កីឡាករវាយកូនបាល់ StefanosTsitsipas បានបង្កើតការភ្ញាក់ផ្អើលក្នុងយុទ្ធនាការ Toronto Masters កាលពីថ្ងៃព្រហស្បតិ៍ តាមរយៈការយកឈ្នះលើកីឡាករ Novak Djokovic ដែលជាម្ចាស់ជើងឯក Wimbledon ក្នុងលទ្ធផល 6-3, 6-7 (5/7) និង6-3 ដើម្បីឈានទៅវគ្គ 8នាក់ចុងក្រោយ។
កីឡាករវ័យក្មេងសញ្ជាតិក្រិកដែលទើបតែឈានចូលវ័យ 20ឆ្នាំកាលពីថ្ងៃអាទិត្យរូបនេះ បានយកឈ្នះលើម្ចាស់ជើងឯក 4សម័យកាល Djokovic ដែលមានចំណាត់ថ្នាក់លេខ9 ប្រចាំព្រឹត្តិការណ៍ក្នុងការជួបគ្នាជាលើកទី1 រវាងកីឡាករទាំង2 ក្រោយពីបានផ្តួលកីឡាករចំណាត់ថ្នាក់លេខ7ប្រចាំព្រឹត្តិការណ៍គឺ Dominic Thiem។
Tsitsipas បានឱ្យដឹងថា៖ «នេះគឺជាការប្រកួតដ៏ល្អបំផុតក្នុងអាជីពរបសខ្ញុំ។ ខ្ញុំបានដឹងថា ខ្ញុំលេងបានយ៉ាងល្អនៅថ្ងៃនេះ។ ការរងបរាជ័យក្នុងការប្រកួតសិតទី2 វាពិតជាលំបាកក្នុងការដោះស្រាយខ្លាំងណាស់។ ខ្ញុំមានឱកាសរបស់ខ្ញុំជាច្រើន និងមិនបានប្រើប្រាស់ឱកាសទាំងនោះសោះ»។
កីឡាករវ័យក្មេងរូបនេះបានបន្ថែមទៀតថា៖ «ប៉ុន្តែ ខ្ញុំនៅតែស្ថិតក្នុងអារម្មណ៍ស្ងប់ ខ្ញុំបានព្យាយាមធ្វើរឿងដែលខ្ញុំមិនធ្លាប់បានសាកល្បងធ្វើកាលពីមុន។ ការប្រកួតនៅសិតទី3 គឺជាចំណុចកាត់សេចក្តី។ វាបានធ្វើឱ្យខ្ញុំទទួលជ័យជម្នះ»។ Tsitsipas ដែលមានចំណាត់ថ្នាក់លេខ27 ក្នុងពិភពលោក បានចំណាយពេលត្រឹមតែ 2ម៉ោងប៉ុណ្ណោះដើម្បីឈានទៅវគ្គ1/4ផ្តាច់ព្រ័ត្រជាលើកទី1 នៃអាជីពរបស់គេ ក្នុងព្រឹត្តិការណ៍ Masters លើកទី1000 នេះ៕
ប្រភពពី៖ Channel News Asia