ក្លិបតោខៀវ Chelsea បានបំបែកកំណត់ត្រាពិភពលោកសម្រាប់តម្លៃខ្លួនអ្នកចាំទីម្នាក់ តាមរយៈការចុះហត្ថលេខាជាមួយនឹងកីឡាករ KepaArrizabalaga ពីក្លិប Athletic Bilbao ក្នុងតម្លៃខ្លួន 71.6លានផោន (ស្មើនឹង 92.9លានដុល្លារអាមេរិក) ក្នុងកិច្ចសន្យារយៈពេល 7ឆ្នាំ។
អ្នកចាំទីវ័យ 23ឆ្នាំរូបនេះ ធ្វើដំណើរទៅដល់ទីក្រុងឡុងដ៍ នៅល្ងាចនៃថ្ងៃដែលអ្នកចាំទី Thibaut Courtois ចាកចេញពីកីឡដ្ឋាន Stamford Bridge ដែរ ខណៈដែលអ្នកចាំទីអន្តរជាតិបែលហ្ស៊ិករូបនេះ នឹងត្រូវបង្ហាញខ្លួននៅឯក្លិប Real Madrid នៅល្ងាចថ្ងៃដដែល ក្រោយពីរូបគេទទួលការពិនិត្យសុខភាពរួចរាល់។
ក្រោយពីបានចំណាយប្រាក់ទិញរំលាយកិច្ចសន្យារបស់ Kepa ជាមួយនឹងក្លិប Bilbao កាលពីថ្ងៃពុធ ការផ្ទេរក្នុងតម្លៃខ្លួន 71.6លានផោនរបស់ Chelsea នឹងបំបែកកំណត់ត្រានៃការផ្ទេរក្នុងតម្លៃខ្លួនសម្រាប់អ្នកចាំទីម្នាក់ចំនួន 67លានផោន ដែលក្លិប Liverpool បានចំណាយដើម្បីទិញយក Alisson Becker ពីក្លិប Roma កាលពីខែមុន។ Kepa នឹងហ្វឹកហាត់ជាមួយនឹងមិត្តរួមក្រុមថ្មីរបស់គេជាលើកទី1 នៅថ្ងៃព្រហស្បតិ៍នេះ ហើយនិងចូលលេងសម្រាប់ការប្រកួតបើករដូវកាលនៃក្របខ័ណ្ឌ Premier League របស់ពួកគេនៅលើទឹកដីក្រុម Huddersfield នៅថ្ងៃសៅរ៍នេះ។
Kepaបានឱ្យដឹងថា៖ «វាជាការសម្រេចចិត្តដ៏សំខាន់មួយសម្រាប់ខ្ញុំ សម្រាប់អាជីពរបស់ខ្ញុំ និងសម្រាប់ជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ។ កត្តាជាច្រើនបានទាក់ទាញខ្ញុំមកកាន់ក្លិបនេះ ដូចជារាល់ពានដែលក្លិបនេះបានឈ្នះ កីឡាករផ្សេងទៀត ទីក្រុងនេះ និងក្របខ័ណ្ឌអង់គ្លេស Premier League»។
Kepa បានបង្ហាញខ្លួនចំនួន 30លើកសម្រាប់ក្លិប Athletic ក្នុងការប្រកួតក្របខ័ណ្ឌ La Ligaកាលពីរដូវកាលមុន ដោយការពារមិនឱ្យមានគ្រាប់បាល់ចូលទីរបស់ខ្លួន 7លើក ខណៈដែលទម្រង់លេងដ៏ល្អរបស់គេបានជួយឱ្យរូបគេទទួលបានការកោះហៅឱ្យចូលរួមក្នុងក្រុមជម្រើសជាតិអេស្ប៉ាញសម្រាប់ World Cup ក្រោយពីបានបង្ហាញខ្លួនជាអន្តរជាតិជាលើកទី1 របស់គេកាលពីខែវិច្ឆិកា៕
ប្រភពពី៖ Sky Sports