង សារ៉ន នាយកប្រតិបត្តិក្រុមហ៊ុនអេមរូរ៉ៃស៍ (Amru Rice) បានប្រាប់កាសែតឡារ៉ែនពាណិជ្ជថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោកកំពុងត្រៀមលក្ខណៈ និងរៀបផែនការក្នុងការស្នើសុំកម្ចីជាថ្មីនៅឆ្នាំនេះដើម្បីទិញស្រូវចំនួន 1សែនតោន។ ដោយហេតុថា ក្រុមហ៊ុនលោកធ្លាប់បានទទួលប្រាក់កម្ចី5លានដុល្លារក្នុងកម្មវិធីនេះកាលពីឆ្នាំមុនដើម្បីសាង-សង់ឃ្លាំងស្តុក និងឡសម្ងួតស្រូវនៅក្នុងខេត្ដកំពង់ធំរួចមកហើយ។
លោកបានបញ្ជាក់ថា ការត្រៀមលក្ខណៈនេះ ដោយសារតែយើងចាប់ផ្តើមគម្រោងពីខែសីហាដល់ខែធ្នូ ដោយក្នុង1ខែនឹងប្រមូលផលស្រូវឱ្យបាន 2ម៉ឺនតោន។ ដោយបច្ចុប្បន្នលោកបានប្រើប្រាស់លុយរបស់ក្រុមហ៊ុនផ្ទាល់សិន រហូតដល់ខែសីហានឹងចាប់ផ្តើមប្រើប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍ជនបទដែលធនាគារក៏បានប្រកាសផ្តល់ប្រាក់កម្ចីរួចជាស្រេចហើយដល់ក្រុមហ៊ុនណាដែលត្រូវការ ។
លោកបន្តថា យើងក៏បានត្រៀមលក្ខណៈដែរថាតំបន់ណាដែលយើងត្រូវប្រមូលដើម្បីឱ្យបានសម្រេចគោលដៅចំនួន 10ម៉ឺនតោនក្នុងខែធ្នូ ដោយចាប់ផ្តើមពីខែសីហានេះទៅ យើងនឹងដឹងថាចំនួនប៉ុន្មានដែលយើងត្រូវខ្ចី។ ចំណែកអត្រាការប្រាក់ដែល RDB បានយកពីក្រុមហ៊ុនវិញ ជាទូទៅគឺចំនួន 5%។
លោក សារ៉ន មានប្រសាសន៍បន្ថែមទៀតថា កម្មវិធីកម្ចីសង្គ្រោះបន្ទាន់បានបង្ហាញថា ជាគម្រោងមានប្រយោជន៍សម្រាប់ក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យស្រូវអង្ករនៅទូទាំងប្រទេស។ សម្រាប់ក្រុមហ៊ុនលោក ការប្រមូលទិញនឹងចាប់ផ្តើមពីសហគមន៍ចំនួន 10 ដែលប្រជាកសិករទាំងនោះមានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន បន្ទាប់មកទើបយើងទទួលទិញពីប្រជាពលរដ្ឋដែលពុំទាន់បានចុះកិច្ចព្រមព្រៀង។
កាលពីឆ្នាំមុន កន្លែងស្តុកអង្ករជាច្រើនត្រូវបានសាងសង់នៅក្នុងខេត្តផលិតស្រូវសំខាន់ៗរបស់ប្រទេស ដោយក្រុមហ៊ុនឯកជនបានប្រើប្រាក់កម្ចីសង្គ្រោះបន្ទាន់ដែលរដ្ឋាភិបាលបានផ្តល់ឱ្យចំនួន 15 លានដុល្លាដើម្បីសាងសង់កន្លែងស្តុកស្រូវ។
ឆ្នាំ2016 គឺជាឆ្នាំដំបូងដែលមូលនិធិសង្គ្រោះបន្ទាន់ត្រូវបានគេរកឃើញថា ប្រាក់កម្ចីចំនួន 27លានដុល្លារត្រូវបានចំណាយ។ នៅឆ្នាំ2017 មូលនិធិនេះត្រូវបានពង្រីកដល់ 50លានដុល្លារ ប៉ុន្តែមានតែ 36លានដុល្លារប៉ុណ្ណោះត្រូវបានផ្តល់ឱ្យ៕