នៅក្នុងយុគសម័យថ្មីនេះ ការបង្កើតមនុស្សយន្ដ (Robot) ដើម្បីសម្តែងក្នុងខ្សែភាពយន្ដ បានកើតឡើងជាច្រើន តែទីបំផុតតួអង្គ Rambo ដ៏ល្បីល្បាញបានវិលត្រឡប់មកវិញនៅក្នុងខ្សែភាពយន្តថ្មីដូចគ្នា តែមិនមែនជាវណ្ណកម្មរបស់ខាងក្រុមហ៊ុន ហូលីវូដ នោះទេ។
ពិភពភាពយន្ត Bollywood ដ៏ល្បីល្បាញរបស់ប្រទេសឥណ្ឌានឹងនាំយកខ្សែភាពយន្ដរឿងបាញ់ប្រហារដ៏ល្បីគឺរឿង Rambo ដែលធ្លាប់បានផលិតកាលពី ៣៥ ឆ្នាំមុន មកផលិតជាថ្មីម្ដងទៀត ដោយមានវត្តមានតារាសម្ដែងល្បីដូចជាលោក Tiger Shroff មកសម្ដែងជាតួអង្គ Rambo ដែលគ្រោងនឹងដាក់បញ្ចាំងនៅឆ្នាំ ២០១៨ ខាងមុខនេះ។ នៅក្នុងសាច់រឿងរបស់ខ្សែភាពយន្តផលិតជាថ្មីដោយក្រុមហ៊ុន Bollywood ដ៏ល្បីល្បាញរបស់ឥណ្ឌាមួយនេះគឺ តួឯកជាអ្នករួចជីវិតចេញពីការជួយកងប្រតិបត្តិការសម្ងាត់របស់ឥណ្ឌា នៅពេលដែលលោកបានត្រឡប់មកផ្ទះវិញ ស្រាប់តែបានឃើញហេតុការណ៍នៅក្នុងស្រុកកំណើតរបស់ខ្លួនធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាម ហើយលោកក៏ត្រូវរត់គេចទៅលាក់ខ្លួននៅក្នុងព្រៃជ្រៅប្រកបដោយគ្រោះថ្នាក់បំផុត គឺនៅលើភ្នំ ហ៊ីម៉ាឡាយ៉ា ព្រមទាំងប្រើយុទ្ធសាស្ដ្រដែលធ្លាប់បានហ្វឹកហាត់ ដើម្បីកម្ចាត់ និងការពារប្រជាជនពីពួកសត្រូវឈ្លានពាន។
គួរបញ្ជាក់ផងដែរថា តារាឯកប្រុសខាងលើបានថ្លែងក្នុងការផ្ដល់បទសម្ភាសជាមួយសារព័ត៌មានកម្សាន្តរបស់ឥណ្ឌាថា “ការដែលបានចូលរួមចំណែកសម្ដែងជាតួឯកក្នុងរឿងល្បីមួយ ដែលធ្លាប់បានមើលតាំងតែពីនៅក្មេងនោះ វាហាក់ដូចជាក្ដីសុបិនដ៏ធំមួយអ៊ីចឹង និងមានអារម្មណ៍ថាជាកិត្តិយសខ្លាំងណាស់ដែលបានទទួលឱកាសសម្តែងលើកនេះ ហើយខ្ញុំក៏ជឿថា ខ្ញុំត្រូវតែមានទំនុកចិត្តលើខ្លួនឯងដើម្បីសម្ដែងចេញមកឱ្យបានល្អបំផុត ប៉ុន្ដែខ្ញុំមិនបានរំពឹងគិតថា នឹងជំនួសតំណែងលោក Sylvester Stalone បាននោះឡើយ“។
គួររំលឹកបន្តិចដែរថា លោក Tiger Shroff គឺកូនប្រុសបង្កើតរបស់តារាសម្ដែងឥណ្ឌាជើងចាស់ លោក Jackie Shroff ហើយលោកបានទទួលភាពល្បីល្បាញនៅក្នុងខ្សែភាពយន្តរឿងដំបូងរបស់លោកដែលមានចំណងជើងថា Heropanit កាលពីឆ្នាំ ២០១៤ ថែមទាំងទទួលបានពានរង្វាន់តារាសម្ដែងឆ្នើមនៅក្នុងកម្មវិធី Filmfare Award កាលពីឆ្នាំ២០១៦ ដែលបានធ្វើឱ្យលោកមានកេរ្ដិ៍ឈ្មោះល្បីល្បាញពេញសកលលោកផងដែរ៕