ក្លិបតោខៀវ Chelsea បានប្រកាសថា ពួកគេបានឈានដល់ការព្រមព្រៀងគ្នាមួយជាមួយនឹងក្លិប Real Madrid សម្រាប់ការផ្ទេរអ្នកចាំទី Thibaut Courtois ក្នុងតម្លៃខ្លួន 35លានអឺរ៉ូ (ស្មើនឹង 40.7លានដុល្លារអាមេរិក)ហើយ។
Courtois នឹងចុះហត្ថលេខារយៈពេល 6ឆ្នាំនៅឯកីឡដ្ឋាន Bernabeu ដោយរង់ចាំតែការយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួន និងឆ្លងកាត់ការពិនិត្យសុខភាពតែប៉ុណ្ណោះ។ ខ្សែបម្រើអន្តរជាតិក្រូអាស៊ី Mateo Kovacic ក៏នឹងចូលរួមជាមួយនឹង Chelsea ដែរក្នុងកិច្ចសន្យាខ្ចីជើងពីក្លិប Real Madrid រយៈពេល 1រដូវកាល ក្នុងនាមជាផ្នែកមួយនៃការផ្ទេរនេះ។
Chelsea បានឱ្យដឹងនៅលើបណ្តាញសង្គម Twitter ថា៖ «នៅរាត្រីនេះ យើងបានយល់ព្រមលើលក្ខខណ្ឌផ្សេងៗជាមួយនឹងក្លិប Real Madrid សម្រាប់ការផ្ទេររបស់ Thibaut Courtois ដែលរង់ចាំតែការយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួន និងការពិនិត្យសុខភាពប៉ុណ្ណោះ។
ក្នុងផ្នែកមួយនៃការផ្ទេរនេះ ខ្សែបម្រើ Mateo Kovacic ក៏នឹងចូលរួមជាមួយនឹងក្លិប Chelsea ក្នុងលក្ខខណ្ឌខ្ចីជើងពេញ 1រដូវកាលដែរ»។ ក្លិប Real Madrid បានប្រកាសថា Courtois នឹងទទួលការពិនិត្យសុខភាពនៅថ្ងៃព្រហស្បតិ៍នេះ នៅមុនពេលបង្ហាញខ្លួនទៅកាន់អ្នកគាំទ្រនៅកីឡដ្ឋាន Bernabeu។
Courtois បានលេងការប្រកួតចំនួន 154លើកសម្រាប់ Chelsea ក្រោយពីផ្ទេរទៅកាន់កីឡដ្ឋាន Stamford Bridge កាលពីឆ្នាំ2011 ដោយបានការពារមិនឱ្យមានគ្រាប់បាល់ចូលទីរបស់ខ្លួនចំនួន 58លើក។ រូបគេបានចំណាយពេលអស់ 3ឆ្នាំក្នុងនាមជាកីឡាករកម្ចីនៅឯក្លិប Atletico Madrid ចាប់ពីរដូវកាលឆ្នាំ2011 ដល់2014៕
ប្រភពពី៖ Sky Sports