នារីៗទាំងអស់ពិតជាពេញចិត្តជាមួយនឹងរសជាតិនៃភេសជ្ជៈក្រឡុក ដែលផ្សំឡើងពីផ្លែស្ត្រូប៊ឺរី និងផ្លែចេកស្រស់ ប្រចាំនៅភោជនីយដ្ឋាន Elephant Sky Bar ស្ថិតនៅជាន់ទី7 នៃសណ្ឋាគារ Patio Hotel & Urban Resort ដែលមានទីតាំងស្ថិតនៅអគារលេខ134Z ផ្លូវប៉ាស្ទើ (ផ្លូវលេខ51)សង្កាត់បឹងកេងកង1 ខណ្ឌចំការមនរាជធានីភ្នំពេញ ជាមួយនឹងរសជាតិបែបស្រទន់ និងមិនមានជាតិអាល់កុល គឺពិត-ជាស័ក្តិសមសម្រាប់សុភាពរីនាយើងណាស់។ ដូច្នេះ សូមរីករាយជាមួយនឹងគ្រឿងផ្សំ និងរបៀបក្រឡុក ដែលណែនាំដោយ លោក ជីម ឈឿន Bar Captain នៃភោជនីយដ្ឋាន Elephant Sky Bar ដូចខាងក្រោមនេះ។
គ្រឿងផ្សំ
• ផ្លែស្ត្រូប៊ឺរី 30g
• ផ្លែចេកអំបូង 120g / មួយផ្លែ
• ទឹកសីុរ៉ូរសជាតិស្ត្រូប៊ឺរី 20ml
• ទឹកដោះគោស្រស់ 50ml
• ទឹកឃ្មុំ 20g
• ទឹកកក 1វែកចូកតូច
វិធីធ្វើ
ដំបូងត្រូវយកផ្លែស្ត្រូប៊ឺរីទៅក្លាស្សេឱ្យកកសិន រួចយកមកចិតដាក់ចូលក្នុងម៉ាសីុនក្រឡុក រួចបន្តដោយបកផ្លែចេកអំបូង1ផ្លែចិតជាចំណិតតូចៗដាក់ចូលក្នុងម៉ាសីុនក្រឡុកហើយចាក់ទឹកសីុរ៉ូរសជាតិស្ត្រូប៊ឺរី ទឹកដោះគោស្រស់ ទឹកឃ្មុំ និងជាចុងក្រោយដួសទឹកកក1វែកចូកតូចដាក់ចូលក្នុងម៉ាសីុន រួចក្រឡុកឱ្យម៉ដ្ឋចូលគ្នា។ បន្ទាប់មកចាក់ទឹកក្រឡុកនោះចូលទៅក្នុងកែវដែលមានរូបរាងទ្រវែងទើបមើលទៅស្រស់ស្អាត និងទាក់ទាញរួចលម្អដោយចំណិតចេកនៅលើមាត់កែវ ដើម្បីផ្តល់នូវសម្រស់ដល់ភេសជ្ជៈឱ្យកាន់តែគួរឱ្យចង់ទទួលទានឡើងជាការស្រេច៕